នៅក្នុងបទសម្ភាសន៍ក្រៅផ្លូវការមួយអំឡុងពេលចូលរួមពិព័រណ៍ Thaifex Anuga Asia 2026 នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគូល បានលើកឡើងថា ផែនទីសម័យអាណានិគមដែលកម្ពុជាបានប្រើប្រាស់ ដើម្បីបង្ហាញពីភាពស្របច្បាប់ នៃខ្សែបន្ទាត់ព្រំដែននោះលែងមានតម្លៃគតិយុត្តិសម្រាប់រដ្ឋបាលថៃទៀតហើយ។ ការលើកឡើងបែបនេះរបស់នាយករដ្ឋមន្ត្រីថៃ ប្រៀបបានទះកំផ្លៀងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាកុ្រង ដែលលោកទើបបានជួបពិភាក្សាក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅបារាំងកាលពីពេលថ្មីៗនេះ។
បើយោងតាមការចុះផ្សាយរបស់កាសែត The Nation គោលបំណងចម្បងនៃបេសកកម្មរបស់លោក អានុទីន ទៅកាន់ប្រទេសបារាំង គឺដើម្បីបំភ្លឺនូវអ្វីដែលលោកហៅថាការយល់ច្រឡំរបស់អន្តរជាតិទាក់ទងនឹងព្រំដែនប្រទេសថៃ និងដើម្បីដោះស្រាយបញ្ហាប្រឈមចុងក្រោយនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ ជាពិតមកទល់ពេលនេះបញ្ហាស្នូលនៃជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ គឺស្ថិតលើការខ្វែងគំនិតគ្នាលើការប្រើប្រាស់ផែនទីសម្រាប់កំណត់ខណ្ឌសីមា។
ក្នុងនោះកម្ពុជាបានប្រកាន់គោលជំហរយ៉ាងម៉ឺងម៉ាត់ដោយយកតាមផែនទីសម័យអាណានិគមបារាំងមាត្រដ្ឋាន១/២០០,០០០ ដែលជាផែនទីទទួលបានការទទួលស្គាល់ពីសហគមន៍អន្តរជាតិ និងថែមទាំងត្រូវបានទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ផងដែរ។ ផែនទីខ្នាតនេះនៅតែជាឯកសារប្រវត្តិសាស្ត្រ និងជាភស្តុតាងច្បាប់ដ៏រឹងមាំនៅក្នុងប្រព័ន្ធច្បាប់អន្តរជាតិ។ ប៉ុន្តែអ្វីដែលហួសចិត្តរដ្ឋាភិបាលថៃបែរជាចង់ប្រើប្រាស់ផែនទីដែលគូសដោយឯកតោភាគី ដែលគ្មានការទទួលស្គាល់ជាអន្តរជាតិក្នុងការកំណត់ព្រំដែនជាមួយកម្ពុជាទៅវិញ។ ជាមួយគ្នានេះប្រសិនបើភាគីថៃមិនមានឯកសារនេះទេ ពួកគេអាចស្វែងរកពីបណ្តាស្ថាប័នអន្តរជាតិដែលតម្កល់ទុកដូចជាអង្គការសហប្រជាជាតិជាដើម។
ការដែលនាយករដ្ឋមន្ត្រីថៃអះអាងថា ខ្លួនលែងទទួលស្គាល់ ឬលែងមានផែនទីមាត្រដ្ឋាន១/២០០,០០០ គឺជាបញ្ហាផ្ទៃក្នុងរបស់ថៃ ហើយការដែលថៃប្តូរមកប្រើប្រាស់ផែនទីមាត្រដ្ឋាន១/៥០,០០០វិញនោះ ក៏ជារឿងរបស់ថៃដែរ ប៉ុន្តែមិនអាចយកមកឡូកឡំ ឬជំនួសផែនទី ដែលសហគមន៍អន្តរជាតិទទួលស្គាល់ឡើយ។ កន្លងមកថៃធ្លាប់បានទទួលស្គាល់ និងយល់ព្រមគោរពតាមផែនទីមាត្រដ្ឋាន១/២០០,០០០នេះជាបន្តបន្ទាប់រួចមកហើយ ហេតុដូច្នេះវាមិនសមហេតុផលទាល់តែសោះ ដែលនៅសុខៗបែរជាថៃប្រែយកផែនទីដែលគ្មានការទទួលស្គាល់ពីអន្តរជាតិមកប្រើប្រាស់ទៅវិញ។
ផែនទីខ្នាត១/៥០,០០០ គឺជាផែនទីដែលថៃគូសឡើងដោយឯកតោភាគី ដែលកម្ពុជាមិនដែលទទួលស្គាល់ ហើយក៏មិនដែលយល់ព្រមយកមកធ្វើជាមូលដ្ឋានក្នុងការកំណត់ព្រំដែនរវាងប្រទេសទាំងពីរនោះដែរ។ ទោះបីជានាយករដ្ឋមន្ត្រីថៃអះអាងថា បច្ចុប្បន្នប្រទេសថៃប្រើប្រាស់ផែនទីខ្នាត១/៥០,០០០ ដែលខ្លួនអះអាងថាមានកម្រិតសុក្រឹតភាពខ្ពស់សម្រាប់កិច្ចការព្រំដែនឯកតោភាគីក៏ដោយ ប៉ុន្តែនេះគ្រាន់តែជាការយល់ឃើញរបស់ភាគីថៃតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ កម្ពុជាមិនប្រើប្រាស់ផែនទីនេះទេ ហើយសហគមន៍អន្តរជាតិ ក៏មិនទាន់ទទួលស្គាល់ផែនទីនេះក្នុងការកំណត់ព្រំដែនរវាងប្រទេសទាំងពីរដែរ។
មានតែផែនទីខ្នាត១/២០០,០០០មួយប៉ុណ្ណោះ ដែលមានការទទួលស្គាល់យ៉ាងច្បាស់លាស់ និងត្រូវបានប្រើប្រាស់ជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយជម្លោះជាបន្តបន្ទាប់តាំងពីសម័យក្រោយទទួលបានឯករាជ្យក្នុងឆ្នាំ១៩៥៣ មកម៉្លេះ។ ទន្ទឹមនឹងនេះនាយករដ្ឋមន្ត្រីថៃ នៅតែបន្តអះអាងពីភាពបើកចំហចំពោះការផ្ទៀងផ្ទាត់ផ្នែកបច្ចេកទេសដែលមានតម្លាភាព ប្រសិនបើនៅតែមានមន្ទិលសង្ស័យរវាងប្រទេសជិតខាងទាំងពីរ ប៉ុន្តែលោកនៅតែប្រកាន់ជំហរចង់ដោះស្រាយតាមយន្តការទ្វេភាគីដដែល។ ជារួមមកភាគីថៃតែងតែលើកឡើងអំពីតម្លាភាព គោលបំណង និងឆន្ទៈក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយអះអាងថាខ្លួនមិនបានរំលោភបំពានទឹកដីកម្ពុជា ទាំងដែលខ្លួនកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។
តែយ៉ាងណាធាតុពិតជាក់ស្តែងយោធាថៃបានប្រើប្រាស់កម្លាំង និងយុទ្ធោបករណ៍ទំនើៗ ដើម្បីទន្ទ្រានចូលដែនអធិបតេយ្យភាពកម្ពុជា ព្រមទាំងប្រើប្រាស់គ្រប់ល្បិចកល និងយុទ្ធវិធីដើម្បីបង្កជម្លោះគ្រប់បែបយ៉ាង។ នៅពេលដោះស្រាយ ថៃបែរជាមិនចង់ឱ្យមានការដឹងឮពីអន្តរជាតិ ដោយព្យាយាមរុញទៅរកយន្តការទ្វេភាគី ដែលគ្មានសាក្សី ឬការចូលរួមពីពហុភាគី ហើយថែមទាំងបង្ខំឱ្យគេទទួលយកផែនទី ដែលខ្លួនគូរឡើងដោយឯកតោភាគីទៀតផង។ ទាំងនេះ ឬដែលថៃហៅថាជាតម្លាភាពនោះ?
ដោយៈ ខេមបូណូមីស