អ្នកស្លាប់ដោយសារកូវីដនៅប្រទេសចិន

មួយសប្តាហ៍មុនថ្ងៃបុណ្យចូលឆ្នាំថ្មី ចិនមានអ្នកស្លាប់ដោយសារកូវីដជាង ១,២ម៉ឺននាក់ថែមទៀត


គិតក្នុងពេល១សប្តាហ៍មុនថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចិនបានកើនឡើងដល់ជាង១ម៉ឺន២ពាន់នាក់។ ទន្ទឹមនេះ មានមនុស្សសរុបជាង១ពាន់លាននាក់ឯណោះបានឆ្លងកូវីដ១៩ ចាប់តាំងពីពេលដែលរដ្ឋាភិបាលក្រុងប៉េកាំងលុបចោលវិធានការសូន្យកូវីដដ៏តឹងរ៉ឹង។ នេះបើយោងតាមប្រភពពីមន្ត្រីសុខាភិបាល ជាន់ខ្ពស់ចិនមួយរូប ដែលត្រូវបានស្រង់សម្ដីមកចុះផ្សាយដោយសារព័ត៌មាន Bloomberg។
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅប្រទេសចិនកើនឡើងជាង ១ម៉ឺន នាក់!
ដោយ

សេចក្តីថ្លែងការណ៍ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ចិន​ចេញផ្សាយកាលពីថ្ងៃសៅរ៍ទី២១បានឱ្យដឹងថា នៅចន្លោះថ្ងៃទី១៣ដល់ថ្ងៃទី១៩​ខែមករា អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ក្នុងប្រទេសចិន មានប្រមាណជាង១ម៉ឺន២ពាន់នាក់បន្ថែមទៀត។ នេះជាការប្រកាសតួលេខអ្នក ស្លាប់ដ៏ច្រើនលើកទីពីរហើយ បន្ទាប់ពីការទម្លាក់ចោលវិធានការសូន្យកូវីដ និងនៅបន្ទាប់ពីទិន្នន័យដំបូងរបស់ក្រុងប៉េកាំង​បង្ហាញថា ចន្លោះ​ពីថ្ងៃទី៨ខែធ្នូដល់ថ្ងៃទី១២ខែមករាមានអ្នក ស្លាប់ប្រមាណជិត៦ម៉ឺននាក់មានជាប់ទាក់ទងនឹងកូវីដ១៩ នៅតាមមន្ទីរពេទ្យក្នុងប្រទេសចិន។
ការបង្ហាញទិន្នន័យជាថ្មីនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹង អង្គការសុខភាពពិភពលោក ដែលជំរុញឱ្យទីក្រុងប៉េកាំងបញ្ចេញព័ត៌មានលម្អិតបន្ថែម អំពីស្ថានភាពជំងឺកូវីដ១៩ក្នុងប្រទេសរបស់ខ្លួន ខណៈដែលវីរុសនេះរីករាលដាលយ៉ាងឆាប់​រហ័ស​ពាសពេញ​ប្រទេសចិន បន្ទាប់ពីការលុបចោលការរឹតបន្តឹងវិធានការសូន្យកូវីដ។

ទោះយ៉ាងណា មកទល់នឹងពេលនេះ ចិនផ្តល់ឱ្យតែតួលេខ​អ្នកស្លាប់​ប៉ុណ្ណោះ ខណៈទិន្នន័យផ្សេងទៀតនៅ​មានភាព​ខ្វះខាតដដែល ហើយតួលេខស្លាប់នេះ​ទៀតសោត មិនបានរាប់​ករណីស្លាប់នៅតាមផ្ទះ និងកន្លែងថែទាំមនុស្សចាស់ឡើយ។ ដូច្នេះ មានការសង្ស័យថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចខ្ពស់ជាងនេះ។

ដោយឡែកលោក អ៊ូ ជុនយូវ (Wu Zunyou) ប្រធានផ្នែករោគរាតត្បាតនៃមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់ចិន បានបង្ហោះនៅក្នុងគណនី Weibo កាលពីចុងសប្តាហ៍មុនថា ៨០% នៃចំនួនប្រជាជនសរុបទូទាំងប្រទេស បានឆ្លងកូវីដ១៩ នៅអំឡុងការផ្ទុះឡើងវិញនូវជំងឺកូវីដនាពេលបច្ចុប្បន្ននេះ។ គួរបញ្ចាក់ថា ប្រទេសចិនមានប្រជាជនសរុបចំនួន ១,៤១ ពាន់លាននាក់នៅចុងឆ្នាំ២០២២ ដូចនេះ មនុស្សជាង ១ពាន់១រយលាននាក់បានឆ្លងវីរុសនេះរហូតមកដល់ពេលនេះ។ ទោះយ៉ាងណា លោក Wu មិនបានរៀបរាប់លម្អិតអំពីរបៀបដែលតួលេខនេះត្រូវបានគេគណនាចេញមកនោះទេ។

ទោះប្រឈមមុខនឹងករណីឆ្លងនិងស្លាប់កើនឡើង​ អាជ្ញាធរចិនកំពុងជំរុញការងារ ដើម្បីឱ្យមានការស្ទុះងើបឡើងវិញ​នៃសេដ្ឋកិច្ច បន្ទាប់ពីមានការរឹតបន្តឹង​អស់រយៈ​ពេលបីឆ្នាំមកនេះ។ សេដ្ឋកិច្ចចិនមានកំណើនត្រឹមតែ៣%​កាលពីឆ្នាំ២០២២ ដែលជាល្បឿនយឺតបំផុតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក។

កាលពីសប្តាហ៍មុន ឧបនាយករដ្ឋមន្ត្រី លោក​ លៀវ ហឺ (Liu He) បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង Davos ប្រទេសស្វីសថា កំណើនសេដ្ឋកិច្ចចិននឹងស្ទុះងើបឡើង​ដល់កម្រិត​មុនការរាតត្បាត បន្ទាប់ពីមេរោគឆ្លង ធ្លាក់ចុះពី​កម្រិត​ដែលខ្ពស់បំផុត។

ដោយឡែកប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានលើកឡើងពីការព្រួយយបារម្ភពីការរីករាលដាលនៃជំងឺនេះ​នៅតាមទីជនបទ ដោយសារ​នៅតាមភូមិឃុំដាច់ស្រយាលភាគច្រើនមិនសូវ​​មានវេជ្ជបណ្ឌិតដែលមានបទពិសោធន៍ និងឧបករណ៍ដូចជា បំពង់ខ្យល់អុកស៊ីសែន ដើម្បីជួយអ្នកជំងឺធ្ងន់ធ្ងរនោះទេ ដូចនេះ ត្រូវការធ្វើដំណើររាប់សិបគីឡូទើបដល់កន្លែងដែលមានពេទ្យជំនាញ។

យោងតាមការព្យាករណ៍ថ្មីរបស់ក្រុមហ៊ុន Airfinity អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នឹងកើនឡើងដល់ ៣៦,០០០ នាក់ក្នុងមួយថ្ងៃ ដោយការព្យាករនេះកើនឡើងពីការព្យាករលើកមុន ១១,០០០ នាក់ក្នុងមួយថ្ងៃ៕

អត្ថបទ ៖ សារៀម លក្ខិណា




អត្ថបទបន្ទាប់


ទ្រព្យសម្បត្តិម្ចាស់ក្រុមហ៊ុន Evergrande ធ្លាក់ចុះជាង ៩០% កាលពីឆ្នាំ២០២២

ទ្រព្យសម្បត្តិសុទ្ធរបស់លោក Hui Ka Yan ប្រធានក្រុមហ៊ុនអចលនទ្រព្យដ៏ធំរបស់ចិន Evergrande បានធ្លាក់ចុះជិត៩៣% ឯណោះគិតត្រឹមចុងឆ្នាំ២០២៧ ស្របពេល…

ទីបំផុត ចិន-អូស្ត្រាលីយល់ព្រមចាប់ដៃគ្នាចូលតុចរចាពាណិជ្ជកម្មឡើងវិញហើយ!

ប្រេសិតពាណិជ្ជកម្មកំពូលរបស់ចិន និងអូស្ត្រាលីនឹងជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ បន្ទាប់ពីមានការពន្យារពេលជាច្រើនខែ ដោយសារតែភាពប្រេះឆានូវទំនា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ