អ្នកនាង អឿន ធារ៉ា មិនមានហាងផ្ទាល់ខ្លួននោះទេ ប៉ុន្ដែ ស្រ្តីដែលពូកែផ្នែកទំនាក់ទំនងរូបនេះ អាចរកចំណូលបានប្រមាណប្រាំពីររយដុល្លារនៅក្នុងមួយខែ តាមរយៈការនាំទំនិញពីប្រទេសចិន និង វៀតណាមមកបោះដុំ និងលក់រាយនៅកម្ពុជា ដោយប្រើប្រាស់ហ្វេសប៊ុកជាមធ្យោបាយផ្សព្វផ្សាយដល់អតិថិជនរបស់ខ្លួន។
អ្នកនាង អឿន ធារ៉ា បានប្រាប់ខេមបូណូមីសយ៉ាងដូច្នេះថា៖ «ខ្ញុំលក់ច្រើនមាន ដូចជា កាបូប ខោអាវបុរសស្រ្តី ស្បែកជើង...។ ខ្ញុំគិតថា ខ្ញុំមានពេលទំនេរខ្លះ ដូច្នេះ ខ្ញុំចង់ឆ្លៀតយកពេលហ្នឹង លក់អនឡាញ ព្រោះ លក់អនឡាញមិនចំណាយពេញមួយថ្ងៃទេ មានន័យថា យើងសល់ពេលបន្ទាប់ពីធ្វើការខ្លះ យើងអាចឆ្លៀតលក់ដូរបានហើយ»។
សូមទស្សនាវីដេអូខាងក្រោមនេះ៖
ដូចគ្នាដែរ កញ្ញា សុខ បុបា្ផរ័ត្ន ដែលទើបចាប់ផ្តើមលក់ផលិតផលតាមហ្វេសប៊ុកមិនទាន់បានមួយខែស្រួលបួលផងនោះ បានរៀបរាប់ថា បន្ទាប់ពីនាងបានប្រើប្រាស់ថ្នាំលាបសក់ទទួលបានប្រសិទ្ធភាពរួចមក នាងក៏ចាប់ផ្តើមផ្សព្វផ្សាយលក់បន្តតាមហ្វេសប៊ុក ដើម្បីរកចំណូលបន្ថែមនៅពេលនាងទំនេរពីការសិក្សានៅថ្នាក់មហាវិទ្យាល័យ។
កញ្ញា សុខ បុប្ផារ័ត្ន រៀបរាប់យ៉ាងដូច្នេះថា៖ «ពីមុន ខ្ញុំធ្លាប់តែប្រើហ្វេសប៊ុកធម្មតា ដើម្បីទំនាក់ទនងជាមួយមិត្តភក្តិ ឬ ស៊ែរសកម្មភាពខ្លួនឯង បន្ទាប់មក ខ្ញុំគិតថា ខ្ញុំបានចំណាយពេលអត់ប្រយោជន៍បែបហ្នឹងច្រើនដែរហើយ ដូច្នេះ ខ្ញុំគិតថា ខ្ញុំគួរតែទាញប្រយោជន៍ពីហ្វេសប៊ុក ហើយក៏ផ្តើមសួរគ្រួសារ ហើយគាត់ហាមមិនឲ្យលក់ទេ ព្រោះគាត់ថា គេលក់ច្រើនហើយ និងខ្លាចចាញ់បោកគេ ប៉ុន្ដែ ខ្ញុំបានតាមដាន និងប្រើប្រាស់ផលិតផលនេះយូរហើយ ហើយខ្ញុំប្រើត្រូវ ដូច្នេះ ខ្ញុំត្រូវតែលក់ផលិតនេះ បើខ្ញុំលក់មិនដាច់ ខ្ញុំអាចយកមកប្រើខ្លួនឯង...»។
របាយការណ៍របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៅឆ្នាំ២០១៧ បានបង្ហាញថា នៅកម្ពុជាមានអ្នកជាវសេវាអ៊ិនធឺណេតចំនួន៨លាន៥សែននាក់។ កំណើននៃការប្រើប្រាស់អ៊ីនធឺណេត ជាពិសេស ហ្វេសប៊ុកនេះ បានធ្វើឲ្យសហគ្រិនខ្មែរជាច្រើន បង្កើតឱកាសអាជីវកម្មអនឡាញទាំងជាលក្ខណៈក្រុមហ៊ុនផ្លូវការ និងក្រៅផ្លូវការ៕