អារ៉ាប៊ី សាអ៊ូឌី ដែលជាមេដឹកនាំនៃអង្គការ OPEC បានប្រកាសក្រោយកិច្ចប្រជុំកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងវីយ៉ែន ថា អង្គការនាំចេញប្រេងនេះ បានព្រមព្រៀងកាត់បន្ថយការផលិតប្រេង ២លានបារ៉ែលក្នុងមួយថ្ងៃ ឬស្មើនឹង ២ភាគរយ នៃការផ្គត់ផ្គង់ប្រេងក្នុងពិភពលោក។ ប្រទេសអារ៉ាប់មួយនេះ បានបញ្ជាក់ថា វាគឺជាវិធានការចាំបាច់ដើម្បីឆ្លើយតបទៅហ្នឹងការដំឡើងអត្រាការប្រាក់គោលរបស់អាមេរិក ការកើនឡើងអតិផរណា និងប្រាក់ដុល្លារឡើងថ្លៃជាដើម។
គួរដឹងថា ការកាត់បន្ថយការផ្គត់ផ្គង់ប្រេងនេះ នឹងធ្វើឱ្យតម្លៃប្រេងងើបឡើងវិញ ខណៈដែលវាបានធ្លាក់ចុះពី ១២០ដុល្លារ មកត្រឹមរង្វង់ ៩០ដុល្លារក្នុងមួយបារ៉ែលជាច្រើនខែមកហើយ។
ឆ្លើយតបចំពោះកាយវិការរបស់ OPEC+ នេះដែរ រដ្ឋបាលលោក ចូ បៃឌិន កំពុងពិចារណាបញ្ចេញប្រេងពីស្តុកបន្ថែមទៀត ដើម្បីទប់ទល់នឹងតម្លៃប្រេងកើនឡើងផងដែរ។ បើយោងតាមសេចក្តីថ្លៃងការណ៍របស់សេតវិមាន បានឱ្យដឹងថា ប្រធានាធិបតីអាមេរិក បានខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តទាំងងងឹតងងល់របស់អង្គការ OPEC+ ចំពេលដែលសេដ្ឋកិច្ចសកលកំពុងតស៊ូជាមួយនឹងផលប៉ះពាល់អវិជ្ជមានពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន។
អត្ថបទ៖ នៅ សំភី