ទស្សនរបស់អ្នកជំនាញវិភាគទីផ្សារ ជុំវិញទីផ្សារតម្លៃប្រេងឆៅពិភពលោក!

ទស្សនរបស់អ្នកជំនាញវិភាគទីផ្សារ ជុំវិញទីផ្សារតម្លៃប្រេងឆៅពិភពលោកនៅឆ្នាំ២០២៣


ក្រុមអ្នកវិភាគនៅក្រុមហ៊ុនប្រេង និងឧស្ម័នរបស់ថៃ PTT Plc បាននិយាយថា តម្លៃប្រេងឆៅសកលត្រូវបានគេរំពឹងថា នឹងបន្តធ្លាក់ចុះមកនៅត្រឹមចន្លោះពី ៨៥ ដុល្លារទៅ ៩៥ ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែលនៅឆ្នាំក្រោយនេះ ស្របពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងមានទំនោរទៅរកការថមថយចុះ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃនេះ។
ទស្សនរបស់អ្នកជំនាញវិភាគទីផ្សារ ជុំវិញទីផ្សារតម្លៃប្រេងឆៅពិភពលោកនៅឆ្នាំ២០២៣

ក្រុមអ្នកវិភាគបាននិយាយថា ការ​ប៉ាន់​ប្រមាណ​​តម្លៃ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែកតាម​តម្លៃគោល​នៅទីក្រុងឌូបៃ ហើយ​តម្លៃ​នេះ​គឺ​​នៅតែ​​ខ្ពស់នៅ​ឡើយ​បើធៀបនឹងតម្លៃជាមធ្យម ៩៩​ ដុល្លារក្នុងឆ្នាំនេះ និង​ចន្លោះ​ពី​ ៦០-៧០​​ដុល្លារកាលពីពេល​មុន។​

ការប៉ាន់ប្រមាណនេះ​ បាន​ធ្វើ​ឡើង​នៅពេលដែលធនាគារពិភពលោកបានព្រមាន​ពីការធ្លាក់​ចុះ​សេដ្ឋកិច្ចសកលនៅឆ្នាំ២០២៣ ​​បន្ទាប់ពីធនាគារកណ្តាលនានា​​​បានដំឡើងអត្រាការប្រាក់​ជា​បន្ត​បន្ទាប់​ ដើម្បី​​ឆ្លើយតបទៅនឹងអតិផរណាដែល​ចេះ​តែ​កើន​ឡើង​។

លោកស្រី​ នីទីផាត សេង​ដៅ​ចៃ​ (Nitipat Saengdaochai)​ អ្នកវិភាគទីផ្សារ​មកពីក្រុមហ៊ុន PTT Prism ​ដែលស្ថិតនៅក្រោម​ក្រុមហ៊ុនមេ PTT Group បាន​និយាយ​ថា​ ការផ្គត់ផ្គង់ប្រេង​នឹងលើសពីតម្រូវការនៅឆ្នាំក្រោយ​នេះ ​ប៉ុន្តែតម្លៃប្រេងពិភពលោកនៅតែមាន​ការ​ប្រែប្រួល​ ​​ដែល​អាចឡើងបាន​​គ្រប់ពេលវេលា​​ប្រសិនបើការផ្គត់ផ្គង់​ត្រូវ​បានរំខាន​​ម្តងទៀត​​ដោយ​ប្រការ​ណា​មួយ​នោះ​។​

នៅត្រីមាសទី២ ឆ្នាំនេះ ​តម្លៃប្រេងពិភពលោកបានកើនឡើងលើស ១០០​ ដុល្លារ​​ក្នុងមួយធុង​បារ៉ែល​​បន្ទាប់ពីមានការព្រួយបារម្ភ​ពី​ការរំខានការផ្គត់ផ្គង់ប្រេង​​បណ្ដាល​មក​​ពី​​សង្រ្គាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន។​

លោក ស៊ីរ៉ាវីស សំរ៉ាតតាណាគុល​ (Sirawish Somrattanakul)​ អ្នកវិភាគ​នៅ​​ក្រុម​ហ៊ុន​ PTT Prism បាននិយាយថា ទីផ្សារប្រេង​ហាក់​ដូចជា​មានប្រតិកម្មខ្លាំងពេក​ចំពោះ​សង្រ្គាម​នេះ​។

លោកបាននិយាយថា ដំបូង​ឡើយ​ទី​ផ្សារ​នេះ​ជឿថា ជ​ម្លោះនេះ​នឹងនាំឱ្យមានការបាត់បង់​ការផ្គត់ផ្គង់​ប្រេងពី ៣ ទៅ ៤ លានបារ៉ែលក្នុងមួយថ្ងៃ​ (MBD) ​ឬ​ប្រហែល ៤% នៃការផ្គត់ផ្គង់​ប្រេងពិភពលោកពីប្រទេសរុស្ស៊ី។​ ​ប្រការ​នេះ​បាន​ធ្វើ​ឲ្យ​ប្រទេស​ជា​សមាជិក​OPEC និង​​មិន​មែនOPEC ព្រម​ទាំង​ឃ្លាំង​បម្រុង​ប្រេង​យុទ្ធ​សាស្ត្រ​របស់​អាមេរិក​បង្កើន​ការ​ផ្គត់​ផ្គង់​​ប្រហែល​ ៥លាន៤សែន​ធុង​បារ៉ែល​​ក្នុង​មួយថ្ងៃ​។​

ប្រទេសរុស្ស៊ី​​ដែល​ជា​អ្នក​នាំ​ចេញ​ប្រេង​ធំបំផុត​ទី​២​បន្ទាប់​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​នោះ​​មិន​បាន​កាត់បន្ថយ​ការនាំ​ចេញ​ប្រេង​នោះ​ទេ​ ប៉ុន្ដែ ដោយសារ​​​ប្រឈម​មុខនឹង​​ទណ្ឌកម្ម​​លើ​ការ​នាំ​ចេញ​ប្រេង​ពី​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នោះ​ ប្រទេស​រុស្ស៊ី​បាន​នាំ​ចេញ​ប្រេង​កាន់​តែ​ច្រើន​ទៅ​ឥណ្ឌា​ និង​ចិន​។​ ​

ប្រការ​នេះបាន​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​សកល​ធ្លាក់​ចុះ ​បើ​ទោះ​ជាវា​នៅតែ​​មាន​​តម្លៃ​ខ្ពស់​ក៏​ដោយ​​ដោយ​​​បច្ចុប្បន្ន​នេះ វា​មាន​​តម្លៃប្រហែល​ ៩០ ដុល្លារ​ក្នុង​មួយ​ធុង​បារ៉ែល ហើយ​វា​នៅ​តែ​ថ្លៃ​នេះ​ ​គឺ​មួយ​ផ្នែក​​​ដោយ​សារការ​ចំណាយ​ច្រើន​សម្រាប់​ការ​ដឹក​ជញ្ជូន​ទៅ​ប្រទេស​ឥណ្ឌា និង​ចិន​។​​

ក្រុម​អ្នកវិភាគ​កំពុងតាមដានប្រតិកម្មនៅពេលសហ​ភាព​អឺរ៉ុប​ហាមប្រាមការនាំចូលប្រេងឆៅពី រុស្សីចាប់ពីថ្ងៃទី៥ ខែធ្នូខាងមុខនេះ ​និងហាមប្រាមការនាំចូលផលិតផលប្រេងចម្រាញ់ហើយរបស់​រុស្ស៊ី​ចាប់​ពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។

លោក នីទីផាង ​បាន​និយាយ​ថា គេរំពឹង​ថា​ តម្រូវការប្រេងនឹងកើនឡើង ១,៨% នៅឆ្នាំក្រោយ​បើ​ធៀបនឹងកំណើន​ ២,២% នៅ​ឆ្នាំនេះ​។​ ​ការប៉ាន់ប្រមាណរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាន​និយាយ​ថា ផលិត​​ផល​ក្នុង​ស្រុក​សរុប​​ពិភពលោក​​​នឹងកើនឡើងត្រឹមតែ ២,៧% ​នៅឆ្នាំ២០២២ និងបន្ដកំណើន​ ៣,៤%នៅឆ្នាំ២០២៣

អត្ថបទ៖ សុខ ជា​




អត្ថបទបន្ទាប់


កូរ៉េខាងជើងព្រមានថា ការទម្លាក់ទណ្ឌកម្មមកលើខ្លួន ប្រៀបដូចជាការចាក់ស្រោចសាំងលើភ្លើងកំពុងឆេះដូច្នោះដែរ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា ទីក្រុងព្យុយ៉ាងកាលពីថ្ងៃព្រហស្បតិ៍ ទី ២៣ វិច្ឆិកា បានចេញមុខពន្លះកូរ៉េខាងត្បូងជាថ្មីម្ត…

EU សម្រេចប្រកាសដាក់រុស្ស៊ីចូលក្នុងបញ្ចី ជារដ្ឋដែលផ្គត់ផ្គង់ និងឧបត្ថម្ភអំពើភេរវកម្ម

សភាអឺរ៉ុបកាលពីថ្ងៃពុធ ទី ២៣ វិច្ឆិកា បានប្រកាសដាក់ប្រទេសរុស្ស៊ីចូលជារដ្ឋ ដែលផ្គត់ផ្គង់ និងឧបត្ថម្ភដល់អំពើភេរវកម្ម ដោយលើកហេតុផលថា យោធាម៉…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ