វេណេស៊ុយអេឡា

អ្នកជំនាញ និងសមាជិកសភាប្រឆាំងនឹងចំណាត់ការរបស់លោក ត្រាំ លើវេណេស៊ុយអេឡា


ទោះបីជាប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានបង្ហាញពីហេតុផលជាបន្តបន្ទាប់ចំពោះការសម្រេចចិត្តវាយប្រហារលើប្រទេសវេណេស៊ុយអេឡា ហើយចូលចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយាក៏ដោយ តែមជ្ឈដ្ឋានមួយចំនួននៅសហរដ្ឋអាម៉េរិកមិនគាំទ្រចំពោះចំណាត់ការនេះនោះទេ។ អ្នកជំនាញ និងសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យមួយចំនួនបានចាត់ទុកការវាយប្រហារនេះថា ជាទង្វើបង្កសង្គ្រាម និងការប្រើប្រាស់កងកម្លាំងដោយខុសច្បាប់ និងទាមទាមឱ្យលោក ត្រាំ បកស្រាយចំពោះគោលបំណងនៃការវាយប្រហារនេះ។
វេណេស៊ុយអេឡា
ដោយ

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងសម្ព័ន្ធមិត្តរបស់លោកបានចេញមកការពារការវាយប្រហាររបស់សហរដ្ឋអាម៉េរិកលើប្រទេសវេណេស៊ុយអេឡា និងការចាប់ខ្លួនប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ និងភរិយា បើទោះបីមានការថ្កោលទោសយ៉ាងទូលំទូលាយថា សកម្មភាពនេះជាការរំលោភលើច្បាប់អន្តរជាតិយ៉ាងណាក្តី។ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា ការវាយប្រហាររបស់ខ្លួនជាយុទ្ធនាការបង្រ្កាបភេរវកម្មគ្រឿងញៀនដ៏សាហាវប្រឆាំងនឹងសហរដ្ឋអាម៉េរិក ហើយអាមេរិកនឹងគ្រប់គ្រងវេណេស៊ុយអេឡា ហើយសន្យាប្រគល់សិទ្ធិជូនពលរដ្ឋវេណេស៊ុយអេឡាវិញតាមយន្តការសុវត្ថិភាព និងយុត្តិធម៌។

ឆ្លើយតបនឹងការបកស្រាយនេះលោកស្រី ក្លែរ ហ្វីនកែលស្តេន (Claire Finkelstein) សាស្ត្រាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យ Pennsylvania បានបដិសេធចំពោះអំណះអំណាងរបស់រដ្ឋបាលលោក ត្រាំ ដែលមានចេតនាការពារសកម្មភាពវាយប្រហារ និងការចាប់ខ្លួនលោក ម៉ាឌូរ៉ូ ក៏ដូចជាផែនការរបស់ខ្លួនក្នុងការគ្រប់គ្រងលើប្រទេសវេណេស៊ុយអេឡា។

លោកស្រីបានអះអាងថា លោកស្រីមើលមិនឃើញថាសកម្មភាពវាយប្រហាររបស់កងកម្លាំងពិសេសរបស់អាម៉េរិកលើប្រទេសវេណេស៊ុយអេឡាស្ថិតនៅក្រោមច្បាប់អន្តរជាតិនោះទេ។ អ្នកជំនាញរូបនេះបានចាត់ទុកការវាយប្រហារនេះថាជាការប្រើប្រាស់កម្លាំងដោយខុសច្បាប់ និងជាការរំលោភលើអធិបតេយ្យភាពរបស់វេណេស៊ុយអេឡា។ លោកស្រី បានសង្កត់ធ្ងន់ថា រដ្ឋនីមួយៗមានសិទ្ធិ និងដែនអធិបតេយ្យភាពរៀងៗខ្លួនមិនអាចចេះតែឈ្លានពានរួចចាប់ខ្លួនមេដឹកនាំគេបែបនេះបានឡើយ។ ហើយក្នុងករណីរបស់លោក ម៉ាឌូរ៉ូ វាជាកិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡា។

ដោយឡែកសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យបានទាមទារឱ្យរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ផ្តល់ចម្លើយ និងបង្ហាញពីគោលបំណងចំពោះការវាយប្រហារលើប្រទេសវេណេស៊ុយអេឡា និងបានចោទប្រកាន់រដ្ឋបាលរបស់លោក ត្រាំ ថា កំពុងព្យាយាមអនុវត្តសកម្មភាពសង្គ្រាមដោយខុសច្បាប់ ដោយគ្មានការត្រួតពិនិត្យពីសភា។ យោងតាមរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក មានតែសភាប៉ុណ្ណោះ ដែលមានសិទ្ធិអំណាចប្រកាសសង្គ្រាម។

លោក ហ្រ្គីហ្គោរី មេក (Gregory Meeks) សមាជិកព្រឹទ្ធសភាជាន់ខ្ពស់ នៃគណៈកម្មាធិការកិច្ចការបរទេសបាននិយាយថា សកម្មភាពទាំងនេះរំលោភលើច្បាប់សហរដ្ឋអាម៉េរិក និងច្បាប់អន្តរជាតិ ហើយតាមការទទួលស្គាល់របស់លោក ត្រាំ ផ្ទាល់ នេះមិនមែនជាប្រតិបត្តិការមានច្បាប់ត្រឹមត្រូវនោះទេ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រុស្ស៊ី អ៊ីរ៉ង់ ចិន និងប្រទេសជាច្រើនទៀតថ្កោលទោសការវាយប្រហាររបស់អាម៉េរិកលើវេណេស៊ុយអេឡា

ប្រទេសមហាអំណាចធំៗរួមមានចិន រុស្ស៊ី អ៊ីរ៉ង់ និងប្រទេសជាច្រើនទៀតបានចេញមកថ្កោលទោសការវាយប្រហារដោយយោធារបស់សហរដ្ឋអាម៉េរិកលើប្រទេសវេណេស៊ុយអ…

តើការវាយប្រហាររបស់អាម៉េរិកលើវេណេស៊ុយអេឡាបានបង្ហាញគំរូយ៉ាងណាដល់ពិភពលោក ហើយសម្រាប់កម្ពុជាដែលជាប្រទេសតូចគួរពង្រឹងខ្លួនបែបណា?

កងកម្លាំងយោធាពិសេសរបស់សហរដ្ឋអាម៉េរិកបានបើកការវាយប្រហារលើប្រទេសវេណេស៊ុយអេឡា និងបានចាប់ខ្លួនមេដឹកនាំប្រទេសនេះលោក នីកូឡាស ម៉ាឌូរ៉ូ និ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ