ក្នុងករណីដែលការគំរាមកំហែងនៃទណ្ឌកម្មលើរុស្សី អាចនឹងប៉ះពាល់ដល់លំហូរឧស្ម័នតាមរយៈបំពង់បង្ហូរប្រេងពីរុស្សីទៅអឺរ៉ុប ដោយរុស្ស៊ីនឹងផ្អាកការលក់ឧស្ម័នទៅអឺរ៉ុប ដើម្បីជាការសងសឹកចំពោះការដាក់ទណ្ឌកម្ម ឬជម្លោះយោធា។ តែយ៉ាងក៏ដោយ បណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត ដូចជា ប្រទេសអាឡឺម៉ង់ ដែលជាអ្នកប្រើប្រាស់ហ្គាសដ៏ធំបំផុតរបស់រុស្ស៊ី ក៏អាចមានជម្រើសផ្សេង តាមរយៈការនាំចូលឧស្ម័នធម្មជាតិក្នុងកម្រិតអតិបរមា ពីប្រទេសន័រវេស ហូឡង់ អង់គ្លេស និងដាណឺម៉ាកតាមបំពង់បង្ហូរបានផងដែរ ហើយប្រទេសកាតា ដែលជាប្រទេសផលិតឧស្ម័ន LNG កំពូលមួយរបស់ពិភពលោក ក៏អាចបញ្ជូនឧស្ម័នបន្ថែមមួយចំនួនទៅកាន់អឺរ៉ុបបានដូចគ្នា។
ដោយឡែក សម្រាប់ជម្រើសទី២ គឺជាជម្រើសដែលមិនប្រើហ្គាស។ ប្រទេសជាច្រើនមានជម្រើសផ្សេងៗ ដើម្បីបំពេញចន្លោះខ្វះខាតជាមួយនឹងការនាំចូលថាមពលតាមរយៈឧបករណ៍ភ្ជាប់គ្នាពីប្រទេសជិតខាង ឬបង្កើនការផលិតថាមពលពីនុយក្លេអ៊ែរ ថាមពលកកើតឡើងវិញ វារីអគ្គិសនី ឬធ្យូងថ្មជាដើម។ តែយ៉ាងណាមិញ ដើម្បីបំពេញតាមគោលដៅអាកាសធាតុ ប្រទេសសហភាពអឺរ៉ុបជាច្រើនបានបិទរោងចក្រថាមពលធ្យូងថ្ម ឬមិនសាងសង់ថ្មីទៀតនោះទេ ខណៈប្រទេសខ្លះរក្សាទុករោងចក្រធ្យូងថ្មសម្រាប់ការផ្គត់ផ្គង់បម្រុងតែប៉ុណ្ណោះ។ ដូចនេះ តាមជម្រើសទាំង ២ នេះ គេមិនច្បាស់ទេថា បណ្ដាប្រទេសអឺរ៉ុបអាចមានឧស្ម័នប្រើប្រាស់គ្រប់គ្រាន់ក្នុងរយៈពេលវែងដែរឬទេ ប្រសិនបើរុស្សីផ្អាកការលក់ឧស្ម័នមែននោះ?
តែយ៉ាងណាមិញ ជុំវិញនឹងកង្វល់ទាំងនេះ បើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា រដ្ឋបាលសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបក៏បានស្នើឱ្យប្រទេសផ្សេងទៀតដូចជាកាតា និងជប៉ុនជួយផ្តល់ការដឹកជញ្ជូនឧស្ម័នធម្មជាតិបន្ថែមទៀតផងដែរ។
សូមជម្រាបថា លំហូរឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុបមានកម្រិតទាបជាងធម្មតាអស់រយៈពេលជាច្រើនខែមកហើយ ខណៈការដឹកជញ្ជូនឧស្ម័នរបស់រុស្សីឆ្លងកាត់អ៊ុយក្រែនត្រូវបានកាត់បន្ថយ ៧០% ពីជាង ១៤០ ពាន់លានម៉ែត្រគូបក្នុងឆ្នាំ ១៩៩៨ មកតិចជាង ៤២ ពាន់លានម៉ែត្រគូប ក្នុងឆ្នាំ ២០២១៕
អត្ថបទ ស៊ើង និមល់