បណ្ដុំកសិករ នៅខេត្តបាត់ដំបងសម្រុកដាំស្លឹកគ្រៃ ព្រោះលក់បានថ្លៃ និងអាច​នាំចេញទៅក្រៅប្រទេស


ប្រជាកសិករជាង១១ គ្រួសារ នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានប្រមូលផ្តុំគ្នា ចងក្រងជាបណ្តុំកសិករព្រែឆ្តោរ ហើយចាប់ផ្តើមនាំគ្នា ដាំស្លឹកគ្រៃ ក្រោមការផ្តួចផ្តើមគំនិត និងរកទីផ្សារឲ្យ ដោយសហគមន៍មានជ័យស្នួលទ្រេត នៅខេត្តបន្ទាយមានជ័យ ដែលដំណាំស្លឹកគ្រៃនេះ កំពុងមានតម្រូវការទីផ្សារក្នុងស្រុក( ប្រើប្រាស់ផ្ទាល់ និងច្នៃ) និងទីផ្សារអន្តរជាតិផងដែរ។
បណ្ដុំកសិករជាង១០គ្រួសារ នៅខេត្តបាត់ដំបងសម្រុកដាំស្លឹកគ្រៃ ព្រោះមានទីផ្សារនាំចេញទៅក្រៅប្រទេស
ដោយ

អ្នកស្រី អ៊ឹម គន្ធា ជាកសិករ​ម្នាក់​​ក្នុង​ចំណោម​កសិករ ១១ គ្រួសារ ដែលបាន​ចាប់ផ្តើម​ដាំស្លឹកគ្រៃជាលើកដំបូង​ នៅលើផ្ទៃដី​ទំហំ ២ហិកតា។ លោកស្រី​បាន​​ប្រាប់ថា កាលពីមុន​ដី​របស់​អ្នកស្រី​មានដំាណាំ​ផ្សេងៗ​ដូចជា​ម្ទេស ល្ហុង ពោតជាដើម តែក្រោយ​មក​បាន​​សម្រេចចិត្ត​ដាំស្លឹក​គ្រៃ​វិញ ព្រោះមានការ​សម្រប​សម្រួល​ទីផ្សារ​ពីខាង​សហគមន៍​មានជ័យ​ស្នួល​ទ្រេត ខេត្តបន្ទាយ​មានជ័យ ដែលអាច​ឲ្យកសិករ​រូបនេះ ​លក់ស្លឹកគ្រៃ​​បាន​ក្នុង​តម្លៃថ្លៃ និងមាន​​ទីផ្សារស្រាប់។

អ្នកស្រី អ៊ឹម គន្ធា​បានបន្ថែមថា « ដី២ហិកតាហ្នឹង ខ្ញុំត្រូវ​ចំណាយ​ថ្លៃដើម​១ហិកតា ប្រហែល ២ពាន់ដុល្លារ អ៊ីចឹង​២ហិកតា វា៤ពាន់ដុល្លារ ហើយពេល​យើង​ប្រមូលផល ក្នុង​១ហិកតា ជាមធ្យម​បាន​ប្រហែល​៣០តោន ទៅ៦០តោន បានលើស​ដំណាំ​ផ្សេងៗ​ដែលខ្ញុំ​ធ្លាប់ដាំ ព្រោះវា​បានទាំង​ស្លឹក និងគល់ គេយក​ទាំងអស់ ហើយ​គល់​១តោន តម្លៃ​១លានរៀល ហើយស្លឹក​១តោន​៨០ម៉ឺនរៀល វាចំណេញ​ច្រើន​បាន​ខ្ញុំ​ដាំ​អាហ្នឹងវិញ ហើយ​ស្រួល​មើលថែទេ ឲ្យតែមាន​ទឹក​គ្រប់គ្រាន់»។

ជាមួយគ្នានេះដែរ លោក ឈន សាម៉េត ដែលជា​កសិករ ដាំស្លឹកគ្រៃនៅ​ភូមិព្រែក​ឆ្តោរ​នោះដែរ បានឲ្យដឹងថា លោក​មានផ្ទៃ​ដី​មិនដល់​មួយ​ហិកតាទេ ដែលដាំស្លឹកគ្រៃ​នេះ ប៉ុន្តែ​ព្រោះតែ​មាន​ការជំរុញ និងមាន​ការ​ចុះកុងត្រា ទទួល​ទិញ​សហគមន៍​មានជ័យ​ស្នួល​ទ្រេត​ផងនោះ​ ទើប​សម្រេច​ដាំស្លឹកគ្រៃ​បន្ថែម​ពីដំណាំ​ផ្សេងៗទៀត ដែលលោក​បាន​ដាំរួចហើយ។

លោកពូ ឈន សាម៉េត បានឲ្យ​ដឹងទៀតថា « ដោយសារតែ​ការដាំស្លឹកគ្រៃ​លើកដំបូង ត្រូវចំណាយ​ដើមទុន​ច្រើនដែរ ទើបខ្ញុំ​សាកល្បង​ដាំដី​តិចតួចសិន ព្រោះត្រូវ​ចំណាយ​លើពូជផង ប្រព័ន្ធស្រោចស្រពផង ព្រោះស្លឹកគ្រៃ​នេះ​ថ្វីត្បិតតែ​ងាយថែទាំ តែវាត្រូវការ​ទឹក​ជាចាំបាច់​ឲ្យតែ​មានទឹក ដឹងតែរស់ហើយ អ៊ីចឹងខ្ញុំគិតទៅ មួយហិកតា​យើងចំណាយ​អស់​ដល់​ជិត ១៧លានរៀល តែពេល​លក់បាន៣០ ទៅ ៤០​លានរៀលដែរ »។

លោក នាក់ ភា អ្នកទទួល​ខុសត្រូវ​គម្រោងកិ​ច្ចសន្យា​ផលិតកម្ម​កសិកម្ម នៃសហគមន៍​មានជ័យស្នួលទ្រេត បានបញ្ជាក់ថា ខាងសហគមន៍​របស់លោក គឺបានចុះ​កិច្ចសន្យា​ទទួលទិញ​ស្លឹកគ្រៃពីខាងបណ្តុំ​កសិករ​ភូមិ​ព្រែកឆ្តោរ ដើម្បីលក់​នៅក្នុងស្រុក និងសម្រាប់​កែឆ្នៃផង ថែមទាំងនាំចេញ​​ទៅផ្សារ​អន្តរជាតិ​​ដូចជា ទីផ្សារអឺរ៉ុប អូស្រ្តាលី ចិន ជាដើម។

លោក នាក់ ភា បានបន្តទៀតថា «ខាងសហគមន៍​របស់យើង​​មានដៃគូ​​ជាច្រើនទៀត ដែលអាចដោះស្រាយ​​​ទីផ្សារ​​ជូន​ប្រជាពលរដ្ឋ ហើយខាង​យើង​កំពុងចងក្រងឲ្យកើតជា​បណ្តុំការផលិត​ឲ្យច្បាស់លាស់​មួយ ហើយកសាង​សមត្ថភាព​ការផលិត​ឈានទៅ​កម្រិត​ស្តង់ដារខ្ពស់ ជាពិសេស ក្នុងគោលដៅ​ផលិត​ឲ្យគ្រប់គ្រាន់ សម្រាប់​ទីផ្សារ​ក្នុង​ស្រុកផង កាត់បន្ថយ​ការនាំចូល បង្កើន​ការនាំចេញ»។

លោក នាក់ ភា បានបន្ថែមថា កម្ពុជា​អាចនាំ​ចូលស្លឹកគ្រៃ​ពីប្រហែល ៥០ ទៅ៦០តោន ក្នុងមួយថ្ងៃ នៅតាមច្រកព្រំ​ដែនធំៗ ពីប្រទេស​វៀតណាម ដោយមិនទាន់​រាប់ពី​ច្រក​របៀង និងច្រកព្រំដែនកម្ពុជាថៃនោះទេ។

ក្រុមការងារខេមបូណូមីស នៅថ្ងៃទី ១១ ខែ​មករា មិនអាចទាក់ទង​ខាង​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​បានទេ ជុំវិញ​ការដាំដំណាំ​ស្លឹកគ្រៃ​របស់​ប្រជាកសិករ​នៅក្នុង​ខេត្តនេះ។ ទោះយ៉ាងណា បើតាម​ប្រជា​កសិករ​ទាំង២​រូបខាង​លើ​ ដំណាំ​ស្លឹកគ្រៃនេះ មានដាំ​នៅឃុំ​​មួយចំនួន​​ទៀត​នៅ​ក្នុង​ស្រុក​​ឯកភ្នំ ។ ហើយ​​ត្រូវការ​ដាំ​​រយៈពេល ​៥ ទៅ៦ខែ​ ទើប​ប្រមូល​​ផលម្តង ដូចនេះ មួយឆ្នាំ​​អាច​ប្រមូលផល​បាន២ដង ដោយប្រមូលម្តង​បាន​ផល ៣០ទៅ៦០តោន ក្នុងមួយហិកតា ដោយគល់ស្លឹកគ្រៃ លក់បាន​មួយតោន​តម្លៃ ១លានរៀល  និងស្លឹកគ្រៃ​លក់​បានមួយ​តោន​តម្លៃ ៨០ម៉ឺនរៀល ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ​ថ្មី!!! ទទួល​បាន​ទូរសព្ទ iPhone 12 pro max មួយ​គ្រឿង​ភ្លាមៗ ដោយ​មិន​ចាំបាច់​ផ្សង​សំណាង

ព័ត៌មាន
(ភ្នំពេញ)៖ ជាមួយ​ទំនុក​ចិត្ត និង​គុណភាព​នៃ​ការរចនា​ម៉ូត​ផ្ទះ ទំនើប ស៊ីវិល័យ ទាន់សម័យកាល​របស់​គម្រោង បុរី ប៊ុន លី ដែល​ទទួល​បាន​កា…

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាថា អតិថិជនជាង២៨ម៉ឺន​គ្រួសារ ទទួលបានការរៀបចំឥណទានឡើងវិញ ក្នុងទំហំទឹកប្រាក់សរុបជិត ១,៤ពាន់លានដុល្លារ

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា គិតចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកដល់ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២១ សមាជិករបស់សមាគម​មីក្រូហិរញ្ញវត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ