កសិផល​សរីរាង្គ

អ្នក​ជំនាញ​កសិកម្ម៖ កសិផល​សរីរាង្គ​នឹង​ក្លាយ​ជា​ផលិតផល​មាន​សក្ដានុពល​សម្រាប់​ការ​ប្រកួត​ប្រជែង


លំហូរ​ចូល​នៃ​បន្លែ ផ្លែ​ឈើ ដែល​មាន​សារជាតិ​គីមី ពី​ប្រទេស​ជិត​ខាង បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សុខភាព​យ៉ាង​ខ្លាំង ពោល​គឺ​ប្រជាពលរដ្ឋ​កាន់​តែ​ខ្លាច​រអា​ក្នុង​ការ​ទិញ​ផលិតផល​ទាំង​នេះ​មក​ទទួល​ទាន។ ក្នុង​កាលៈទេសៈ​នេះ​ដែរ គេ​សង្កេត​ឃើញ​ថា កសិផល​សរីរាង្គ ឬ​ហៅ​ថា កសិផល​ធម្មជាតិ​គ្មាន​គីមី​នោះ​កំពុង​មាន​ការ​គាំទ្រ​គួរ​ឲ្យ​កត់​សម្គាល់​ពី​ប្រជាពលរដ្ឋ ពិសេស គឺ​អ្នក​រស់នៅ​រាជ​ធានី​ភ្នំពេញ​តែ​ម្ដង។
អ្នក​ជំនាញ​កសិកម្ម​ថា កសិផល​សរីរាង្គ​នឹង​ក្លាយ​ជា​ផលិតផល​ដ៏​មាន​សក្ដានុពល​សម្រាប់​ការ​ប្រកួត​ប្រជែង។
ដោយ

ដ្បិត​​ថា បច្ចុប្បន្ន កសិផល​សរីរាង្គ​នៅ​មាន​ការ​ផលិត​តិច​តួច​នៅ​ឡើយ​ក្ដី ប៉ុន្ដែ អ្នក​ជំនាញ​អះអាង​ថា វា​ជា​ប្រភេទ​ផលិតផល​កសិកម្ម​មួយ ដែល​កំពុង​មាន​ទីផ្សារ​និង​សក្ដានុពល​ក្នុង​ការ​ប្រកួត​ប្រជែង។

លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា បាន​លើក​ឡើង​ថា បច្ចុប្បន្ន កសិផល​សរីរាង្គ​កំពុង​ត្រូវ​បាន​ការ​គាំទ្រ​គួរ​ឲ្យកត់​សម្គាល់​ពី​សំណាក់​ប្រជាពលរដ្ឋ​ក្នុង​ស្រុក ទោះ​បី​ជា​កសិផល​នេះ ហាក់​បី​មាន​តម្លៃ​ថ្លៃ​ជាង​កសិផល​ដែល​ដាំដុះ ឬ​នាំចូល​ដែល​មាន​ប្រើ​សារជាតិ​គីមី​ក៏ដោយ។ តែ​យ៉ាង​ណា លោក​ថា ការ​ចងក្រង​ជា​សមាគម​អ្នក​ផលិត និង​ផ្សារ​ភ្ជាប់​ពួកគាត់​ទៅ​នឹង​ទីផ្សារ ដូចជា ផ្សារ​ទំនើប​និង​សណ្ឋាគារ គឺ​ជា​រឿង​មួយ​ដែល​រាជ​រដ្ឋាភិបាល ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជួយ​សម្រប​សម្រួល។

លោក​ថា កសិផល​សរីរាង្គ​របស់​កម្ពុជា ជា​ផលិតផល​កសិកម្ម​មួយ​ដែល​នឹង​អាច​មាន​ទីផ្សារ​ល្អ ពិសេស​គឺ​អាច​ប្រកួត​ប្រជែង​ជាមួយ​នឹង​ផលិតផល​កសិកម្ម​ដែល​បាន​នាំចូល ខណៈ​ដែល​កេរ្តិ៍​ឈ្មោះ​របស់​កសិផល​សរីរាង្គ​របស់​កម្ពុជា ក៏​​​ល្អ​ប្រសើរ​​ជាង​ប្រទេស​ជិត​ខាង​ផងដែរ។

លោក សម វិទូ នាយក​ប្រតិបត្តិ​អង្គការ​សេដាក បាន​លើក​ឡើង​ដែរ​ថា បច្ចុប្បន្ន ការ​នាំចូល​ផលិតផល​កសិកម្ម​ពី​បណ្ដា​ប្រទេស​ជិត​ខាង​មាន​រហូត​ដល់​ជាង ៥៥%។ ដោយ​ឡែក សម្រាប់​ការ​ផ្គត់ផ្គង់​ផលិតផល​សរីរាង្គ​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន​មាន​តែ​ប្រមាណ ១% នៃ​ទីផ្សារ​ទាំងមូល។ យ៉ាង​ណា​ក៏​ដោយ លោក​ថា ខាង​អង្គការ​សេដាក​បាន​និង​កំពុង​ខិតខំ​ជំរុញ​ការងារ​នេះ ដូចជា ការ​ចងក្រង​សមាគម​អ្នក​ផលិត​កសិផល​សរីរាង្គ​នៅ​តាម​១២​ខេត្ត​ផ្សេង​គ្នា ដោយ​ក្នុង​នោះ មាន​ការ​ផលិត​កសិផល​សរីរាង្គ​ជា​ច្រើន​មុខ ដូចជា ស្រូវ មាន​ប្រមាណ ៧០០០​តោន​ក្នុង​មួយ​ឆ្នាំ ព្រម​ជាមួយ​នឹង​ប្រភេទ​បន្លែ ផ្លែ​ឈើ​ផ្សេងៗ​ទៀត​ផង​ដែរ។

លោក សម វិទូ បាន​គូស​បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​អនាគត កសិផល​សរីរាង្គ​នឹង​ក្លាយ​ជា​ប្រភេទ​ផលិតផល​កសិកម្ម​មួយ​ដែល​មាន​សក្ដានុពល​ខ្លាំង​ក្នុង​ការ​ប្រកួត​ប្រជែង​ទីផ្សារ ហើយ​ខាង​អង្គការ​សេដាក នឹង​នៅ​តែ​បន្ត​ជួយ​កសិករ​ក្នុង​ការ​ផលិត និង​ផ្សារ​ភ្ជាប់​ទីផ្សារ​សំខាន់ៗ​បន្ថែម​ទៀត។ 

លោក​បាន​លើក​ឡើង​ថា បើតាម​អ្នក​ជំនាញ​សេដ្ឋកិច្ច​ធ្លាប់​បាន​លើក​ឡើង​ថា បើ​សិន​កម្ពុជា​ចង់​ប្រកួត​ប្រជែង​ផលិតផល​កសិកម្ម​ជាមួយ​បណ្ដា​ប្រទេស​ជិត​ខាង កម្ពុជា​គួរតែ​ផ្ដោត​លើ​ការ​ពង្រឹង​និង​ពង្រីក​បន្ថែម​នូវ​សមត្ថភាព​ដាំដុះ​និង​ផ្គត់ផ្គង់​កសិផល​សរីរាង្គ​របស់​ខ្លួន។ 

លោក​បន្ថែម​ទៀត​ថា អង្គការ សេដាក បាន​ជំរុញ​ឲ្យ​មាន​ការ​ដាំដុះ​ដំណាំ​សរីរាង្គ​នេះ តាំង​ពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ ដូច្នេះ យើង​អាច​ថា ដើរ​បាន​មុន​មួយ​ជំហាន​ក្នុង​ការ​អភិវឌ្ឍ​ការ​ដាំដុះ​ដំណាំ​សរីរាង្គ​នេះ ប៉ុន្ដែ បរិមាណ​ផលិត​របស់​កសិករ​នៅ​មាន​កម្រិត​នៅ​ឡើយ។ ដូច្នេះ​ហើយ ទើប​អង្គការ សេដាក ខិតខំ​ចងក្រង​ជា​សមាគម​កសិករ និង​ជួយ​ផ្សារ​ភ្ជាប់​ទៅនឹង​ទីផ្សារ​បន្ថែម​ទៀត ដើម្បី​ឈាន​ទៅ​ពង្រីក​ការ​ដាំដុះ។ 

យ៉ាងណា​ក៏​ដោយ​ចុះ នាយក​ប្រតិបត្តិ​អង្គការ សេដាក លោក សម វិទូ បាន​គូស​បញ្ជាក់​ដែរ​ថា បញ្ហា​ទឹក ទុន និង​ទីផ្សារ ក្នុង​ការ​ធ្វើ​កសិធុរកិច្ច​របស់​ប្រជា​កសិករ នៅតែ​ជា​រនាំង​មួយ​ចំពោះ​ការ​ផលិត​កសិផល​សរីរាង្គ។ តួយ៉ាង ការ​ខ្វះខាត​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ​ពេញ​លេញ​ក្នុង​ការ​ផលិត ការ​ប្រាក់​កម្ចី​ពី​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​តែ​ខ្ពស់ និង​បញ្ហា​ខ្វះ​ការ​សម្រប​សម្រួល​ក្នុង​ការ​នាំ​កសិផល​ចូល​ទៅ​កាន់​ទីផ្សារ ដូចជា បរិមាណ​ផលិត​មិន​ទាន់​ឆ្លើយតប​ទាន់​ពេល​តាម​តម្រូវការ​ទីផ្សារ និង​ការ​វេច​ខ្ចប់​រក្សា​គុណភាព​នៅ​មាន​កម្រិត​ជាដើម៕

None



អត្ថបទបន្ទាប់


អង្ករ​សរីរាង្គ​ខ្មែរ​កំពុង​​មាន​តម្រូវការ​ខ្ពស់​​លើ​ទីផ្សារ​​ពិភពលោក

កម្ពុជា​ជា​ប្រទេស​មួយ​ដែល​អំណោយផល​ល្អ​បំផុត​សម្រាប់​វិស័យកសិកម្ម ដ្បិតប្រទេសមួយនេះ មានអាកាសធាតុល្អ និងដីមានជីវជាតិល្អ ព្រមទាំងមានពលរដ្ឋ…

ខណ្ឌ​សែនសុខ មាន​កំណើន​អគារ​ពាណិជ្ជកម្ម ខុនដូ និង​បុរី​យ៉ាង​ច្រើន​ស្អេកស្កះ

តំបន់​ខណ្ឌ​សែនសុខ ភាគ​ខាង​លិច​រាជ​ធានី​ភ្នំពេញ ដែល​ធ្លាប់​ជា​បឹង​និង​ដី​ទំនេរ​ចោល ត្រូវ​បាន​ប្រែ​មុខ​មាត់​ថ្មី​នៅ​មួយ​រយៈពេល​ចុង​ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ