អ្នកជំនាញរូបនេះ បញ្ជាក់យ៉ាងដូច្នេះថា៖ «វាទាក់ទងនឹងរបៀបដាំ។ ឧទាហរណ៍ គាត់ដាំត្រសក់មួយហិចតា ពេលប្រមូលផល គាត់ប្រមូលមួយហិចតា។ តាមពិត បើដាំសម្រាប់ទីផ្សារ គេមិនដាំបែបហ្នឹងទេ ព្រោះ ពេលប្រមូលផលច្រើនមកលក់ ជួនកាលគេត្រូវការមួយថ្ងៃឧទាហរណ៍៥០០គីឡូក្រាម ឬមួយតោន ស្រាប់យើងដឹកមក១០តោន វាមិនកើត»។
លោកបន្តថា៖ «ដូច្នេះ ត្រូវធ្វើម៉េចឲ្យមានត្រសក់រាល់ថ្ងៃ។ ហេតុនេះ កសិករត្រូវមានផែនការដាំដុះ មួយថ្ងៃត្រូវដាំប៉ុន្មាន? ឬមួយសប្តាហ៍ត្រូវដាំប៉ុន្មាន?។ មួយទៀត គាត់ត្រូវសហការគ្នា កុំឲ្យដាច់ ដូចជា ថ្ងៃនេះ យើងមានត្រសក់ ថ្ងៃស្អែកយើងអត់ អ្នកផ្សេងទៀតមានត្រសក់។ ការធ្វើបែបនេះ ដើម្បីធានាឲ្យមានកសិផលទៀងទាត់ ដែលធ្វើឲ្យពាណិជ្ជករចង់សហការជាមួយកសិករ»។
ថ្លែងក្នុងការជួបជុំរវាងកសិករ អ្នកទិញ និងពាណិជ្ជករដែលរកស៊ីផ្នែកកសិផលសរីរាង្គ លោក យ៉ង សាំងកុមារ បានអះអាងថា ដើម្បីដោះស្រាយបញ្ហាខាងលើ ទាមទារឲ្យមានអ្នកដឹកនាំ ដើម្បីសម្របសម្រួលកសិករក្នុងការផលិតកសិកម្មសរីរាង្គ។ លោកបន្ថែម សម្រាប់តម្រូវការបន្លែនៅទូទាំងប្រទេស គឺត្រូវការអ្នកសម្របសម្រួលប្រហែល១ពាន់នាក់ ដើម្បីឲ្យគាត់សម្របសម្រួលកសិករក្នុងការផលិត រៀបចំកន្លែងស្តុក និងការដឹកជញ្ជូនជាដើម។
តាមពិតទៅ កសិផលសរីរាង្គ មានតម្លៃថ្លៃ បើធៀបនឹងបន្លែគីមី ប៉ុន្តែ ពលរដ្ឋបានងាកមកចាប់អារម្មណ៍លើបន្លែសរីរាង្គកាន់តែច្រើន ដោយសារ ពួកគេបានគិតគូរកាន់តែខ្លាំងចំពោះសុខភាព។
លោកយាយ ទាវ ឆាត កសិករនៅស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ដែលទទួលបានការបណ្តុះបណ្តាលបច្ចេកទេសពីអង្គការសេដាក បានប្រាប់ក្រុមអ្នកកាសែតថា បច្ចុប្បន្ន គ្រួសារលោកយាយបានដាំបន្លែសរីរាង្គលើដី៧អាដែលអាចលក់បានតម្លៃថ្លៃ។ លោកយាយ ទាវ ឆាត ដែលមានវ័យ៧២ឆ្នាំ និងជាមេក្រុមដែលមានកូនក្រុម២៨នាក់ និងដាំដុះលើដីសរុប២៨អា បានរៀបរាប់ថា សាឡាត់មានតម្លៃ៧ពាន់រៀលក្នុងមួយគីឡូក្រាម ស្ពៃក្រញាញ់មានតម្លៃ៤ពាន់រៀល ត្រកួនមានតម្លៃ២ពាន់៥រយ ទៅ៣ពាន់រៀលក្នុងមួយគីឡូក្រាម សណ្តែកគួរមានតម្លៃ៤ពាន់រៀល ដើមខ្ទឹម និងជីគ្រប់មុខមានតម្លៃ៥ពាន់រៀលក្នុងមួយគីឡូក្រាម។
លោកយាយបានរៀបរាប់ទាំងរីករាយថា៖ «បើបន្លែគីមី គេលក់បានថោក តែគេដាំបានច្រើន។ បន្លែខ្ញុំលក់បានថ្លៃ តែលក់បានតិច មិនដូចបន្លែគីមីលក់បានរាប់តោននោះទេ។ បន្លែគីមី បើសាឡាត់ មួយគីឡូក្រាមលក់បានតែ៥រយរៀលទេ»។ លោកយាយអះអាងថា ចាប់តាំងដាំបន្លែសរីរាង្គមក គ្រួសារលោកយាយមានលុយធ្វើបុណ្យទាន និងមានជីវភាពប្រសើរជាងមុន ខណៈពីមុនគ្រួសារលោកយាយប្រកបរបរឡើងត្នោត និងមានជីវភាពក្រីក្រ។
អ្នកស្រី តុង ចាន់ធាង នាយកយិការប្រតិបត្តិអង្គការសេដាក បានមានប្រសាសន៍ថា ស្តង់ដារកសិកម្មសរីរាង្គ គឺមានគោលការណ៍ជាក់លាក់ ដូចជា មិនឲ្យប្រើជីគីមី ថ្នាំពុល និងថ្នាំបំប៉នផ្សេងៗ គោរពតាមរយៈពេលនៃការប្រមូលផល និងមានការចុះត្រួតពិនិត្យលើគុណភាព និងការអនុវត្តបច្ចេកទេស ដោយក្រុមអ្នកជំនាញពីបុគ្គលិកអង្គការសេដាក។
អ្នកស្រីបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ន យើងបានបណ្តុះបណ្តាលកសិកររាប់ម៉ឺននាក់នៅទូទាំងប្រទេស ប៉ុន្តែ កសិករដែលជាសមាជិកក្រុមជាក់លាក់មានប្រមាណ៥ពាន់នាក់។ ហើយកសិករខ្លះមិនទាន់អាចផលិតបាន តែកសិករ៣ពាន់នាក់ហើយ ដែលអាចផលិតបានលក់ឲ្យសេដាកទាំង៥សាខានៅភ្នំពេញ»៕