លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរ បានគូសបញ្ជាក់ថា ស្របពេលរដូវប្រមូលផលដំឡូងមីចូលមកដល់ សង្រ្គាមឈ្លានពានរបស់យោធាថៃ មកលើកម្ពុជា ក៏កើតមានឡើង ដូច្នេះហើយ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផលដំឡូងមីនៅចុងឆ្នាំនេះ ខណៈគិតមកទល់ចុងខែធ្នូនេះ យ៉ាងហោចណាស់មានទិន្នផលប្រមាណជាង ៦០% នៅតាមបណ្ដាខេត្តជាប់ព្រំដែនថៃ នៅមិនទាន់អាចចូលទៅប្រមូលផលបាននៅឡើយទេ។ ប្រសិនបើសង្គ្រាមនៅតែបន្ដអូសបន្លាយ អ្នកជំនាញរូបនេះជឿជាក់ថា វានឹងធ្វើឱ្យប៉ះពាល់ដល់ការដាំដុះដំឡូងមីកាន់តែខ្លាំង ដ្បិតតម្លៃទីផ្សារនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការធ្លាក់ចុះស្រាប់ទៅហើយនោះ។
ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានឱ្យដឹងថា ដំណាំដំឡូងមីប្រមាណជាង ៥០% នៅទូទាំងប្រទេសត្រូវបានដាំដុះនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដូច្នេះហើយតាមរយៈការឈ្លានពានយ៉ាងកំរោលរបស់យោធាថៃ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការប្រមូលផលដំឡូងមីកម្ពុជា និងផែនការនាំចេញដំឡូងមីស្រស់កម្ពុជាចំនួន៩លានតោនក្នុង១ឆ្នាំទៅកាន់ទីផ្សារវៀតណាមផងដែរ។
បើតាមការអះអាងរបស់ប្រធានសហព័ន្ធរូបនេះ ការដាំដុះដំឡូងមីរបស់ប្រជាកសិករនៅឆ្នាំនេះបានធ្លាក់ចុះប្រមាណ២០% បើធៀបនឹងឆ្នាំមុន ខណៈតម្លៃដំឡូងមីស្រស់នៅព្រំដែនវៀតណាម បច្ចុប្បន្នអាចលក់ក្នុងតម្លៃជាង ៣០០រៀលទៅជាង ៤០០រៀលក្នុងមួយគីឡូក្រាមទៅតាមកម្រិតជាតិម្សៅ។
អត្ថបទ សោម ស្រីពេជ្រ