ឯកអគ្គរដ្ឋទូតម៉ិកស៊ិក ប្រចាំប្រទេសម៉ាឡេស៊ី លោក ល្វីស ចាវៀ ខេមពូហ្សាណូ (Luis Javier Campuzano) បាននិយាយថា ក្រុមប្រទេសសម្ពន្ធភាពប៉ាស៊ីហ្វិក កំពុងទន្ទឹងរង់ចាំពង្រឹងភាពជាដៃគូជាមួយអាស៊ាន ដែលជាតារាកំពុងរះនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក នៅពេលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះឆ្លាស់វេននៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយ។
លោក ខេមពូហ្សាណូ បាននិយាយថា ក្រុមសម្ពន្ធភាពប៉ាស៊ីហ្វិក ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១១ នឹងផ្ដោតសំខាន់លើពាណិជ្ជកម្មសេរី និងទីផ្សារបើកចំហ ដើម្បីធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ កាត់បន្ថយឧបសគ្គ ជំរុញពាណិជ្ជកម្ម បើកផ្លូវថ្មីសម្រាប់អាជីវកម្ម ការវិនិយោគ និងការច្នៃប្រឌិត និងជំរុញការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ។
លោក ខេមពូហ្សាណូ បាននិយាយថា ប្រសិនបើរួមបញ្ចូលគ្នា ក្រុមប្រទេសសម្ពន្ធភាពនេះមានចំនួនប្រជាជនជាង២៣០លាននាក់ និងមានផលិតផលក្នុងស្រុកសរុបជាង៣,៧ទ្រីលានដុល្លារ ដែលធ្វើឱ្យក្រុមសម្ពន្ធភាពប៉ាស៊ីហ្វិកនេះ ក្លាយជាតួអង្គដ៏សំខាន់មួយនៅលើឆាកអន្តរជាតិ ក្នុងនាមជាសេដ្ឋកិច្ចធំបំផុតទី៨ នៅទូទាំងពិភពលោក។
ចំពោះទំនាក់ទំនងរវាងម៉ាឡេស៊ី និងក្រុមសម្ពន្ធភាពប៉ាស៊ីហ្វិកវិញ លោក ខេមពូហ្សាណូ បាននិយាយថា ប្រទេសម៉ិកស៊ិក និងម៉ាឡេស៊ី អាចនឹងធ្វើការរួមគ្នាលើវិស័យមួយចំនួនដូចជាគ្រឿងបន្លាស់រថយន្ត គ្រឿងបន្លាស់អគ្គិសនី និងអេឡិចត្រូនិក ឧបករណ៍វេជ្ជសាស្ត្រ សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្មអេឡិចត្រូនិក លំហអាកាស និងឧស្សាហកម្មថាមពលជាដើម៕
អត្ថបទ៖ សុខ មង្គល