ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងប្រាប់សារព័ត៌មានឌីជីថល ខេមបូណូមីស ថា ក្រោយភាគីចិន បានធ្វើការវិភាគហានិភ័យ និងការត្រួតពិនិត្យផ្លែមៀន លទ្ធផលដែលទទួលបានមានភាពវិជ្ជមានច្រើន ដោយលោកសង្ឃឹមថា ការងារមួយចំនួននឹងបញ្ចប់នៅចុងខែមករានេះ ហើយទាំងផ្លែមៀនប៉ៃលិន និងត្រីប្រា អាចនាំចេញឆាប់ៗខាងមុខនេះ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសថា បន្ទាប់ពីភាគីទាំងពីរ ចិននិងកម្ពុជា បានវិភាគហានិភ័យ និងត្រួតពិនិត្យផ្លែមៀន នៅចម្ការមួយចំនួន ក្នុងខេត្តគោលដៅ គឺខេត្តបាត់ដំបង និងប៉ៃលិន កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែមករារួចមក ពេលនេះ រដ្ឋបាលគយចិនអាចទទួលយកបាននូវគុណភាពរបស់ផ្លែមៀនប៉ៃលិនកម្ពុជា សម្រាប់នាំចេញទៅទីផ្សារចិនដោយផ្ទាល់ហើយ។ ក៏ប៉ុន្តែ ជាមួយគ្នានោះ ភាគីចិនក៏បានស្នើឱ្យកម្ពុជា បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួនដែលចាំបាច់ ជាពិសេសគឺឃ្លាំងត្រជាក់ ខណៈក្រសួងកំពុងជំរុញការសាងសង់ឃ្លាំងត្រជាក់ឱ្យបានឆាប់ នៅក្នុងអំឡុងខែមករា នេះ។ រដ្ឋមន្ត្រីក្រួងកសិកម្មកម្ពុជាបានបន្ថែមថា ភាគីចិន នឹងរៀបចំពិធីសារមួយដែលរៀបរាប់អំពីលក្ខខណ្ឌតម្រូវចាំបាច់បន្ថែមសម្រាប់កម្ពុជា ដើម្បីអាចនាំចេញផ្លែមៀនទៅកាន់ទីផ្សារចិន ខណៈត្រីប្រា នឹងចាប់ផ្ដើមនៅសប្ដាហ៍ក្រោយ។
គួររំឭកថា ដើម្បីអនុវត្តកុងសង់ស៊ីសពាក់ព័ន្ធ ដែលថ្នាក់ដឹកនាំចិននិងកម្ពុជា កំណត់ជូននិងដើម្បីបញ្ចប់នីតិវិធីតេស្ត និងត្រួតពិនិត្យលើផ្លែមៀនកម្ពុជា ដែលនាំចេញទៅកាន់ប្រទេសចិនឱ្យបានឆាប់រហ័ស កាលពីថ្ងៃទី៤-ថ្ងៃទី៦ ខែមករា រដ្ឋបាលគយប្រទេសចិន បានធ្វើការវិភាគហានិភ័យនិងការត្រួតពិនិត្យផ្លែមៀនកម្ពុជា តាមរយៈវីឌីអូ ដែលមានការចូលរួមពីមន្ត្រីតំណាងស្ថានទូតចិនប្រចាំកម្ពុជា និងមន្ត្រីតំណាងក្រសួងកសិកម្ម កម្ពុជា បានចូលរួមត្រួតពិនិត្យនៅទីតាំងផ្ទាល់។ នេះបើតាមការអះអាងពីស្ថានទូតចិនប្រចាំកម្ពុជា។
ដំណើរការនៃការចុះពិនិត្យនោះ បានធ្វើឡើងលើចម្ការផ្លែមៀនចំនួន ៣កន្លែង ក្នុងខេត្តប៉ៃលិននិងខេត្តបាត់ដំបង និងរោងចក្រវេចខ្ចប់ចំនួន ២កន្លែងក្នុងខេត្តប៉ៃលិន និងខេត្តកំពង់ស្ពឺ ព្រមទាំងមន្ទីរពិសោធន៍ភូតគាមអនាម័យ និងមន្ទីរពិសោធន៍គុណភាពសុវត្ថិភាព នៃក្រសួងកសិកម្ម ផងដែរ៕