បច្ចុប្បន្នប្រទេសប៉ាគីស្ថាន បានខកខានសងវិក័យបត្រតម្លៃជិត២ពាន់លានដុល្លាររបស់បណ្តារោងចក្រថាមពលគាំទ្រដោយចិន ចំនួន២០កន្លែង នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ។ រោងចក្រភាគច្រើនត្រូវបានសាងសង់នៅក្រោមច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ក្នុងតម្លៃ៥០ពាន់លានដុល្លារ ដែលជាផ្នែកនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន។
យ៉ាងណាក៏ដោយទីក្រុងអ៊ីស្លាម៉ាបាត កាលពីចុងសប្តាហ៍មុនបានប្រកាសថា ខ្លួនកំពុងស្វែងរកការរៀបចំជាថ្មីនូវរចនាសម្ព័ន្ធបំណុលជាង១៥ពាន់លានដុល្លារ ពាក់ព័ន្ធនឹងកម្ចីសម្រាប់ការសាងសង់រោងចក្រដែលផ្ដល់មូលនិធិដោយចិនទាំងអស់នោះ។ បើតាមមន្ត្រីដែលពាក់ព័ន្ធក្នុងដំណើរការនេះ ប៉ាគីស្ថានចង់សុំឱ្យក្រុមហ៊ុនចិនទាំងនេះពន្យារពេលសងបំណុល៥ឆ្នាំបន្ថែមទៀត ដើម្បីឱ្យខ្លួនអាចសន្សំការចំណាយលើសេវាបំណុលបានប្រហែល២ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ប៉ាគីស្ថាន ចង់ឱ្យភាគីចិន អនុម័តលើការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញនេះឱ្យបានមុនពេលនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សេបាស សារីហ្វ (Shehbaz Sharif) ធ្វើទស្សនកិច្ចនៅប្រទេសចិន នៅខែក្រោយនេះ។ ប៉ុន្តែអ្នកសង្កេតការណ៍បាននិយាយថា ការបញ្ចុះបញ្ចូលចិន ឱ្យធ្វើបែបនេះអាចជារឿងលំបាកបំផុត ប៉ុន្តែចិន អាចនឹងផ្តល់ប្រាក់កម្ចីសម្រាប់យកទៅទូទាត់សងប្រាក់កម្ចីនៃគម្រោងថាមពលទាំងនោះ។
ការស្នើសុំនេះបានធ្វើឡើងចំពេលមានភាពតានតឹងរវាងប្រទេសទាំងពីរ បន្ទាប់ពីមានការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធយ៉ាងសាហាវទៅលើជនជាតិចិន និងផលប្រយោជន៍សេដ្ឋកិច្ចនៅក្នុងប្រទេសប៉ាគីស្ថាន៕