នៅក្នុងសវនាការសភា កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសលោក អាន់តូនី ប្លីនខេន និងរដ្ឋមន្ត្រីការពារជាតិលោក ឡយដ៍ អូស្ទីន បានអំពាវនាវទៅកាន់គណៈកម្មាធិការរៀបចំព្រឹទ្ធសភា ផ្តល់ជំនួយយោធាដែលមានតម្លៃរាប់ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល អ៊ុយក្រែន និងការចំណាយផ្នែកសន្តិសុខផ្សេងទៀត។ អំឡុងការថ្លែងនោះ គេឃើញមានអ្នកទស្សនាប្រហែលជាងម្ភៃនាក់ បានលើកដៃដែលមានលាបពណ៌ជានិមិត្តរូបនៃការបង្ហូរឈាមនៅតំបន់ Gaza។ អ្នកខ្លះទៀតបានសរសេរសារ«ដោះលែងហ្កាហ្សា»នៅលើដៃរបស់ពួកគេ និងស្រែកទាមទារឱ្យឈប់ផ្តល់ជំនួយដល់អ៊ីស្រាអែល និងបទឈប់បាញ់ឥឡូវនេះ។
ស្របពេលជាមួយគ្នានោះ គេឃើញរដ្ឋមន្ត្រីការបរទេស ប្លីនខេន ត្រូវបានបង្អាក់ជាច្រើនដង ពេលលោកកំពុងថ្លែង ខណៈអ្នកតវ៉ាទាំងនោះត្រូវបានប៉ូលីសនាំចេញជាបន្តបន្ទាប់។ គួរជម្រាបថា ប្រធានាធិបតី ចូ បៃដិន បានស្នើសុំសភាសម្រាប់ការចំណាយលើសន្តិសុខ១០៥ពាន់លានដុល្លារ រួមទាំងជាង១៤ពាន់លានដុល្លារទៀត សម្រាប់សម្ព័ន្ធមិត្តរបស់ខ្លួន គឺអ៊ីស្រាអែល។ យ៉ាងណាមិញ នៅថ្ងៃអង្គានោះ លោក ប្លីនខេន ថា សហរដ្ឋអាម៉េរិក និងប្រទេសផ្សេងទៀតក្នុងតំបន់កំពុងសម្លឹងមើលពីវាសនាអនាគតសម្រាប់តំបន់ហ្គាហ្សាពេលអស់ពីហាម៉ាសគ្រប់គ្រង់ទៅ។ លោកសង្កត់ធ្ងន់ថា ហាម៉ាសនឹងមិនអាចបន្តគ្រប់គ្រងហ្កាហ្សាតទៅទៀតទេ ហើយអ៊ីស្រាអែល ក៏មិនចង់គ្រប់គ្រងដែរ។ លោកថា អាម៉េរិក និងដៃគូក្នុងតំបន់មិនបានសម្រេចលើដំណោះស្រាយណាមួយទេ ប៉ុន្តែវិធីដែលល្អ និងមានប្រសិទ្ធភាព គឺត្រូវបង្កើតឱ្យមានអាជ្ញាធរប៉ាឡេស្ទីនមួយ ដែលមានការជួយពីក្រោយដោយភ្នាក់ងារ និងកម្លាំងចម្រុះរួមមានអាម៉េរិក និងអង្គការសហប្រជាជាតិ។
ស្របពេលជាមួយគ្នានេះ ក្រុមប្រឹក្សាជាតិប្រជាធិបតេយ្យមូស្លីម ដែលរួមមានមេដឹកនាំគណបក្សប្រជាធិបតេយ្យមកពីរដ្ឋដែលអាចសម្រេចការបោះឆ្នោត ដូចជារដ្ឋ Michigan រដ្ឋ Ohio និង Pennsylvania ផងនោះ បានស្នើជំរុញឱ្យលោក បៃដិន ប្រើប្រាស់ឥទ្ធិពលរបស់លោកជាមួយអ៊ីស្រាអែល ដើម្បីស្វែងរកបទឈប់បាញ់ជាបន្ទាន់។
មេដឹកនាំមូស្លីមទាំងនោះ បានសន្យាថា នឹងប្រមូលផ្តុំអ្នកបោះឆ្នោតមូស្លីម អារ៉ាប់នៅក្នុងទឹកដីសហរដ្ឋអាម៉េរិកទាំងអស់ បោះឆ្នោតរារាំង និងឈប់គាំទ្របេក្ខជនបក្សប្រជាធិបតេយ្យណា ដែលគាំទ្រការវាយលុករបស់អ៊ីស្រាអែលប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន។
យោងតាម ក្រុមពលរដ្ឋអាម៉េរិក មូស្លីម Emgage បានរកឃើញថា ប្រជាជនអាម៉េរិក ម៉ូស្លីមជាង១លាននាក់ បានបោះឆ្នោតនៅក្នុងឆ្នាំ២០២០។ ការស្ទង់មតិចេញដោយសារព័ត៌មាន AP បានបង្ហាញថា ៦៤%នៃប្រជាជនអាម៉េរិកម៉ូស្លីម បានបោះឆ្នោតឱ្យលោក បៃដិន ខណៈ៣៥% ប៉ុណ្ណោះ បានបោះឱ្យលោក ដូណាល់ ត្រាំ កាលពីឆ្នាំ២០២០។
ដោយឡែក បើតាមវិទ្យាស្ថានអារ៉ាប់ អាម៉េរិកប៉ាន់ប្រមាណថា ជនជាតិអាម៉េរិក កាន់សាសនាម៉ូស្លីមមានប្រមាណជិត៤លាននាក់ ដែលមានឫសគល់ចេញពីប្រទេអារ៉ាប់ បានបោះឆ្នោតលែងគាំទ្រលោក បៃដិន និងគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតឆ្នាំក្រោយ។ វិទ្យាស្ថានអារ៉ាប់អាម៉េរិក ឱ្យដឹងថា ការបោះលែងគាំទ្រនេះបានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងការស្ទង់មតិកាលពីថ្ងៃអង្គារ។
ទោះជាយ៉ាងណា ចំពេលដែលមានព្រួយបារម្ភពីសេណារីយ៉ូថ្មីនេះ សេតវិមានបាននិយាយថា ប្រធានាធិបតី ចូ បៃដិន បានជួបជាមួយមេដឹកនាំអាម៉េរិកម៉ូស្លីម កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
បើតាមអ្នកនាំពាក្យសេតវិមានលោកស្រី Karine Jean-Pierre បានរំលេចថា រដ្ឋបាលលោក ចូ បៃដិន ដឹង និងយល់អំពីការមិនពេញចិត្ត និងខឹងស្អប់របស់សហគមន៍អារ៉ាប់ និងម៉ូស្លីម ប៉ុន្តែនឹងបន្តចូលរួមដោះស្រាយការព្រួយបារម្ភ និងបញ្ហាប្រឈមនេះតទៅទៀតជាមួយនឹងមេដឹកនាំជ្វីបនៅអាម៉េរិក៕