ការសម្រេចបានសន្តិភាព

តើសម្ដេចតេជោហ៊ុន សែន ផ្ដល់យុទ្ធសាស្ត្រគន្លឹះអ្វីខ្លះ ដើម្បីឈានទៅរកការសម្រេចបានសន្តិភាពនៅឧបទ្វីបកូរ៉?


ថ្លែងចេញពីទីក្រុងសេអ៊ូល នាថ្ងៃទី១៣ ខែកុម្ភៈ ក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា ការយកឈ្នះលើភាពច្របូកច្របល់ និងការមិនទុកចិត្តគ្នា ទាមទារឱ្យមានកិច្ចចរចាជាច្រើនឆ្នាំ និងវិធានការកសាងទំនុកចិត្ត។ សម្ដេចបន្តថា ជាការពិតដំណើរការផ្សះផ្សា និងដំណើរការរំសាយអាវុធនុយក្លេអ៊ែរ ទាក់ទងនឹងជម្លោះនៅឧបទ្វីបកូរ៉េ គឺនឹងត្រូវធ្វើឡើង បន្តិចម្ដងៗ និងជាដំណាក់កាល ដែលត្រូវការអត់ធ្មត់ជាយុទ្ធសាស្ត្រ។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ ២០២២ រូបភាព៖ SPM page

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានចេញនូវអនុសាសន៍ ៣ចំណុច ដល់កិច្ចប្រជុំពិចារណា ដើម្បីឈានទៅរកសន្តិភាពនៅឧបទ្វីបកូរ៉។ តើអនុសាសន៍ទាំង៣ចំណុចនេះ មានអ្វីខ្លះ? 

ក្នុងនាមជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ស្ដីពី«សន្តិភាពនៅឧបទ្វីបកូរ៉េ» សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងដូច្នេះ ដើម្បីស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ ត្រូវគិតពិចារណាលើចំណុច ៣សំខាន់ៗដូចជា៖ 

ទី១.ការយកឈ្នះលើភាពច្របូកច្របល់ និងការមិនទុកចិត្តគ្នាដែលអូសបន្លាយជាង ៧០ឆ្នាំមកនេះ ទាមទារឱ្យមានកិច្ចចរចាជាច្រើនឆ្នាំ និងវិធានការកសាងទំនុកចិត្ត ហើយជាការពិតដំណើរឆ្ពោះទៅរកការផ្សៈផ្សារបន្តិចម្ដងៗ។ ដូច្នេះ ដំណើរការរំសាយអាវុធនុយក្លេអ៊ែរ នឹងត្រូវធ្វើឡើងជាដំណាក់កាល និងត្រូវការភាពអត់ធ្មត់។

ទី២.ការប្រាស្រ័យទាក់ទងផ្នែកការទូតដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ៖ សម្ពាធតែម៉្យាង គឺមិនអាចដោះស្រាយមូលហេតុនៃជម្លោះដ៏ស៊ីជម្រៅ ឱ្យមានប្រសិទ្ធភាព នោះទេ ហើយក៏មិនអាចដោះស្រាយបញ្ហាស្មុគស្មាញអស់ជាច្រើនទសវត្សរ៍មកហើយនេះដែរ។ ដូច្នេះ មានតែការប្រាស្រ័យទាក់ទងផ្នែកការទូតដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយ គឺជាតម្រូវការចាំបាច់មុនគេ ។ ការប្រាស្រ័យទាក់ទងជាវិជ្ជមាន ជាមួយទីក្រុងព្យុងយ៉ាង នឹងកាត់បន្ថយហានិភ័យនៃភាពឯកោកាន់តែខ្លាំង ដែលជាលទ្ធផលនឹងនាំទៅរកការបន្ធូរបន្ថយនូវវដ្ដនៃភាពតានតឹងផ្នែកយោធាដ៏អាក្រក់ ហើយទីបំផុតអាចឈានទៅការបន្ថយមហិច្ឆតានុយក្លេអ៊ែរ។

និងទី៣. ការកសាងជំហាននៃជំនឿទុកចិត្ត ចាំបាច់ត្រូវតែមានការចូលរួមជាក់ស្ដែងជាប្រចាំពីអ្នកចរចាសន្តិភាព ដែលគួរផ្តោតលើកិច្ចខិតខំប្រឹងប្រែងដែលអាចទទួលលទ្ធផលបានឆាប់ មិនមានភាពចម្រូងចម្រាសមិនសូវរសើប និងជាក់ស្ដែង។

សម្ដេច ហ៊ុន សែន បានលើកឡើងថា សង្គ្រាមកូរ៉េ មានអាយុកាលជាង ៧២ ឆ្នាំហើយ ដែលមកទល់ពេលនេះ មានតែបទឈប់បាញ់ដែលមានអាយុកាលជាង៦៩ឆ្នាំ គិតចាប់តាំងថ្ងៃចុះហត្ថលេខា តែប៉ុណ្ណោះ។ ជាច្រើនទសវត្សរ៍កន្លងមកនេះ កិច្ចខិតខំប្រឹងប្រែងសន្តិភាពត្រូវបានធ្វើឡើងនៅគ្រប់កម្រិត និងវេទិកាផ្សេងៗគ្នា ប៉ុន្តែជាអកុសល មិនទទួលបានលទ្ធផលអ្វីឡើយ ។ សន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ នៅតែមានភាពស្រពេចស្រពិល និងផុយស្រួយ ដោយសារវិធីសាស្ត្រមុនៗ មិនទទួលបានជោគជ័យ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដោយសម្ដេចបន្តថា នោះជាមូលហេតុដែលពេលនេះ យើងត្រូវមានភាពក្លាហាន ដើម្បីរិះរកវីធីប្រកបដោយភាពច្នៃប្រឌិត ដែលអាចផ្តល់លទ្ធផលវិជ្ជមាន។

បើតាមទស្សនៈនាយករដ្ឋមន្រ្តីកម្ពុជា សន្តិភាពនិងសន្តិសុខ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូល មិនអាចកាត់ផ្តាច់ចេញពីសន្តិភាពនិងសន្តិសុខនៅឧបទ្វីបកូរ៉េ ហើយសន្តិភាព និងសន្តិសុខនៅឧបទ្វីបកូរ៉ ក៏មិនអាចកាត់ផ្ដាច់ចេញពីសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោកទាំងមូលដូចគ្នា។ ដូច្នេះ សម្ដេចជឿថាគំនិតផ្តួចផ្តើម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ, ឧបទ្វីបតែមួយ, ប្រជាជនតែមួយ, វប្បធម៌តែមួយ» គឺជាក់ស្ដែង និងអាចសម្រេចបាន ព្រោះជាគំនិតផ្តួច-ផ្តើមមានគោលបំណងលើកកម្ពស់ការផ្លាស់ប្ដូរ វប្បធម៌ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនរវាងកូរ៉េទាំងពីរ។

សម្ដេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា ដើម្បីអាសម្រេចចនូវលទ្ធផលខាងលើ សម្ដេចស្នើជំហានជាក់ស្ដែងមួយចំនួនសម្រាប់ការពិចារណា ដូចជា ៖ទី១. យើងគួរតែប្រែក្លាយតំបន់គ្មានយោធា (DMZ) ទៅជាច្រករបៀងវប្បធម៌សុវត្ថិភាព និងបើកចំហដែលតភ្ជាប់ប្រជាជនទាំងពីរ។ ទី២.កូរ៉េទាំងពីរគួរតែសហការបន្ថែមទៀត នៅក្រោមក្របខណ្ឌរបស់អង្គការយូណេស្កូ ដើម្បីបង្កើត លក្ខខណ្ឌចាំបាច់សម្រាប់កិច្ចសន្ទនាដោយផ្អែកលើការគោរពតម្លៃរួម។ និងទី៣. កូរ៉េទាំងពីរគួរតែធ្វើការរួមគ្នាដើម្បីលើកកម្ពស់វប្បធម៌កូរ៉េ, ភ្ជាប់អរិយធម៌កូរ៉េជាមួយអរិយធម៌ដទៃទៀត និងរួមគ្នាអភិវឌ្ឍទេសចរណ៍វប្បធម៌ និងនវានុវត្តន៍។ ជាចុងបញ្ចប់សម្ដេចក៏ស្នើឱ្យថ្នាក់ដឹកនាំមកពីវិស័យផ្សេងៗ ផ្តល់នូវធាតុផ្សំក្នុងគំនិតផ្តួចផ្តើម «រដ្ឋពីរ ឆ្ពោះទៅជាតិតែមួយ ឧបទ្វីបតែមួយ, ប្រជាជនតែមួយវប្បធម៌តែមួយ» ផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃនឹងបង្កើតគម្រោងផ្ដល់កម្ចីដល់ SMEs ដើម្បីអាចពង្រឹងសមត្ថភាពនាំចេញក្រោមកិច្ចព្រមព្រៀង RCEP

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មថៃ បានចាប់ដៃគ្នាជាមួយនឹងធនាគារនាំចេញនាំចូលរបស់ថៃ និងសាជីវកម្មធានាឥណទានថៃ ដើម្បីបង្កើតគម្រោងផ្គូរផ្គងដើម្បីផ្ដល់កម្ចីសម្រា…

កម្មវិធី«ផ្ទះខ្ញុំស្អាត» នៃទីក្រុងរណបសិរីមង្គល នឹងប្រកាសជ័យលាភីនៅថ្ងៃទី១៦ កុម្ភៈនេះ

ព័ត៌មាន
ទីក្រុងរណបសិរីមង្គល ដែលជាគម្រោងវិនិយោគដោយក្រុមហ៊ុន វើលដ៏ប្រ៊ីដ ហូម ស្ថិតនៅតាមផ្លូវជាតិលេខ២១ ចម្ងាយប្រហែល៧គីឡូម៉ែត្រពីរង្វង់មូលក្រុងតាខ្មៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ