យោងតាមការចុះផ្សាយរបស់វេបសាយមួយដែលមានឈ្មោះថា អាយអេហ្វអិលសាយអិនស៍ (IFLSCIENCE) កាលពីថ្ងៃអង្គារ ទី២៧ ឱ្យដឹងថា អគារ ស៊ូរ៉ាត ឌីយ៉ាងម៉ង់ ប៊ស (Surat Diamond Bourse) មានអគារប៉ម ឬ Tower ចំនួន៩ ដោយអគារប៉មនីមួយៗមានកម្ពស់១៥ជាន់។
ក្រុមហ៊ុន ម័រហ្វូជីណឺស៊ីស (Morphogenesis) ដែលជាក្រុមហ៊ុនស្ថាបត្យកម្មនៅពីក្រោយការឌីហ្សាញប្លង់អគារ ស៊ូរ៉ាត ឌីយ៉ាងម៉ង់ ប៊ស (Surat Diamond Bourse) បានអះអាងថា អគារនេះមានផ្ទៃការិយាល័យរហូតដល់ទៅជាង៦៦ម៉ឺនម៉ែត្រការ៉េ ដោយវ៉ាឈ្នះអគារ ប៉ង់តាហ្គោន ដែលមានផ្ទៃជាង៦២ម៉ឺនម៉ែត្រការ៉េ។
មិនខុសពីឈ្មោះរបស់វាឡើយ អាជីវកម្មចម្បងរបស់អគារនេះ គឺការជួញដូរត្បូងពេជ្រ ដែលផ្តល់ផ្ទៃការិយាល័យសម្រាប់ឈ្មួញត្បូងពេជ្រជាង៤ពាន់៥០០នាក់។ ទន្ទឹមនេះអគារនេះ ក៏នឹងមានផ្សារទំនើបលក់ត្បូងពេជ្រដំបូងគេមិនធ្លាប់មានផងដែរ ដែលមានសាល ឬ Showroom តាំងបង្ហាញគ្រឿងអលង្ការពេជ្រដល់ទៅ២៧។
អគារនេះត្រូវបានឌីហ្សាញ និងសាងសង់ឡើងដោយមានការគិតគូរយ៉ាងល្អិតល្អន់អំពីបរិស្ថាន។ អគារដ៏ធំអស្ចារ្យនេះត្រូវបានសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi)។
អគារ ស៊ូរ៉ាត ឌីយ៉ាងម៉ង់ ប៊ស (Surat Diamond Bourse) នឹងក្លាយជាចំណុចស្នូលនៃសង្កាត់ពាណិជ្ជកម្មហៅកាត់ថា DREAM នៅក្នុងទីក្រុងស៊ូរ៉ាត (Surat) ប្រទេសឥណ្ឌា។ បច្ចុប្បន្នបរិវេណជុំវិញអគារនេះភាគច្រើនគ្រាន់តែជាដីដែលត្រូវបានគេឈូសឆាយ និងការដ្ឋានសាងសង់ប៉ុណ្ណោះ ប៉ុន្តែតំបន់នេះមានមហិច្ឆតាចង់ក្លាយជារដ្ឋធានីត្បូងពេជ្ររបស់ពិភពលោក៕
ដោយ: តែម សុខុម