អតីតប្រធានាធិបតីរុស្សី លោកឌីមេទ្រី មេដវេដេវ (Dmitry Medvedev) ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិប្រចាំប្រទេសរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍បារាំងមួយថា «រុស្ស៊ីបានត្រៀមខ្លួនរួចរាល់ដើម្បីជួបពិភាក្សា ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្រោមលក្ខខណ្ឌមួយចំនួន»។
សូម្បីតែមុនពេលការលុកលុយខែកុម្ភៈ ទីក្រុងមូស្គូបានបញ្ជាក់យ៉ាងច្បាស់ថា សមាជិកភាពអ៊ុយក្រែនរបស់ណាតូមិនអាចទទួលយកបានឡើយ។
លោក Medvedev បានប្រាប់ទូរទស្សន៍បារាំង (LCI) ដែលត្រូវបានស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានរុស្សីថា «មុននឹងព្រឹត្តិការណ៍ថ្ងៃទី ២៤ កុម្ភៈ ទីក្រុងម៉ូស្គូមិនអាចទទួលយកបានឡើយនូវសមាជិកភាពអ៊ុយក្រែននៃអង្គការណាតូ តែឥលូវនេះ បើអ៊ុយក្រែនលែងចង់ចូលជាសមាជិកអង្គការយោធាមួយនេះ គឺវាជាការណ៍ល្អ តែវានៅមិនទាន់គ្រប់គ្រាន់ឡើយ ក្នុងបង្កើតសន្តិភាពជាមួយរុស្សីបាននោះទេ»។
លោកបានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីនឹងបន្តយុទ្ធនាការយោធានេះរហូតដល់សម្រេចបានគោលដៅរបស់ខ្លួន ដែលកន្លងមក លោក ពូទីននិយាយថា រុស្សីចង់កម្ចេច «របបណាស៊ីបែបថ្មី» របស់រដ្ឋាភិបាលអ៊ុយក្រែនតែម្តង។ ទោះបីជាយ៉ាងណា របបទីក្រុងកៀវ និងប្រទេសលោកខាងលិចបានិយាយថា នេះជាលេសគ្មានមូលដ្ឋានសោះឡើយក្នុងការធ្វើសង្គ្រាម។
គួររំលឹកថា រុស្ស៊ី និងអ៊ុយក្រែនបានបើកកិច្ចចរចាជាច្រើន បន្ទាប់ពីការលុកលុយបានចាប់ផ្តើម ប៉ុន្តែកិច្ចព្រមព្រៀងនេះ ហាក់មិនមានការរីកចម្រើនអ្វីនោះទេ ជុំវិញដំណើរឆ្ពោះទៅរកសន្តិភាព។
នៅក្នុងសេចក្តីអធិប្បាយរបស់អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្សីនោះដែរ លោកបានលើកឡើងថា «សព្វាវុធរបស់អាមេរិកដែលបានផ្គត់ផ្គង់ដល់អ៊ុយក្រែនដូចជា មីស៊ីល HIMARS និងគ្រាប់រ៉ុក្កែតផ្សេងទៀត មិនទាន់បង្កការគំរាមគំហែងអ្វីធំដុំដល់រុស្សីឡើយ»។
តែលោកបានបញ្ជាក់ថា មីស៊ីលផ្លោងមានចម្ងាយត្រឹម ៧០ គីឡូម៉ែត្រជារឿងមួយ ប៉ុន្តែបើវាមានសមត្ថភាពបាញ់បានចម្ងាយ ៣00 ទៅ 400 គីឡូម៉ែត្រនោះគឺជាការគំរាមកំហែងដល់ទឹកដីសហព័ន្ធរុស្សីទាំងមូល ហើយវិមានក្រឹមឡាំងនឹងមិនអត់ឪនឲ្យសហរដ្ឋអាមេរិកឡើយ។
មួយវិញទៀត ថ្មីៗនេះដែរ ទីក្រុងមូស្គូ និងទីក្រុងគៀវបានចោទប្រកាន់គ្នាទៅវិញទៅមកកាលពីថ្ងៃសៅរិ៍ ទី ២៧ សីហា នេះថា បានបាញ់ផ្លោងជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរហ្សាពូរីហ្សៀ (Zaporizhzhia) ដែលត្រូវបានកាន់កាប់ដោយរុស្សី ដែលបង្កក្តីបារម្ភពីសហគម៍អន្តរជាតិយ៉ាងខ្លាំងថា ការប្រយុទ្ធគ្នាជុំវិញរោងចក្រនុយក្លេអ៊ែរនេះអាចបង្កឲ្យមានមហន្តរាយពិភពលោក។
ក្រុមហ៊ុននុយក្លេអ៊ែររដ្ឋរបស់អ៊ុយក្រែន អេនើហ្កតុម (Energoatom) បាននិយាយថា ទាហានរុស្ស៊ីបានបាញ់ផ្លោងម្តងហើយម្តងទៀត លើមូលដ្ឋាននៃអគាររោងចក្រក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលធ្វើឲ្យមានការខូតខាតយ៉ាងដំណំ។
ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូឯណោះវិញ បានចោទប្រកាន់កងកម្លាំងអ៊ុយក្រែនពីការបាញ់ផ្លោងរោងចក្រចំនួនបីដងក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះដូចគ្នា។ ទោះបីជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ (Reuters) មិនទាន់អាចផ្ទៀងផ្ទាត់របាយការណ៍លើសមរភូមិបាននៅឡើយទេ។
គួរជម្រាបដែរ ក្រុមអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ដែលជាទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ក៏ចង់ទៅទស្សនានៅរោងចក្រនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែននេះដែរ ហើយប្រធានទីភ្នាក់ងារគឺ លោករ៉ាហ្វាអេល ហ្ក្រូស៊ី (Rafael Grossi) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះដែរថា «វាគឺកៀកពេលមែនទែនហើយ ក្នុងការបញ្ជូនមន្ត្រីទៅទីនោះ»៕