ក្រុមហ៊ុន PetroVietnam បានជូនដំណឹងដល់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh អំពីផែនការសាងសង់រោងចក្រចម្រាញ់ប្រេងថ្មីរបស់ខ្លួនរួចហើយ ខណៈប្រសិនបើផែនការនេះសម្រេចបានវានឹងក្លាយជារោងចក្រចម្រាញ់ប្រេងដ៏ធំទីបីនៅក្នុងប្រទេសវៀតណាម។ រោងចក្រចម្រាញ់ប្រេងនេះគ្រោងនឹងសាងសង់នៅក្នុងខេត្ត Ba Ria-Vung Tau ភាគខាងត្បូងនៃប្រទេសវៀតណាម ដោយនៅពេលដែលគម្រោងនេះសាងសង់រួចរាល់ វាត្រូវបានគេមើលឃើញថា នឹងអាចចម្រាញ់ប្រេងឆៅពី ២៤ លានតោន ទៅ ២៦ លានតោនក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ រយៈពេលសាងសង់ត្រូវបានបែងចែកជាពីរដំណាក់កាល ខណៈការវិនិយោគសម្រាប់ដំណាក់កាលទី ១ ត្រូវបានគេរំពឹងថានឹងចំណាយទឹកប្រាក់រហូតដល់ ១៣,៥ ពាន់លានដុល្លារ និង ដំណាក់កាលទី ២ ចំណាយ ៥ ពាន់លានដុល្លារ។ ក្នុងនោះ ក្រុមហ៊ុននេះក៏នឹងសាងសង់កន្លែងសម្រាប់ស្តុកផលិតផលប្រេងផងដែរ។
ក្រុមហ៊ុន PetroVietnam បានគូសបញ្ចាក់ថា ប្រេងឆៅ និង ធនធានផ្សេងទៀតដែលត្រូវការសម្រាប់ផ្គត់ផ្គង់រោងចក្រចម្រាញ់ប្រេងនឹងត្រូវបានប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ខណៈការខ្វះខាតណាមួយនឹងត្រូវបាននាំចូលពីមជ្ឈិមបូព៌ា និង សហរដ្ឋអាមេរិក។ ទោះយ៉ាងណា ពេលវេលានៃការប្រតិបត្តិការមិនត្រូវបានក្រុមហ៊ុនម្ចាស់គម្រោងប្រាប់ឱ្យដឹងនោះទេ។
គួរបញ្ចាក់ថា បច្ចុប្បន្ននេះ វៀតណាមមានរោងចក្រចម្រាញ់ប្រេងចំនួន២រួចហើយ គឺ រោងចក្រចម្រាញ់ Nghi Son នៅភាគខាងជើងក្នុងខេត្ត Thanh Hoa ដំណើរការដោយក្រុមហ៊ុនលក់ដុំប្រេងជប៉ុន Idemitsu Kosan និង រោងចក្រចម្រាញ់ Dung Quat នៅខេត្ត Quang Ngai ភាគកណ្តាល ដែលដំណើរការដោយ PetroVietnam។ ប៉ុន្តែប្រទេសនេះ មិនមានរោងចក្រចម្រាញ់ប្រេងទេនៅភាគខាងត្បូង ខណៈទីនោះ គឺមានទីក្រុងហូជីមិញ ដែលជាទីក្រុងធំបំផុតរបស់ខ្លួនដែលមានប្រហែល ៤៥% នៃតម្រូវការក្នុងស្រុកសរុបសម្រាប់ផលិតផលប្រេង និង គីមីឥន្ធនៈ។
ក្រុមហ៊ុន PetroVietnam និយាយថា ផែនការរបស់ខ្លួនក្នុងការសាងសង់រោងចក្រចម្រាញ់ប្រេង និងកន្លែងផ្សេងទៀតនៅភាគខាងត្បូងគឺសមហេតុផល និង ស្របតាមតម្រូវការនៃទីផ្សារក្នុងប្រទេស។ យ៉ាងណាមិញ ជាមួយរោងចក្រចម្រាញ់ប្រេងទាំងពីររបស់វៀតណាមនាពេលបច្ចុប្បន្ននេះ គឺមានសមត្ថភាពអាចផ្គត់ផ្គង់ប្រេងសាំងសម្រាប់ប្រើប្រាស់ក្នុងស្រុកដល់ទៅ ៧០% ឯណោះ។ ទោះយ៉ាងណា នៅតែមានក្តីបារម្ភត្រូវបានលើកឡើងជុំវិញតម្រូវការប្រេងសាំងអាចនឹងមានតិចជាងចំនួន ដែលផលិតបានច្រើនលើសលុប ដែលអាចធ្វើឲ្យទីផ្សារនៅទ្រឹង ដោយសារមានបទប្បញ្ញត្តិទាក់ទងនឹងបរិស្ថានកាន់តែតឹងរ៉ឹង ហើយការប្រើប្រាស់រថយន្តអគ្គិសនីមានការកើនឡើងយ៉ាងឆាប់រហ័ស ដែលកត្តាទាំងនេះ អាចនឹងនាំឱ្យការផ្គត់ផ្គង់សាំងលើសតម្រូវការ។ មួយវិញទត បង្កើនមូលនិធិដ៏ច្រើននេះក៏ទំនងជាបញ្ហាផងដែរ នៅក្នុងការផលិតផ្គត់ផ្គង់ប្រេងនេះ៕