រោងចក្រចម្រាញ់ប្រេងទី៣ របស់វៀតណាម

វៀតណាមនឹងសាងសង់រោងចក្រចម្រាញ់ប្រេងទី ៣ ក្រោយជួបវិបត្តិកង្វះខាតប្រេងក្នុងប្រទេស


វៀតណាមកំពុងធ្វើការលើនីតិវិធីរដ្ឋបាល ដើម្បីសាងសង់រោងចក្រចម្រាញ់ប្រេងធំទីបីរបស់ខ្លួន ចំពេលដែលប្រទេសនេះ កំពុងប្រឈមនឹងការខ្វះខាតប្រេងប្រើប្រាស់ក្នុងស្រុក និងការកើនឡើងនៃតម្លៃប្រេងលើទីផ្សារពិភពលោក ដោយសារតែការពឹងផ្អែកខ្លាំងលើការនាំចូលប្រេងពីក្រៅប្រទេស។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
រោងចក្រចម្រាញ់ប្រេងទី៣ របស់វៀតណាម

ឧបនាយករដ្ឋមន្ត្រីវៀត លោក Le Van Thanh បានអះអាង​ថ្មីៗនេះថា រោងចក្រចម្រាញ់ប្រេងទី៣នេះ ត្រូវបានកំណត់ថា មានសមត្ថភាពចម្រាញ់​ប្រេង​បាន ១០ លានតោនក្នុងមួយឆ្នាំ ដែលមានទីតាំង​នៅភាគខាងត្បូង​នៃខេត្ត Ba Ria-Vung Tau។

បច្ចុប្បន្ន វៀតណាម​មានរោងចក្រចម្រាញ់​ប្រេង​ចំនួនពីរគឺ Nghi Son និង Binh Son ដែលរោងចក្រទាំងពីនេះ បូកបញ្ចូលគ្នាមានសមត្ថភាពចម្រាញ់ប្រេង​សរុបបាន ១៣លានតោនក្នុងមួយឆ្នាំ។

សូមជម្រាបថា រោងចក្រទាំងពីរនេះ បំពេញតម្រូវការក្នុង​ស្រុកប្រមាណ ៧០ភាគរយ ខណៈ៣០%ទៀតជាប្រេងនាំចូល។

ជាមួយនឹងរោងចក្រថ្មីនេះ សមត្ថភាពផលិតប្រេងសរុបរបស់វៀតណាមនឹងឈានដល់ ២៣ លានតោនក្នុងមួយឆ្នាំ ដែលចំនួននេះ​ត្រូវបានរំពឹងថា នឹងគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងស្រុក។

គួរជម្រាបថា ប្រទេសក្បែរខាង​កម្ពុជាមួយនេះ ក៏នឹងបង្កើនការខួងយកប្រេងឆៅដែរ ព្រោះថាការផ្គត់ផ្គង់​បច្ចុប្បន្ន​អាចបំពេញ បានតែ ៥០ ភាគរយ នៃតម្រូវការផលិតកម្មប្រេងប៉ុណ្ណោះ។

យ៉ាងណាមិញ តម្លៃសាំង​នៅប្រទេស​វៀតណាម ក៏បានរងផល​ប៉ះពាល់​យ៉ាងខ្លាំង​ផងដែរ ដោយសារការ​ប្រែប្រួល​នៃអត្រា​តម្លៃទីផ្សារ​ពិភពលោក។ តម្លៃសាំងក្នុងប្រទេសវៀតណាមបានកើនឡើងដល់កម្រិតខ្ពស់បំផុតដល់ ១ដុល្លារ៣០សេន​ក្នុងមួយលីត្រកាលពីសប្តាហ៍មុន។ តម្លៃកើនឡើងនេះ ក៏ជាផ្នែកមួយដែលបណ្ដាលម​កពីរោងចក្រចម្រាញ់ប្រេង Nghi Son ត្រូវកាត់បន្ថយការផលិតកម្ម​តាំងពីខែកុម្ភៈ ដោយសារតែជួបបញ្ហា​ហិរញ្ញ។

គួរបញ្ជាក់ថា ស្ថានីយ៍ប្រេងឥន្ធនៈ​នៅទូទាំងប្រទេសវៀតណាម​បានរាយការណ៍ពីការខ្វះខាតប្រេង ហើយមួយចំនួនទៀតបាន​បិទស្ថានីយ៍​ជាបណ្តោះអាសន្នក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

អត្ថបទ ស៊ើង និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ីដាក់កិច្ចព្រមព្រៀង RCEP ចូលជាធរមានហើយ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មអន្តរជាតិរបស់ប្រទេសម៉ាឡេស៊ីបាននិយាយថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានចូ…

រោងចក្រកែច្នៃសាច់មាន់ជាង១០របស់ថៃ ទទួលបានសិទ្ធិនាំចេញសាច់មាន់ទៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មាន
មានក្រុមហ៊ុនរោងចក្រកែច្នៃសាច់មាន់របស់ថៃជាង១០រោងចក្រ ក្នុងនោះ ក៏មានក្រុមហ៊ុន CP Foods ផងដែរនឹងចាប់ផ្តើមការនាំចេញសាច់មាន់ទៅកាន់ប្រទេសអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ