ក្រុមហ៊ុន Pfizer ដែលជាអ្នកផលិតវ៉ាក់សាំងកូវីដ១៩ ក្រោមការសហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech មើលឃើញថាប្រាក់ចំណូលបានមកពីការលក់វ៉ាក់សាំងក្នុងឆ្នាំ ២០២២ អាចនឹងទាបជាងមុនបន្តិច បើធៀបនឹងឆ្នាំ២០២១ ប៉ុន្តែប្រាក់ចំណូលយ៉ាងច្រើននឹងបានមកពីការលក់ថ្នាំគ្រាប់ព្យាបាលកូវីដរបស់ខ្លួន ប្រភេទ Paxlovid ។
ក្រុមហ៊ុន Pfizer បានរាយការណ៍ពីប្រាក់ចំណេញប្រចាំឆ្នាំ២០២១ចំនួន ២២ ពាន់លានដុល្លារអាមេរិក ដែលច្រើនជាងទ្វេដងធៀបនឹង ឆ្នាំ ២០២០ ។ ប្រាក់ចំណូលប្រចាំឆ្នាំបានកើនឡើងជិតទ្វេដងដូចគ្នាដែរ កាលពីឆ្នាំ២០២១ ដែលមានទឹកប្រាក់ដល់ទៅជាង ៨១ ពាន់លានដុល្លារអាមេរិក ក្នុងនោះថវិកាជិត ៣៧ ពាន់លានដុល្លារអាមេរិកបានមកពីការលក់វ៉ាក់សាំងកូវីដ១៩។
ទន្ទឹមនេះ ក្រុមហ៊ុន Pfizer បានព្យាករថា ក្រុមហ៊ុននឹងរកបានប្រាក់ចំណូលចន្លោះពី ៩៨ ទៅជាង ១០០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២នេះ។ ក្នុងនោះសម្រាប់ឆ្នាំ ២០២២ ក្រុមហ៊ុន Pfizer រំពឹងថា នឹងមានប្រាក់ចំណូលចំនួន ៣២ ពាន់លានដុល្លារអាមេរិកពីការលក់វ៉ាក់សាំងកូវីដ១៩ និង ២២ ពាន់លានដុល្លារទៀតជាចំណូលបានពីថ្នាំគ្រាប់ព្យាបាលកូវីដ Paxlovid ។
លោក Albert Bourla នាយកប្រតិបត្តិក្រុមហ៊ុន Pfizer បានលើកឡើងថា នៅឆ្នាំ២០២១ គឺជាឆ្នាំបំបែកកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់ក្រុមហ៊ុន Pfizer ដោយកិច្ចខិតខំប្រឹងប្រែងនៅក្នុងការប្រឆាំងនឹងមេរោគរាតត្បាត បានជួយឲ្យក្រុមហ៊ុនមានការផ្លាស់ប្ដូរនូវមូលដ្ឋានរបស់ខ្លួនមិនធ្លាប់មាន។
លោក Boula នាយកប្រតិបត្តិក្រុមហ៊ុន Pfizer បន្ថែមថា ការលក់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ក្រុមហ៊ុន Pfizer អាចនឹងកើនឡើងកាន់តែខ្លាំងលើសពីអ្វីដែលបានព្យាករទុកទៅទៀត។
សូមជម្រាបថា ក្រុមហ៊ុន Pfizer ក៏រំពឹងថា នឹងផលិតថ្នាំគ្រាប់ព្យាបាលកូវីដនេះចំនួន ១២០លាន កញ្ចប់ ដោយ ៦ លានកញ្ចប់នឹងផលិតក្នុងត្រីមាសទីមួយឆ្នាំនេះ ហើយ ៣០ លានកញ្ចប់ទៀតនឹងផលិតនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ។ ទន្ទឹមនេះ ក្រុមហ៊ុនក៏នឹងពិភាក្សាអំពីកិច្ចសន្យាដែលកំពុងបន្តជាមួយរដ្ឋាភិបាលប្រហែល ១០០ប្រទេសជុំវិញពិភពលោកអំពីការទិញ-លក់ថ្នាំគ្រាប់នេះផងដែរ ហើយរហូតមកដល់ពេលនេះ ការព្យាបាលដោយប្រើថ្នាំគ្រាប់នេះត្រូវបានអនុម័តនៅក្នុងប្រទេសប្រហែល ៤០ហើយ ៕អត្ថបទ ស៊ើង និមល់