មេដឹកនាំថៃ

កៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន កាន់តែក្តៅ ក្រោយផ្ទុះបាតុកម្មក្នុងស្រទាប់មហាជន


កៅអីនាយករដ្ឋមន្ត្រីរបស់លោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា កាន់តែក្តៅ ក្រោយរងសម្ពាធស្ទើរគ្រប់ទិសទាំងពីដៃគូរដ្ឋាភិបាលចម្រុះ ខណៈកងកម្លាំងយោធាកំពុងយកបញ្ហាព្រំដែនឱ្យមកពាក់ព័ន្ធនឹងនយោបាយ និងការអស់ជំនឿទុកចិត្តពីប្រជាពលរដ្ឋរហូតនាំគ្នាធ្វើបាតុកម្មទាមទារឱ្យលោកស្រីចុះចេញពីតំណែងជាដើម។
មេដឹកនាំថៃ
ដោយ

ជាក់ស្តែងក្រោយការដកខ្លួនរបស់គណបក្សភូមិចៃថៃ ឥឡូវនេះគណបក្សប្រជាធិបតេយ្យ ក៏អាចនឹងដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះរបស់លោកស្រី ផៃថងថាន ស្របពេលការតវ៉ាពីសំណាក់ប្រជាពលរដ្ឋថៃ កំពុងរីករាលដាលកាន់តែខ្លាំង។ សម្ពាធទាំងអស់នេះបានបង្កើតជាសំណួរថា តើលោកស្រី ផៃថងថាន អាចសុំលាលែងពីតំណែងឬយ៉ាងណា? ឆ្លើយតបនឹងសំណួរនេះមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ បានចេញមកអះអាងថា លោកស្រី ផៃថងថាន មិនទាន់មានផែនការលាលែងពីតំណែងនោះទេ។

សារព័ត៌មានបាងកកប៉ុស្តិ៍ បានរាយការណ៍ថា អគ្គលេខាធិការរងគណបក្សប្រជាធិបតេយ្យលោក ឆានីន រុងសាង (Chanin Rungsang) បានអំពាវនាវឱ្យមេដឹកនាំគណបក្សនេះ គឺលោក ឆាឡើមឆៃ ស៊្រីអន (Chalermchai Sri-on) ឲ្យពិចារណាឡើងវិញចំពោះការសម្រេចចិត្តក្នុងការបន្តរួមរស់ជាមួយរដ្ឋាភិបាលចម្រុះ ក្រោយបែកធ្លាយកិច្ចសន្ទនារវាងលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ បើតាមការអះអាងរបស់លោក ឆានីន គណៈកម្មាធិការប្រតិបត្តិរបស់គណបក្សកំពុងពិចារណាថា តើខ្លួនគួរបន្តជាសមាជិកនៃរដ្ឋាភិបាលចម្រុះ ដែលដឹកនាំដោយគណបក្សភឿថៃ ឬយ៉ាងណា។ ការពិចារណានេះ ធ្វើឡើងក្រោយគណបក្សភូមិចៃថៃ ដែលជាគណបក្សមានអាសនៈដ៏ច្រើនជាងគេលំដាប់ទី២នៅក្នុងរដ្ឋាភិបាលចម្រុះបានដកខ្លួនពីរដ្ឋាភិបាលចម្រុះ និងប្រកាសធ្វើជាគណបក្សប្រឆាំង។

ទន្ទឹមនឹងរងសម្ពាធពីការផ្តាច់សម្ពន្ធភាពរបស់គណបក្សចម្រុះ លោកស្រី ផៃថងថាន ក៏កំពុងរងសម្ពាធពីចលនាបាតុកម្មរបស់មហាជន ដែលទាមទារឱ្យ លោកស្រី លាលែងពីតំណែង និងរំលាយសភាផងដែរ។ ការបាតុកម្មនេះកំពុងរាលដាលពាសពេញផ្ទៃប្រទេស ជាពិសេសនៅទីក្រុងបាងកក ខេត្តណាខនរាជសីមា ប្រជិនបុរី ភូកេត ណាខនស៊ីថាម៉ារ៉ាត និងខេត្តផាថាឡាង។

ជម្លោះព្រំដែនជាមួយកម្ពុជា ដែលកំពុងឡើងកម្តៅ រហូតធ្វើឱ្យមានការបិទព្រំដែន និងទំនិញមួយចំនួន ក៏ដូចជាការប្តឹងយកបញ្ហាតំបន់មុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់​ធំ និងប្រាសាទតាក្របី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) របស់កម្ពុជា ក៏ជាវិញ្ញាសាមួយកំពុងដាក់សម្ពាធដល់រដ្ឋបាលចម្រុះរបស់លោកស្រី ផៃថងថាន ផងដែរ។

ក្រៅពីបញ្ហាខាងលើ អ្នកវិភាគ បានលើកឡើងថា បញ្ហាមួយទៀត ដែលអាចធ្វើឱ្យប៉ះពាល់ដល់គណបក្សភឿថៃ ដែលកំពុងតែដឹកនាំរដ្ឋាភិបាលចម្រុះនោះ គឺរឿងរ៉ាវពាក់ព័ន្ធករណីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាបុគ្គលដ៏មានឥទ្ធិពលនៅក្នុងគណបក្ស និងរដ្ឋាភិបាលបច្ចុប្បន្ន។ នៅពេលនេះក្រុមប្រឹក្សាវេជ្ជសាស្ត្រថៃ គ្រោងនឹងបញ្ជូនលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួនប្រឆាំងនឹងវេជ្ជបណ្ឌិត៣នាក់ ដែលពាក់ព័ន្ធនឹងការផ្ទេរមន្ទីរពេទ្យរបស់លោក ថាក់ស៊ីន ទៅតុលាការកំពូល ដើម្បីត្រួតពិនិត្យតាមផ្លូវតុលាការ។

គួររំលឹកថា ក្រុមប្រឹក្សាវេជ្ជសាស្រ្តថៃ បានដាក់វិន័យវេជ្ជបណ្ឌិត៣នាក់មកពីស្ថាប័នកែទម្រង់វេជ្ជសាស្រ្ត និងមន្ទីរពេទ្យ​ទៅប៉ូលីសរួចហើយ ទាក់ទងនឹងការចូលរួមក្នុងការព្យាបាល និងការផ្ទេរលោក ថាក់ស៊ីន។ រឿងរ៉ាវដ៏ចម្រូងចម្រាស ដែលកើតឡើងក្រោយលោក ថាក់ស៊ីន វិលត្រឡប់មកចូលប្រទេសថៃវិញ ក្រោមការសន្យាសុខចិត្តប្រឈមនឹងការផ្តន្ទាទោស។ ប៉ុន្តែលោក ថាក់ស៊ីន បានចូលពន្ធនាគារបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ត្រូវបានផ្លាស់ទៅកាន់មន្ទីរពេទ្យប៉ូលីសរហូតដល់លោកទទួលសេរីភាពដោយការលើកលែងទោសពីមហាក្សត្រថៃ។ រឿងនេះក៏នឹងពាក់ព័ន្ធទៅនឹងជោគវាសនារបស់គណបក្សភឿថៃ ដែលកំពុងដឹកនាំរដ្ឋាភិបាលចម្រុះនាពេលបច្ចុប្បន្ននេះផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ស្របពេលការនាំចេញផលិតផលកាត់ដេរមានកំណើនខ្ពស់ អ្នកជំនាញរំពឹងពលករខ្មែរដែលទើបចាកចេញពីថៃ ជួយបំពេញកម្លាំងពលកម្ម ដែលកំពុងខ្វះខាត

ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងភាពមិនទាន់ប្រាកដប្រជាយ៉ាងណាក្តី តែការនាំចេញផលិតផលក្នុងវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា ន…

តើយន្តហោះ B-2 ដែលអាម៉េរិកប្រើ ដើម្បីវាយប្រហារទីតាំងនុយក្លេអ៊ែរបស់អ៊ីរ៉ង់ មានលក្ខណពិសេសបែបណា?

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងថា កងកម្លាំងអាម៉េរិក បានវាយប្រហារលើទីតាំងនុយក្លេអ៊ែសំខាន់ៗចំនួនបីរបស់អ៊ីរ៉ង់ ដោយជោគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ