ប្រទេសថៃ

សម្ព័ន្ធភាពគណបក្សឈ្នះឆ្នោតថៃដួលរលំ ខណៈកូនស្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងកាន់ដំណែង រដ្ឋមន្រ្តីការបរទេសថៃ


គណបក្សភឿថៃ ដែលជាគណបក្សឈ្នះឆ្នោតលំដាប់ទីពីរ មាន ១៤១ អសនៈបានសម្រេចចិត្តបោះបង់សម្ព័ន្ធភាពជាមួយនឹងគណបក្សឆ្ពោះទៅមុខដែលមានអសនៈសភា ១៥១ មកចាប់ដៃគូ ជាមួយនឹងគណបក្សផ្សេងៗដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ។ បេក្ខជននាយករដ្ឋមន្រ្តីរបស់ បក្សភឿថៃ គឺលោក ស្រ៊ីថា ថាវីស៊ីន ខណៈដែលលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា កូនស្រី អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចនឹងក្លាយជារដ្ឋមន្រ្តីក្រសួងការបរទេស ។
ភឿថៃសម្រេចចិត្តបោះបង់គណបក្សឆ្ពោះទៅមុខដើម្បីបង្កើតរដ្ឋាភិបាល
ដោយ

ការវិវត្តន៍ទៅមុខនៃសភាពការណ៍នយោបាយថៃ ត្រូវបានរាយការណ៍ដោយសារព័ត៌មានបរទេសនានាថា គណបក្សភឿថៃបានប្រកាសជំហររបស់ខ្លួនច្បាស់ហើយកាលពីថ្ងៃពុធម្សិលមិញថា ខ្លួនកំពុងត្រៀមខ្លួន​ក្នុងការបង្កើតរដ្ឋាភិបាលដោយមិនមានគណបក្សឆ្ពោះទៅមុខនោះឡើយ។

លោក ជុនឡាណាន់ ស្រ៊ីកែវ ( Chonlanan Srikaew ) មេដឹកនាំគណបក្សភឿថៃបានប្រាប់​សារព័ត៌មានថា គណបក្សរបស់លោកបានខិតខំគាំទ្រគណបក្សឆ្ពោះទៅមុខអស់​ពីសមត្ថភាពហើយដើម្បីជំរុញបេក្ខភាពនាយករដ្ឋមន្ត្រីរបស់ លោក ភីថា លីមចារឿនរ៉ាត់ ប៉ុន្តែបានបរាជ័យជាបន្តបន្ទាប់ ដោយសារតែគណបក្សឆ្ពោះទៅមុខ នៅតែបន្តរក្សាជំហររឹងត្អឹងទាក់ទងនឹងការទាមទារធ្វើវិសោធនកម្មមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្រ។

លោកបានបញ្ជាក់ថា នេះជាមូលហេតុចម្បងដែលសមាជិកព្រឹទ្ធសភា និងគណបក្សដទៃទៀតមិនព្រមបោះឆ្នោតគាំទ្រ បេក្ខភាព លោក ភីថា ហេតុដូច្នេះហើយ គណបក្សភឿថៃចង់ដកខ្លួនចេញពីក្រុមចម្រុះ ហើយស្វែងរកសម្ព័ន្ធភាពថ្មីដើម្បីបង្កើតរដ្ឋាភិបាលមួយ។

ដើម្បីទទួលបានការគាំទ្រពីគណបក្សដ៏ទៃទៀត ភឿថៃ បានប្រកាសថា ខ្លួននឹងមិនធ្វើវិសោធនកម្ម មាត្រា ១១២ តាមរបៀបណាមួយឡើយ ហើយនឹងដាក់ លោកស៊្រីថា ជាបេក្ខភាពនាយករដ្ឋមន្ត្រីតែម្នាក់គត់របស់ខ្លួននៅក្នុងការបោះឆ្នោតជុំបន្ទាប់នៅថ្ងៃសុក្រ។

លោក ជុនឡាណាន់ បាននិយាយថា លោកមានទំនុកចិត្តថា លោក ស៊្រីថា នឹងឈ្នះតំណែងនាយករដ្ឋមន្ត្រីនៅថ្ងៃនោះ ។

ក្រោយពេលដែល ភឿថៃប្រកាសពីការដកខ្លួនពីសម្ព័ន្ធភាព ភ្លាម លោក ឆៃថាវ៉ាត ធូឡាថុន (Chaithawat Tulathon) អគ្គលេខាធិការគណបក្សឆ្ពោះទៅមុខ បានប្រកាសសូមទោសអ្នកគាំទ្រ ដែលគណបក្សមិនអាចបង្កើតរដ្ឋាភិបាលបាន ។

លោកបានបញ្ជាក់នៅក្នុងសន្និសីទកាសែតថា គណបក្សឆ្ពោះទៅមុខនឹងនៅតែធ្វើការអស់ពីចិត្ត ដើម្បីជំរុញនិងគោរពតាមនយោបាយរបស់ខ្លួន មិនថាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។

នៅពេលដែលអាប៉ោងនៅមិនទាន់បើកគ្រប មានព័ត៌មានបែកធ្លាយមួយត្រូវបានចុះផ្សាយដោយ សារព័ត៌មាន The Nation បានឲ្យដឹងថា ក្រោមការដឹកនាំរបស់លោក ស្រ៊ីថា សមាសភាពគណរដ្ឋមន្រ្តីសំខាន់ៗរបស់ភឿថៃ រួមមាន លោក ជុនឡាណាន់ ជាមេដឹកនាំបក្ស នឹងអាចកាន់ដំណែងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ហើយលោកស្រី ផៃថងថាន ស៊ីណាវ៉ាត្រា កូនស្រី អតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងអាចកាន់ដំណែងជារដ្ឋមន្រ្តីការបរទេស៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ព្រលានយន្តហោះភ្នំពេញថ្មីនឹងដាក់ឲ្យដំណើរការយ៉ាងយូរនៅឆ្នាំ២០២៦ ខណៈបច្ចុប្បន្នសម្រេចបានការសាងសង់ជាង៥០%

បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីចាំផ្ទះអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនឹងដាក់ឲ្យដំណើរការដំណាក់កាលទី១យ៉ាងយូរប…

ក្រុមអ្នកជំនាញថា ការប្រកួតប្រជែងកម្លាំងពលកម្មកម្ពុជានៅមានកម្រិត ដែលទាមទារឱ្យលើកកម្ពស់ចំណេះជំនាញបន្ថែម

បើទោះបីជា បច្ចុប្បន្នប្រទេសកម្ពុជា មានភាពរីកចម្រើនលើគ្រប់វិស័យក៏ពិតមែន ប៉ុន្តែក្រុមអ្នកជំនាញយល់ឃើញថា សមត្ថភាព និងជំនាញធនធានមនុស្សនៅកម្ពុជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ