ហិរញ្ញវត្ថុហ្វីលីពីន

រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្វីលីពីននិយាយថា គ្មានហេតុផលសម្រាប់ការដំឡើងអត្រាការប្រាក់នៅ ទៀតទេ


តើធនាគារកណ្តាលហ្វីលីពិននឹងតម្លើងអត្រាការប្រាក់បន្ថែមទៀតឬយ៉ាងណា? លោក បេនយ៉ាមីន ឌីយូកណូ (Benjamin Diokno) រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្វីលីពីន បានអះអាងថា ប្រទេសនេះ មិនគួរតម្លើងអត្រាការប្រាក់បន្ថែមឡើយ ព្រោះអត្រាអតិផរណាកំពុងថយចុះជាបន្តបន្ទាប់នៅក្នុងរយៈពេលបីខែចុងក្រោយ ដោយរហូតដល់ខែមេសា អត្រាអតិផរណាធ្លាក់មកនៅត្រឹម ៦,៦ %។ ប៉ុន្តែ មូលនិធិរូបិយវត្ថុអន្តរជាតិ មិនយល់ឃើញដូច្នេះទេ។
ហ្វីលីពីនគ្មានហេតុផលសម្រាប់ការដំឡើងអត្រាការប្រាក់ទៀតទេ

នៅក្នុងសម្រង់សំដីរបស់ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស លោក បេនយ៉ាមីន ឌីយូកណូ (Benjamin Diokno) រដ្ឋមន្ត្រីហិរញ្ញវត្ថុហ្វីលីពិន បានថ្លែងនៅមុនកិច្ចប្រជុំគោលនយោបាយរូបិយវត្ថុដែលគ្រោងធ្វើនៅថ្ងៃទី១៨ ខែឧសភាថា ធនាគារកណ្តាលហ្វីលីពីនមិនមានហេតុផលដើម្បីតម្លើងអត្រាការប្រាក់បន្ថែមទៀតទេ ដោយសារអតិផរណាក្នុងស្រុកកំពុងថយចុះ។

នេះគឺគ្រាន់តែជាសំដីរបស់លោករដ្ឋមន្រ្តីរូបនោះ ខណៈដែលការតម្លើងឬមិនតម្លើងអត្រាការប្រាក់គឺអាស្រ័យដោយការសម្រេចចិត្តនៅក្នុងការបោះឆ្នោតដោយសមាជិកក្រុមប្រឹក្សារូបិយវត្ថុចំនួន ៦ រូបផ្សេងទៀត ដែលគេរំពឹងថានឹងធ្វើនៅថ្ងៃព្រហស្បតិ៍ខាងមុខ។

ទីភ្នាក់ងាររើយធឺបានស្រង់សម្ដីលោក បេនយ៉ាមីន ដែលបញ្ជាក់ថា៖ «ខ្ញុំគិតថាការតម្លើងអត្រាការប្រាក់នឹងផ្អាក។ អត្រាអតិផរណាកំពុងតែធ្លាក់ចុះ រីឯទុនបំរុងសម្រាប់រក្សាតុល្យភាពអត្រាប្តូរប្រាក់ក៏ធានា ហើយទោះបីជាឱនភាពគណនីចរន្តរីកធំក៏ពិតមែន ប៉ុន្តែវានៅក្នុងកម្រិតអាចគ្រប់គ្រងបាន ដែលនេះគឺដោយសារតែស្ថានភាពសេដ្ឋកិច្ចកំពុងប្រសើរឡើង រីឯការចំណាយលើហេដ្ឋារចនាសម្ព័ន្ធក៏មានលំនឹង ដូច្នេះសរុបមក គ្មានហេតុផលណាដែលយើងគួរដំឡើងអត្រាការប្រាក់ឡើយ»។

ប្រភពដដែលរាយការណ៍ថា ធនាគារកណ្ដាលហ្វីលីពីនបានសម្រេចដំឡើងអត្រាការប្រាក់ដោយផ្អែកលើមូលដ្ឋានសរុបចំនួន ៤២៥ ពិន្ទុ ចាប់តាំងពីខែឧសភាឆ្នាំមុន ដើម្បីទប់ទល់នឹងកំណើនតម្លៃទំនិញ ហើយអត្រាអតិផរណាប្រចាំឆ្នាំរបស់ហ្វីលីពីនបានចាប់ផ្តើមធូរស្រាលក្នុងរយៈពេលបីខែជាប់គ្នា ដោយខែមេសាកន្លងទៅ វាធ្លាក់មកនៅ ៦,៦%។

យោងតាមរើយធើ លោក ហ្វេលីប មេដាឡា ទេសាភិបាលធនាគារជាតិហ្វីលីពីន បានអះអាងជាលក្ខណៈបុគ្គលថា និន្នាកាអតិផរណាពីមួយខែទៅមួយខែគឺបង្ហាញអំពីអំណះអំណាងកាន់តែច្បាស់សម្រាប់ការរក្សាអត្រាការប្រាក់ឱ្យនៅដដែលនៅពេលប្រជុំដែលផ្តោលើគោលនយោបាយសេដ្ឋកិច្ចដែលនឹងប្រពឹត្តិទៅនៅថ្ងៃទី ១៨ ខែឧសភាខាងមុខ ។

ប៉ុន្តែសម្រាប់មូលនិធិរូបិយវត្ថុអន្តរជាតិវិញ ស្ថាប័ននេះបាននិយាយកាលពីថ្ងៃសុក្រថា កម្រិតអត្រាអតិផរណាប៉ុណ្ណោះនៅតែទាមទារឱ្យបន្តរឹតបណ្ដឹងវិធានការរូបិយវត្ថុបន្ថែមទៀត។ នេះបើយោងតាមរើយធឺ ដែលបញ្ជាក់តាមមូលនិធិនេះថា លុះត្រាតែអតិផរណាធ្លាក់ចុះមកនៅចន្លោះ ២% និង ៤ % ទើបគេគួរបញ្ឈប់ការដំឡើងអត្រាការប្រាក់៕

អត្ថបទ ៖ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមវិស្វករចិនថា ប្រទេសចិននឹងផ្ទេបច្ចេកវិទ្យាផ្លូវរថភ្លើងល្បឿនលឿនទៅកាន់ប្រទេសថៃ

ក្រុមវិស្វករចិនដែលចូលរួមក្នុងការចរចាគម្រោងផ្លូវរថភ្លើងនៅក្នុងប្រទេសថៃបាននិយាយថា ប្រទេសចិនបានយល់ព្រមផ្ទេរទៅឱ្យប្រទេសថៃនូវបច្ចេកវិទ្យាផ្លូវរថភ្…

កូរ៉េខាងត្បូង អាមេរិក និងជប៉ុន នឹងបើកកិច្ចប្រជុំកំពូលត្រីភាគីស្ដីពីសហប្រតិបត្តិការយុទ្ធសាស្ត្រនាចុងសប្ដាហ៍នេះ

គម្រោងកិច្ចប្រជុំកំពូលត្រីភាគីរបស់មេដឹកនាំមកពីកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ក្រៅក្របខណ្ឌកិច្ចប្រជុំកំពូលនៃក្រុមប្រទេសជឿនលឿនទាំង៧ ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ