មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកផែនការសេដ្ឋកិច្ចរបស់ហ្វីលីពីន លោក Karl Kendrick Chua បានមានប្រសាសន៍ថា ហ្វីលីពីននឹងចំណាយថវិកាសរុបដល់ទៅ ៨១០ ពាន់លានដុល្លារ ចំពោះវិធានការបិទខ្ទប់ ក៏ដូចជាវិធានការគម្លាតសង្គមសម្រាប់បច្ចុប្បន្ននេះ និងពេលខាងមុខ។
លោកបានបញ្ជាក់ថា តួលេខនេះ គឺច្រើនជាងទ្វេដងនៃផលិតផលក្នុងស្រុកសរុបរបស់ហ្វីលីពីននៅឆ្នាំ ២០២០ ដែលពេលនោះ ធនាគារពិភពលោកបានព្យាករថា ផលិតផលក្នុងស្រុកសរុបរបស់ហ្វីលីពីន មានប្រមាណ ៣៦១ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
ទន្ទឹមនេះ គេមើលឃើញថា ការវិនិយោគ ព្រមទាំងចំណូលពន្ធគយរបស់ប្រទេសនេះ អាចពិបាកងើបឡើងវិញបន្តិច ដោយសារច្បាប់រក្សាគម្លាតសង្គមរារាំងដល់វិស័យសំខាន់ៗដូចជាទេសចរណ៍ និងភោជនីយដ្ឋានក្នុងការបើកដំណើរការឡើងវិញ។ ជាក់ស្ដែង សេដ្ឋកិច្ចស្ទើរតែ ៧០ ភាគរយ ទៅហើយ បូករួមទាំងកម្លាំងកម្មករជាង ២៣ លាននាក់ គឺនៅតែស្ថិតក្រោមវិធានការទប់ស្កាត់កូវីដ១៩នៅឡើយ។ មិនតែប៉ុណ្ណោះ វិធានការនេះបណ្តាលឱ្យកើនឡើងភាពក្រីក្រ និងភាពអត់ឃ្លានកាន់តែខ្លាំងផងដែរ។
តែយ៉ាងណាក៏ដោយ សេដ្ឋកិច្ចហ្វីលីពីន ត្រូវបានគេរំពឹងថា នឹងកើនឡើងពី ៤ ទៅ ៥ ភាគរយ នៅឆ្នាំនេះ បើប្រៀបធៀបទៅនឹងការធ្លាក់ចុះ ៩,៦ ភាគរយ កាលពីឆ្នាំ ២០២០។
សូមជម្រាបថា ហ្វីលីពីនក្លាយជាប្រទេសមានចំនួនអ្នកឆ្លងកូវីដ១៩ខ្ពស់ជាងគេទី ២ ក្នុងតំបន់អាស៊ីអាគ្នេយ៍បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។ បើគិតត្រឹមថ្ងៃទី ២៩ កញ្ញា ប្រទេសហ្វីលីពីនមានអ្នកឆ្លងថ្មី ប្រមាណ ជាង ២ ម៉ឺន ៦ ពាន់នាក់ និងអ្នកស្លាប់ថ្មីចំនួន ៥៦៨នាក់ ដែលធ្វើឱ្យអ្នកឆ្លងសរុបកើនជាង១លាន៥សែននាក់ ក្នុងនោះមានអ្នកស្លាប់សរុប ៣ ម៉ឺន ៨ ពាន់នាក់។ ដោយឡែក អ្នកចាក់វ៉ាក់សាំង ១ ដូសមានយ៉ាងហោចណាស់ ២៥ លាននាក់ ខណៈអ្នកចាក់គ្រប់ ២ ដូសមានប្រមាណ ២៤ លាននាក់ ខណៈប្រទេសនេះ មានប្រជាជនសរុបជាង១០០លាននាក់ឯណោះ៕