យ៉ាងណាមិញ អ្នកជំនាញជឿជាក់ថា ខេត្តសៀមរាបនឹងអាចស្រូបទាញប្រាក់ចំណូលលើសប្រាសាទអង្គរវត្ត១០ដង បើអភិវឌ្ឍន៍តំបន់ទេសចរណ៍ភ្នំគូលេន ឱ្យក្លាយតំបន់ទេសចរណ៍សាសនាដ៏ស័ក្តិសិទ្ធិដូចសម័យមុន។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា យល់ឃើញថា ក្រៅពីប្រាសាទអង្គរវត្ត ភ្នំគូលេន គឺជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្អឯកមួយទៀតរបស់ប្រទេសកម្ពុជា ជាពិសេសសម្រាប់ខេត្តសៀមរាប ដ្បិតថា តំបន់នេះត្រូវបានប្រជាពលរដ្ឋខ្មែរជំនាន់មុនចាត់ទុកជាតំបន់ដ៏ស័ក្តិសិទ្ធិសម្រាប់គោរពបូជាសាសនា។ អ្នកជំនាញរូបនេះជឿជាក់ថា ខេត្តសៀមរាបនឹងអាចទាញយកប្រាក់ចំណេញពីវិស័យទេសចរណ៍លើសរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ១០ទៅ២០ដង ប្រសិនបើក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តអភិវឌ្ឍន៍តំបន់ទេសចរណ៍ភ្នំគូលេន ឱ្យក្លាយជាតំបន់ទេសចរណ៍បែបសាសនាដ៏ស័ក្តិសិទ្ធិដូច២ពាន់ឆ្នាំមុន។
ទោះជាយ៉ាងណា អ្នកជំនាញរូបនេះលើកទឹកចិត្តឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលខេត្តសៀមរាបបង្កើតតំបន់ទេសចរណ៍ថ្មីៗបន្ថែមទៀត ជាពិសេសទេសចរណ៍បែបសាសនា និងទេសចរណ៍ក្នុងភាពជាខ្មែរសម្រាប់អមជាមួយប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងបង្កើនពេលវេលានៃដំណើរកម្សាន្តរបស់ភ្ញៀវទេសចរឱ្យបានយូរជាងមុន។ បើតាមការពន្យល់របស់លោក ធួន ស៊ីណាន ទេសចរណ៍ក្នុងភាពជាខ្មែរ គឺសំដៅដល់ការអភិវឌ្ឍន៍តំបន់ទេសចរណ៍ ឬភូមិរបស់ប្រជាពលរដ្ឋបច្ចុប្បន្នមួយឱ្យមានទម្រង់នៃការរស់នៅដូចនឹងសម័យមុន។
គួរបញ្ជាក់ថា កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង១លាន៥សែននាក់ នៅត្រីមាសទី១ឆ្នាំនេះ មានការកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន តែមានការធ្លាក់ចុះជាង១៥% បើធៀបនឹងត្រីមាសទី១ឆ្នាំ២០១៩ ជាពេលមិនទាន់ផ្ទុះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះ តំបន់ទេសចរណន៍ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវទេសចរបរទេសជិត៣៥ម៉ឺននាក់នៅត្រីមាសទី១ឆ្នាំនេះ កើនឡើងជាង៤៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានជាង២៣ម៉ឺននាក់។
បើយោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០២៣ កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង៥លាន៤សែននាក់កើន ឡើងជិត១៤០% បើធៀបនឹងឆ្នាំ២០២២ ក្នុងនោះកម្ពុជារកចំណូលពីវិស័យ បានជាង៣ពាន់លានដុល្លារកើនឡើង១១៥% បើធៀបនឹងជាង១ពាន់៤រយលានដុល្លារកាលពីឆ្នាំ២០២២៕