ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានបើកកិច្ចមួយក្នុងគោលបំណង ដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញទៅខេត្តសៀមរាប បន្តទៅក្រុងប៉ោយប៉ែត បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ បច្ចុប្បន្ន គម្រោងនេះត្រូវបានក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) កំពុងអនុវត្តការសិក្សាបឋមសមិទ្ធលទ្ធភាព ហើយគ្រោងនឹងបញ្ចប់ការសិក្សាកំណាត់ភ្នំពេញ-សៀមរាប នៅអំឡុងខែកុម្ភៈ និងកំណាត់សៀមរាប-ប៉ោយប៉ែត ក្នុងអំឡុងខែឧសភា ឆ្នាំ២០២៤ ខាងមុខ។ តាមការប៉ាន់ស្មានកន្លងមក ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប អាចនឹងចំណាយជាមធ្យមមួយគីឡូម៉ែត្រ១០លានដុល្លារ សរុបប្រហែល២ពាន់៥រយលានដុល្លារ និងសៀមរាប-ប៉ោយប៉ែត អាចនឹងចំណាយប្រហែល១ពាន់៥រយលានដុល្លារ។
សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាខ្សែផ្លូវល្បឿនលឿនទី៣របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃ២ពាន់លានដុល្លារអាម៉េរិក ខណៈគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-ក្រុងបាវិត តម្លៃជាង១ពាន់៣រយលានដុល្លារអាម៉េរិក បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងជំហាននៃការអនុវត្តនីតិវិធីជាបន្តបន្ទាប់ទៅតាមផែនការ ដែលបានគ្រោងទុក។ ផ្លូវល្បឿនលឿនខ្សែទី៣នេះមានប្រវែងប្រមាណជាង៤០០គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ៕