គម្រោងផ្លូវល្បឿនលឿននេះ គឺចាប់ចាប់ផ្ដើមសាងសង់តាំងពីថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ ដែលមានប្រវែងប្រមាណជាង ១៩០ គីឡូម៉ែត្រ និងគ្រោងប្រើប្រាស់ថវិកាវិនិយោគ ប្រមាណ ២ ពាន់លានដុល្លារសហរដ្ឋអាមេរិក និងគ្រោងបញ្ចប់ឲ្យបាននៅមុនខែកញ្ញាឆ្នាំ២០២២ខាងមុខនេះ ពោលគឺនៅសល់តែប្រមាណ២ឆ្នាំទៀតប៉ុណ្ណោះ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា រហូតមកដល់ពេលនេះដំណើរការសាងសង់ផ្លូវល្បឿនលឿននេះ សម្រេចបាន ៧,៣០% ហើយគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពី ភូមិ ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ សែន ជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ។
ក្រសួងបានបន្ថែមទៀតថា ផ្លូវនេះអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. គ្រោងចំណាយថវិកាសាងសង់ប្រមាណ ២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ប្រើរយៈពេលសាងសង់ ៤៨ខែ មានគន្លងផ្លូវចំនួន៤គន្លង ទទឹង ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង កន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លង មណ្ឌលប្រតិបត្តិការនិងថែទាំចំនួន៤កន្លង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥ កន្លែង ឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨,៣ គីឡូម៉ែត្រ និងខេត្តចំនួន ០៤ ទៀត ក្នុងនោះរួមមាន ខេត្តកណ្តាលប្រវែងប្រមាណ ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែងប្រមាណ ៨០,៨គីឡូម៉ែត្រ ខេត្តកោះកុងប្រវែងប្រមាណ ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែងប្រមាណ ៨៩,៨៩គីឡូម៉ែត្រ៕