អ្នកស្រី អ៊ុង ធា មានវ័យ៥០ឆ្នាំ អ្នកអនាម័យនៅម្តុំមាត់ទន្លេ ប្រាប់ Newsroom Cambodia ថា សំរាមនៅទីនេះគឺក្រុមរបស់អ្នកស្រីបោសសម្អាតជារៀងរាល់ព្រឹក ប៉ុន្តែនៅពេលល្ងាចសំរាមបានលេចឡើងជាធម្មតាវិញ។ អ្នកស្រីបន្ថែមថា សំរាមទាំងនោះត្រូវបានអ្នកទៅ និងអ្នកលក់ដូរនៅទីនោះបោះចោលដោយគ្មានសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃ។ អ្នកស្រីសំណូមពរដល់ប្រជាពលរដ្ឋឲ្យជួយសម្អាត និងចេះទុកដាក់សំរាមនៅក្នុងធុងដាក់សំរាមឲ្យបានត្រឹមត្រូវ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំសំណូមពរឲ្យអ្នកដើរមកលេងសួន និងអ្នកលក់ដូរហ្នឹងយកសំរាមបោះចោលក្នុងធុងសំរាមផង»។
ចំណែកអ្នកស្រី សារ៉េត បុគ្គលិកអនាម័យនៅក្រុមហ៊ុន អេកូ ហ្គ្រីនភ្លេនន័រ សួនច្បារ និងដើមឈើបាននិយាយថា បន្ទាប់ពីអ្នកបោសសំរាមដូចចាអ្នកស្រីបានបោសសម្អាតរួច សំរាមនៅតែមានជាហូរហែដដែល។
អ្នកស្រីថា៖ «ពេលយើងត្រឡប់មកវិញ សំរាមកើតមានដដែល ពេលខ្លះយើងប្រាប់គេដែរ តែគេមិនស្ដាប់ ហើយធ្វើតាមដំណើរទៅ»។
អ្នកស្រី តាំ ម៉ារី ជាអ្នកនេសាទរស់នៅលើទូក បានប្រាប់ Newsroom Cambodia ថា អ្នកដែលចោលសំរាមភាគច្រើនគឺក្មេងៗ សិស្សនិស្សិតដែលមកលេងកំសាន្ត សប្បាយនៅតាមទន្លេនាពេលល្ងាច។ អ្នកស្រីបន្តដោយសំណូមពរដល់អ្នកដែលមកលេងតាមសួនច្បារឲ្យចេះជួយថែរបរិស្ថាន កុំចោលសំរាមផ្តេសផ្តាស។
អ្នកស្រីថា៖ «ខ្ញុំធ្លាប់ប្រាប់ប្អូនដែរតែបងប្អូនមិនព្រមស្តាប់មិនព្រមតាម ចេះតែចោលទពីសទពាស ឡូវជួសម្អាតគ្នាឲ្យវាបានល្អបានស្អាតទាំងអស់គ្នា»។
លោក ទេព បូរិទ្ធ និស្សិតរៀននៅសាកលវិទ្យាល័យកសិកម្មព្រែកលៀប បានប្រាប់ Newsroom Cambodia ថា សំរាមដែលមាននៅតាមមាត់ទន្លេភាគច្រើនគឺដោយសារតែអ្នកដែលមកលេងនៅទីនោះបោះចោល ដែលមានដូចជា អ្នកហាត់ប្រាណ អ្នកលក់ និងសិស្សនិស្សិតជាដើម។
លោកថា៖ «អ្វីទាំងអស់នេះគឺដោយសារតែប្រជាពលរដ្ឋភាគច្រើនខ្វះការយល់ដឹងពីផលប៉ះពាល់របស់សំរាម»។
លោកបានបន្ថែមថា អាជ្ញាធរត្រូវតែចាត់វិធានការឲ្យបានតឹងរឹងដើម្បីឲ្យប្រជាពលរដ្ឋចេះទុកដាក់សំរាម ហើយប្រជាពលរដ្ឋខ្លួនឯងក៏ត្រូវមានមនសិការក្នុងការទុកដាក់សំរាម និងចេះស្រលាញ់បរិស្ថាន។
លោក ម៉ៅ ប៊ុនថា ចៅសង្កាត់ជ្រោយចង្វា បានប្រាប់ Newsroom Cambodia ថា ការបន្តបោះចោលសំរាមផ្តេសផ្តាស និងការទុកដាក់សំរាមមិនបានត្រឹមត្រូវ គឺដោយសារតែកង្វះការយល់ដឹងរបស់ប្រជាពលរដ្ឋ។
លោកបន្តថា អាជ្ញាធរតែងខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការបោះចោលសំរាមដោយគ្មានសណ្តាប់ធ្នាប់ និងគ្មានការទទួលខុសត្រូវបែបនេះ រហូតមានការចាត់វិធានការ និងឲ្យអ្នកទាំងនោះធ្វើកិច្ចសន្យានៅកន្លែងចុះប្រតិបត្តិការផ្ទាល់ផ្ទាល់ ប៉ុន្តែលោកថា នៅតែមិនអាចទប់ស្កាត់បានទាំងស្រុងនោះទេ។
លោកថា៖ «ពេលដែលពួកគាត់ចោលសំរាមពាសវាលពាសកាល អាជ្ញាធរយើងក៏មានអារម្មណ៍អត់ល្អ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយពួកយើងនៅតែបន្ដខិតខំប្រឹងប្រែងអប់រំពួកគាត់»។
យោងតាមរបាយការណ៍របស់ក្រសួងបរិស្ថានក្នុងយុទ្ធនាការរួមគ្នាដើម្បីបរិស្ថាន «រួមគ្នាកាត់បន្ថយប្លាស្ទិក» កាលពីខែមករា ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២០ បង្ហាញថា បច្ចុប្បន្ន ថង់ប្លាស្ទិកប្រមាណ១០លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងរាជធានីភ្នំពេញ ខណៈដែលប្រជាជន កម្ពុជាម្នាក់ៗដែលរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់ថង់ប្លាស្ទិកជាង ២,០០០ ថង់ក្នុងមួយឆ្នាំ៕
អត្ថបទដោយ៖ ជា សំអៀង, សុខ លីហេង និង ហាន ណូយ ជាសិក្ខាមវគ្គបណ្ដុះបណ្ដាលសារព័ត៌មាន នៃគម្រោង Newsroom Cambodia។