លោក ហ្ស៊ីប៊ីកញូវ រ៉ៅ (Zbigniew Rau) រដ្ឋមន្ត្រីការបរទេសប៉ូឡូញបាននិយាយថា កំណត់ហេតុនេះនឹងត្រូវប្រគល់ទៅឱ្យក្រសួងការបរទេសអាល្លឺម៉ង់ ហើយការចុះហត្ថលេខាលើកំណត់ហេតុនេះបានធ្វើឡើងនៅមុនពេលមួយថ្ងៃនៃកិច្ចប្រជុំរបស់លោក រ៉ៅ នៅក្នុងទីក្រុងវ៉ាសាវីនៃប្រទេសប៉ូឡូញជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់គឺលោកស្រី អាណាឡេណា ប៊ែរបេក (Annalena Baerbock) ដែលនឹងចូលរួមសន្និសីទសន្តិសុខមួយនៅក្នុងទីក្រុងនេះ។
លោក រ៉ៅ បាននិយាយថា កំណត់ហេតុនេះបង្ហាញពីទស្សនៈរបស់លោកថា ភាគីទាំង២នេះគួរតែចាត់វិធានការ«ដោយគ្មានពន្យារពេល»ដើម្បីដោះស្រាយផលប៉ះពាល់នៃការគ្រប់គ្រងប្រទេសប៉ូឡូញនៅឆ្នាំ១៩៣៩-៤៥ដោយអាឡឺម៉ង់។
លោកបានបន្តថា ក្រៅតែពីការទាមទារសំណងជំងឺចិត្តនេះ ប៉ូឡូញក៏ទាមទារឲ្យអាល្លឺម៉ង់ ដោះស្រាយបញ្ហាការលួចប្លន់ស្នាដៃសិល្បៈ ឯកសារប្រវត្តិសាស្ត្រ និងប្រាក់បញ្ញើធនាគារផងដែរ។ រដ្ឋមន្ត្រីការបរទេសប៉ូឡូញបានបន្ថែមទៀតថា ទីក្រុងប៊ែកឡាំងគួរតែប្រឹងប្រែង ដើម្បីជូនដំណឹងដល់សង្គមអាល្លឺម៉ង់ពីរូបភាព«ពិត»នៃសង្រ្គាម និងផលប៉ះពាល់ដ៏មហន្តរាយរបស់សង្គ្រាមនេះទៅលើប្រទេសប៉ូឡូញ។
រដ្ឋាភិបាលក្រុងវ៉ាសាវីបាននិយាយថា ការទូទាត់សំណងនេះនឹងពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈការពិត និងយុត្តិធម៌ ហើយវានឹងបិទបញ្ចប់មេរៀនដ៏ឈឺចាប់ពីអតីតកាល ប៉ុន្តែប្រទេសអាល្លឺម៉ង់បាននិយាយថា បញ្ហានេះត្រូវបានបិទបញ្ចប់តាំងពីប៉ុន្មានទសវត្សរ៍មុនមកម្ល៉េះ។
លោកស្រី ប៊ែរបេក រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បាននិយាយនៅក្នុងទីក្រុងប៊ែកឡាំងមុនពេលចេញដំណើរទៅប្រទេសប៉ូឡូញថា អ្នកជិតខាង និងជាដៃគូអឺរ៉ុបទាំង២នេះ មានទំនួលខុសត្រូវក្នុងការរក្សាទំនុកចិត្តដែលពួកគេបានកសាងរួមគ្នាក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ។
លោកស្រី ប៊ែរបេក បានសង្កត់ធ្ងន់ថា ប្រការនេះបានរួមបញ្ចូលទាំងការសម្រេចបានលក្ខខណ្ឌមួយចំនួនជាមួយប៉ូឡូញ និងការចងចាំពីទុក្ខវេទនាដែលមិនអាចវាស់វែងបាន ដែលប្រទេសអាល្លឺម៉ង់ធ្លាប់បានធ្វើទុក្ខបុកម្និញដល់ប្រជាជនប៉ូឡូញ។
រដ្ឋាភិបាលស្តាំនិយមរបស់ប៉ូឡូញបានអះអាងថា ប្រទេសនេះមិនទាន់ទទួលបានសំណងជំងឺចិត្តពេញលេញណាមួយពីប្រទេសជិតខាងអាល្លឺម៉ង់នៅឡើយទេ ខណៈដែលឥឡូវនេះប្រទេសទាំង២នេះ គឺជាដៃគូដ៏សំខាន់មួយនៅក្នុងសហភាពអឺរ៉ុប។
សូមរំលឹកថា នៅថ្ងៃរំលឹកខួបលើកទី៨៣ឆ្នាំនៃសង្គ្រាមលោកលើកទី២នៅថ្ងៃទី០១ ខែកញ្ញានោះ រដ្ឋាភិបាលប៉ូឡូញបានបង្ហាញរបាយការណ៍យ៉ាងទូលំទូលាយមួយ ស្ដីពីការទាមទារសំណងជំងឺចិត្តពីប្រទេសអាល្លឺម៉ង់ដែលមានចំនួនប្រមាណ ១,៣ ទ្រីលានដុល្លារ។
អាល្លឺម៉ង់បានអះអាងថា ខ្លួនបានសងសំណងដល់ប្រទេសនៅប្លុកភាគខាងកើតនៃតំបន់អឺរ៉ុបនៅប៉ុន្មានឆ្នាំក្រោយពីបញ្ចប់សង្រ្គាមនេះ ខណៈដែលទឹកដីរបស់ប៉ូឡូញ ដែលបានបាត់បង់នៅភាគខាងកើតដោយសារគេគូសបន្ទាត់ព្រំដែនជាថ្មីនោះ ក៏ត្រូវបានទូទាត់ជាមួយទឹកដីមួយចំនួននៅមុនពេលសង្រ្គាមរបស់អាល្លឺម៉ង់នេះហើយដែរ ដូច្នេះហើយទីក្រុងប៊ែរឡាំងបានចាត់ទុកបញ្ហានេះថា ត្រូវបានបិទបញ្ចប់រួចអស់ហើយ៕