កូរ៉េខាងជើងបាញ់មីស៊ីលហោះពីលើប្រទេសជប៉ុន

អាមេរិកសច្ចាការពារសម្ព័ន្ធមិត្តរបស់ខ្លួន ក្រោយរដ្ឋផ្តាច់ការកូរ៉េខាងជើង បាញ់ផ្លោងមីស៊ីលហោះពីលើប្រទេសជប៉ុនជាលើកដំបូង


រដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើង នៅថ្ងៃទី ៤ ខែតុលា បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយហោះពីលើប្រទេសជប៉ុនជាលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំមកនេះ ដែលបង្កការក្តៅប្រហាយពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជាថ្មី ស្របពេលដែលអាជ្ញាធរជប៉ុនបានព្រមានដល់ប្រជាជន ដែលរស់នៅតំបន់នោះឲ្យរកកន្លែងសុវត្ថិភាព និងបិទស្ថានីយរថភ្លើង នៅតំបន់ភាគខាងជើងប្រទេសជប៉ុនផងដែរ។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
អាមេរិកសច្ចាការពារសម្ព័ន្ធមិត្តរបស់ខ្លួន ក្រោយរដ្ឋផ្តាច់ការកូរ៉េខាងជើង បាញ់ផ្លោងមីស៊ីលហោះពីលើប្រទេសជប៉ុនជាលើកដំបូង

ភ្លាមៗ រដ្ឋាភិបាលជប៉ុនបានព្រមានពលរដ្ឋឲ្យការពារខ្លួន ខណៈមីស៊ីលកូរ៉េខាងជើងបានហោះរំលងប្រទេសរបស់ខ្លួន មុននឹងធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ទីក្រុងតូក្យូបាននិយាយថា វាជាមីស៊ីលដំបូងហើយចាប់តាំងពីឆ្នាំ២០១៧ មកដែលបានហោះលើទឹកដីរបស់ខ្លួនបែបនេះ ដែលមីស៊ីលនោះត្រូវគេដឹងថា មានរយៈចម្ងាយ ៤៦០០គីឡូម៉ែត្រ ដែលជាចម្ងាយឆ្ងាយបំផុត នៃការសាកល្បងពីសំណាក់ទីក្រុងព្យុងយ៉ាង។

បើតាមមន្ត្រីទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលបានគូសបញ្ជាក់ថា មីស៊ីលនេះបានហោះក្នុងរយៈកម្ពស់អតិបរមាប្រហែល១ពាន់គីឡូម៉ែត្រ និងមានចម្ងាយប្រហែលពី៤៥០០-៤៦០០ គីឡូម៉ែត្រ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) បាននិយាយថា «វាហាក់ដូចជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យម (IRBM) ដែលបាញ់ចេញពីខេត្ត Jagang របស់ប្រទេសកូរ៉េខាងជើង ហើយទីក្រុងព្យុងយ៉ាងបានប្រើប្រាស់ខេត្តនោះ ដើម្បីបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ រួមទាំងមីស៊ីលជាច្រើនគ្រាប់ ដែលខ្លួនបានអះអាងថា «មានល្បឿនលឿនជាងសំឡេង» នោះផងដែរ។

បើតាមទូរទស្សន៍ជប៉ុន NHK បានរាយការណ៍ថា ការសាកល្បងនេះបានជំរុញឱ្យក្រុមហ៊ុនស្ថានីយរថភ្លើង (East Japan Railway) ផ្អាកប្រតិបត្តិការភា្លមៗក្នុងតំបន់ភាគខាងជើង ប្រទេសជប៉ុនតែម្តង។

មែនទែនទៅ ការសាកល្បងនាពេលថ្មីៗនេះត្រូវបានគេយល់ថា ការឆ្លើយតបដោយផ្គើនទៅនឹងទីក្រុងវ៉ាស៊ីនតោន ដែលបានបង្កើនការធ្វើសមយុទ្ធជាបន្តបន្ទាប់ ជាមួយកូរ៉េខាងត្បូង និងប្រទេសជប៉ុននាពេលថ្មីៗនេះ។

ជាមួយគ្នានេះដែរ ទីក្រុងតូក្យូបានសង្កត់ធ្ងន់ថា ខ្លួនមិនបានចាត់វិធានការណាមួយ ដើម្បីបាញ់មីស៊ីលនោះទម្លាក់ទេ។ ចំណែកឯ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada វិញបាននិយាយថា ប្រទេសជប៉ុននឹងមិនច្រានចោលជម្រើសណាមួយឡើយ រួមទាំងសមត្ថភាពវាយប្រហារតបតផងដែរ ហើយកូរ៉េខាងត្បូងក៏បាននិយាយដែរថា ខ្លួននឹងពង្រឹងយោធារបស់ខ្លួន និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្ត គឺមហាអំណាចអាមេរិកដែរ។

ដោយឡែក សហរដ្ឋអាមេរិក ខ្លួនបានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការសម្រេចចិត្ត «ប្រកបដោយគ្រោះថ្នាក់ និងគ្មានទំនួលខុសត្រូវ» របស់កូរ៉េខាងជើង ក្នុងការបាញ់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយរំលងពីលើប្រទេសជប៉ុននេះ។

បន្ថែមពីនេះ លោក Daniel Kritenbrink ជំនួយការលេខាធិការក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានលើកឡើងថា «វាគឺជាផលប្រយោជន៍ល្អបំផុតរបស់សហគមន៍អន្តរជាតិក្នុងការធានាថា សកម្មភាពបែបនេះរបស់កូរ៉េខាជើង នឹងត្រូវបានថ្កោលទោសជាឯកច្ឆ័ន្ទ ដែលជាផ្លូវតែមួយគត់ឆ្ពោះទៅរកសន្តិភាព និងស្ថិរភាពយូរអង្វែង និងផ្លូវចរចារជាអាទិ៍ ហើយចិននិងរុស្សីដែលជាខ្នងបង្អែកដ៏រឹងមាំរបស់ព្យុងយ៉ាងក៏ត្រូវតែយល់ដូចគ្នាដែរ។

យ៉ាងណាក៏ដោយ តាមលោក Ankit Panda អ្នកសា្រវជ្រាវនៅអង្គការសន្តិភាពអន្តរជាតិ (Carnegie Endowment for International Peace) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានមើលឃើញថា «ការបាញ់ផ្លោងកាំជ្រួចចម្ងាយឆ្ងាយបែបនេះ នឹងអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្ររបស់ប្រទេសកូរ៉េខាងជើងមានភាពជឿជាក់ក្នុងការសាកល្បងមីស៊ីលក្នុងលក្ខខណ្ឌជាក់ស្តែងជាងមុនបន្ថែមទៀតផងដែរ។

ទោះជាយ៉ាងណា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានហៅសកម្មភាពរបស់កូរ៉េខាងជើងថាជាទង្វើ «ព្រៃផ្សៃ» ចំណែកឯប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានហៅការសាកល្បងនេះដែរថា «មិនចេះគិតពិចារណា» តែម្តង៕




អត្ថបទបន្ទាប់


អ្នកឧកញ៉ា ម៉ុង ឬទ្ធី លើកទឹកចិត្តឲ្យពលរដ្ឋបន្ដពង្រីកការចិញ្ចឹមសត្វ និងស្នើឲ្យរដ្ឋាភិបាលជំរុញការនាំចេញឲ្យបានឆាប់

ព័ត៌មាន
មហាសេដ្ឋីកសិកម្ម អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់បញ្ជាក់ប្រាប់ខេមបូណូមីសថា លោកគាំទ្រ និងមានក្ដីរំពឹងខ្ពស់ចំពោះវិស័យចិញ្ចឹមសត្វក្នុងស្រុក ក្រ…

តើស្ថានភាពវិស័យអចលនទ្រព្យអាចប្រឈមនឹងធ្លាក់ចូលក្នុងវិបត្តិដូច ឆ្នាំ២០០៧-២០០៨ ដែរ ឬទេ?

ព័ត៌មាន
ភាពមិនច្បាស់លាស់នៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងការដាក់ទណ្ឌកម្មគ្នាទៅវិញទៅមករវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗកំពុងបង្កជាក្តីបារម្ភដល់ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ