កាលពីឆ្នាំ២០១៧ តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ និងបានហាមឃាត់សមាជិកចំនួន ១១៨នាក់ មិនឲ្យធ្វើសកម្មភាពនយោបាយ ក្រោមការចោទប្រកាន់ថាក្បត់ជាតិ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។
អតីតគណបក្សសង្រ្គោះជាតិ និងសហរដ្ឋអាមេរិក កន្លងមក ធ្លាប់បានបដិសេធការចោទប្រកាន់ទាំងអស់នេះ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមសារតេឡេក្រាម លោក សុខ ឥសាន មកពីគណបក្សប្រជាជនកម្ពុជា បានធ្វើអំណះអំណាងថា ការហូបនំបញ្ចុកជជែកគាំទ្រអតីតសមាជិកដែលត្រូវបានហាមឃាត់ដោយតុលាការ គឺខុសច្បាប់។
លោក សុខ ឥសាន បាននិយាយដូច្នេះថា ៖ «ការស៊ីនំបញ្ចុកជជែកគ្នាគាំទ្រជនក្រៅច្បាប់ គឺជាការខុសច្បាប់ ដោយសាររំលោភសាលដីកាតុលាការកំពូល។ គ្មានបក្សគឺគ្មានក្រុមមេបក្ស បើគាំទ្រគឺខុសច្បាប់។»
ក្នុងរយ:ពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ តុលាការខេត្តបាត់ដំបងបានធ្វើការសាកសួរអតីតមន្រ្តីគណបក្សសង្គ្រោះជាតិជាច្រើនរូប បន្ទាប់ពីពួកគាត់បានហូបនំបញ្ចុកជុំគ្នានៅផ្ទះរបស់អតីតចៅសង្កាត់ អូរចារ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត និងបង្ហោះរូបតាមហ្វេសប៊ុក។
ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (OHCHR) កាលពីថ្ងៃទី២០ ខែឧសភា បានសម្ដែងកង្វល់អំពីស្ថានភាពរបស់អតីតមន្រ្តីគណបក្សសង្គ្រោះជាតិ ដែលត្រូវបានកោះហៅឬឃុំខ្លួនដោយមន្ត្រីនគរបាលឬតុលាការ។
OHCHR និយាយដូច្នេះថា ៖ «ដូចអ្នករាយការណ៍ពិសេស រ៉ូណា ស្មីត មានប្រសាសន៍ក្នុងអំឡុងពេលបេសកកម្មរបស់លោកស្រីនាពេលថ្មីៗនេះថា មានតម្រូវការផ្លាស់ប្តូរវប្បធម៌នយោបាយ ផ្តោតទៅលើបញ្ហា ជាជាងផ្តោតលើបុគ្គល។»
លោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិ បានថ្លែងតាមសារវីដេអូយូធូបមួយ កាលពីពេលថ្មីៗនេះថា នំបញ្ចុកជាអាហារប្រពៃណីខ្មែរដែលមានដាក់ជូនពិសារនៅសឹងតែគ្រប់កម្មវិធីទាំងអស់ ហើយបាននិយាយបន្តថា អ្នកគាំទ្រខ្លួនពុំគួររស់ក្នុងភាពភ័យខ្លាចនោះទេ។
លោកស្រី មូរ សុខហួរ បាននិយាយជាភាសាអង់គ្លេស ដែលសម្រួលជាខ្មែរមានន័យដូច្នេះថា ៖ «យើងបដិសេធរស់ក្នុងការភ័យខ្លាច។ ការភ័យខ្លាចធ្វើឱ្យខួរក្បាលរបស់យើងពិការ។ ការភ័យខ្លាច គឺមិនមែនប្រជាធិបតេយ្យនោះទេ»៕