វិស័យកសិកម្ម

កម្ពុជានាំចេញផ្លែមៀនស្រស់ទៅចិនបានជាង ១,៣ ម៉ឺនតោន នៅ១១ខែឆ្នាំនេះ និងកំពុងពិនិត្យលទ្ធភាពនាំចេញទៅទីផ្សារអឺរ៉ុបបន្ថែមទៀត


របាយការណ៍របស់អគ្គនាយដ្ឋានកសិកម្ម បានបង្ហាញថា នៅរយៈពេល១១ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារចិន ចំនួនជាង ១ម៉ឺន៣ពាន់តោន កើនឡើងប្រមាណ ៥៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើតាមសមាគមមៀនប៉ៃលិន ក្រៅពីការនាំចេញទៅទីផ្សារចិនទទួលបានលទ្ធផលល្អហើយនោះ បច្ចុប្បន្នកម្ពុជាក៏កំពុងជំរុញលទ្ធភាពក្នុងការនាំចេញផ្លែមៀនស្រស់របស់ខ្លួនទៅកាន់ទីផ្សារអឺរ៉ុបផងដែរ ខណៈនៅពេញមួយឆ្នាំ២០២៣នេះ សមាគមមៀនប៉ៃលិន រំពឹងថា កម្ពុជាអាចនាំចេញផ្លែមៀនស្រស់ទៅចិនបានក្នុងរង្វង់ ១ម៉ឺន៥ពាន់តោន។
វិស័យកសិកម្ម
ដោយ

លោក សារ ចំរើន ទីប្រឹក្សាសមាគមមៀនប៉ៃលិន បានគូសបញ្ជាក់ថា គិតមកទល់ពេលនេះ ស្ថានភាពទីផ្សារនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅកាន់ប្រទេសចិន បានបង្ហាញលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។ តួយ៉ាង តាមរបាយការណ៍របស់អគ្គនាយដ្ឋានកសិកម្ម បានបង្ហាញថា នៅរយៈពេល១១ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិន ជាង ១ម៉ឺន៣ពាន់តោន កើនឡើងប្រមាណ ៥៧០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ការនាំចេញមានការកើនឡើងខ្ពស់បែបនេះ ត្រូវបាន លោក សារ ចំរើន អះអាងថា ដោយសារឆ្នាំនេះជាឆ្នាំទី២ ដែលកម្ពុជាបាននាំចេញមៀនស្រស់ទៅទីផ្សារចិន បានទូលំទូលាយ ដូច្នេះទិន្នផលដែលប្រជាកសិករទទួលបានសម្រាប់នាំចេញក៏មានច្រើនជាងឆ្នាំមុនដែរ។ ទីប្រឹក្សាសមាគមមៀនប៉ៃលិនរូបនេះ បានអះអាងទៀតថា កាលពីឆ្នាំកន្លងទៅប្រជាកសិករមួយចំនួនបានផ្អាកការដាក់អរម៉ូនយកផ្លែផ្កា ដើម្បីទទួលផល ក្រោយពួកគាត់បានខាតបង់ច្រើនកាលពីជំនាន់កូវីដ-១៩មក ដែលធ្វើឱ្យទិន្នផលកាលពីឆ្នាំមុនមានតិចសម្រាប់នាំចេញ ហើយស្របពេលដែលកម្ពុជាអាចនាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារចិនជាផ្លូវការដំបូងក៏ស្ថិតនៅអំឡុងពេលចុងឆ្នាំ២០២២ហើយផងដែរ។

បើតាមទីប្រឹក្សាសមាគមមៀនប៉ៃលិនរូបនេះ ការនាំចេញផ្លែមៀនស្រស់កម្ពុជា ទៅប្រទេសចិននឹងកាន់តែមានភាពល្អប្រសើរនៅឆ្នាំបន្តបន្ទាប់ខាងមុខ ខណៈបច្ចុប្បន្នទិន្នផលមៀនប៉ៃលិន ដែលកសិករប្រមូលផលបាននៅមិនអាចឆ្លើយតបនឹងតម្រូវការបញ្ជាទិញរបស់ក្រុមហ៊ុននាំចេញនោះទេ ដ្បិតសម្រាប់ពេញមួយឆ្នាំ២០២៣នេះ កម្ពុជាមានទិន្នផលមៀនស្រស់ប្រមាណ១ម៉ឺន៥ពាន់តោនប៉ុណ្ណោះ សម្រាប់លក់ឱ្យក្រុមហ៊ុននាំចេញ។

ក្រៅតែពីទីផ្សារចិន លោក សារ ចំរើន អះអាងថា បច្ចុប្បន្នកម្ពុជាក៏បានសាងល្បងនាំចេញទៅកាន់ទីផ្សារអឺរ៉ុបផងដែរ ដោយនាំចេញបន្តតាមរយៈទីផ្សារចិន ហើយមកទល់ពេលនេះក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុននាំចេញបាននិងកំពុងធ្វើការជំរុញ និងសិក្សាអំពីលទ្ធភាព ដើម្បីធ្វើយ៉ាងណាឱ្យមៀនស្រស់កម្ពុជាអាចនាំចេញដោយផ្ទាល់ទៅកាន់ទីផ្សារអឺរ៉ុបនាពេលឆាប់ៗខាងមុខ។

សូមជម្រាបថា តម្លៃផ្លែមៀនស្រស់កម្ពុជានៅឆ្នាំនេះមានតម្លៃល្អជាងឆ្នាំមុន ពោលគឺចាប់ពីខែកក្កដា ដល់ខែធ្នូឆ្នាំ២០២៣នេះ ក្រុមហ៊ុនបញ្ជាទិញបានដាក់តម្លៃមៀនស្រស់កម្ពុជាក្នុងតម្លៃ ៣ពាន់៦រយរៀលក្នុងមួយគីឡូក្រាម ខណៈចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤ មៀនស្រស់កម្ពុជាអាចលក់បានក្នុងតម្លៃ៤ពាន់រៀលក្នុងមួយគីឡូក្រាម និងចាប់ពីខែមីនា ឆ្នាំ២០២៤ តទៅលក់បានក្នុងតម្លៃ៤ពាន់៥រយរៀលក្នុងមួយគីឡូក្រាម។ នេះបើតាមការបញ្ជាក់របស់សមាគមមៀនប៉ៃលិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញសេដ្ឋកិច្ចរំពឹងថា ស្ថានភាពសេដ្ឋកិច្ច និងការវិនិយោគនៅឆ្នាំក្រោយនឹងប្រសើរឡើង ប៉ុន្ដែក៏មិនត្រូវភ្លេចខ្លួនចំពោះវិបត្តិសកល

ព័ត៌មាន
ក្រុមអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា នៅតែបង្ហាញពីភាពសុទិដ្ឋិយមចំពោះ កំណើនសេដ្ឋកិច្ច និងការវិនិយោគនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំក្រោយនេះ ដ្បិតថា …

ធនាគារកណ្តាលមីយ៉ាន់ម៉ានឹងបញ្ឈប់ការកំណត់អត្រាប្តូរប្រាក់បរទេស ដោយទុកឱ្យ ធនាគារឯកជន និងឈ្មួញប្ដូរប្រាក់សម្រេចខ្លួនឯង

ព័ត៌មាន
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃពុធទី៦ ខែធ្នូថា ធនាគារកណ្តាលប្រទេសមីយ៉ាន់ម៉ានឹងលែងកំណត់អត្រាប្តូរប្រាក់សម្រាប់រូបិយប័ណ្ណបរទេសទៀត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ