ភូមិសាស្ត្រនយោបាយ

អាមេរិក និងកោះតៃវ៉ាន់ ចាប់ផ្តើមចរចាពាណិជ្ជកម្មជាផ្លូវការក្រោមគំនិតផ្តួចផ្តើមថ្មី ទោះរងសម្ពាធពីចិនក្ដី


សហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់កាលពីថ្ងៃពុធទី១៧សីហា បានព្រមព្រៀងគ្នា ដើម្បីចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មក្រោមគំនិតផ្តួចផ្តើមថ្មីមួយ ដោយភាគីទាំងពីរបាននិយាយថា ពួកគេចង់ឈានដល់កិច្ចព្រមព្រៀង ដែលមានលទ្ធផលផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយអត្ថន័យមួយ។ នេះជាសញ្ញាមួយថ្មីទៀតដែលបង្ហាញពីការគាំទ្ររបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន សម្រាប់ទីក្រុងតៃប៉ិ ក្រៅតែពីការប្តេជ្ញាចិត្តផ្នែកសន្តិសុខ និងនយោបាយនាពេលកន្លងមក។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អាមេរិកតៃវ៉ាន់នឹងចាប់ផ្តើមកិច្ចចរចាពាណិជ្ជកម្មជាផ្លូវការឆាប់ៗ!

មែនទែនទៅទីក្រុងវ៉ាស៊ីនតោន និងតៃប៉ិ បានបង្ហាញពីគំនិតផ្តួចផ្តើមថ្មីនេះដំបូងតាំងតែពីខែមិថុនាមកម្ល៉េះ។ គំនិតផ្តួចផ្តើមនេះ ជាការប្តេជ្ញាចិត្តផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មសម្រាប់សតវត្សទី២១។ គេនៅចាំបានថាកាលនោះ គំនិតផ្តួចផ្តើមជាមួយតៃវ៉ាន់បានធ្លាក់មកនៅក្រោយតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកចូ បៃឌិន ប្រកាសដាក់ចេញក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក ដែលជាផែនការផ្តោតលើតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយដែលរៀបចំឡើងដើម្បីទប់ទល់នឹងឥទ្ធិពលដែលកំពុងរះឡើងរបស់ចិន ប៉ុន្តែមិនរាប់បញ្ចូលកោះតៃវ៉ាន់ឡើយ។

សម្រាប់គំនិតផ្តួចផ្តើមទ្វេភាគីជាមួយកោះតៃវ៉ាន់វិញ ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបាននិយាយថា ភាគីទាំងពីរបានឈានដល់ការឯកភាពគ្នាលើអាណត្តិចរចា ហើយគេរំពឹងថា កិច្ចចរចាជុំទីមួយនឹងប្រព្រឹត្តទៅនៅចុងខែកញ្ញាឆ្នាំ២០២២នេះ។

តំណាងពាណិជ្ជកម្មរងសហរដ្ឋអាមេរិកលោកស្រី សារ៉ា បៀនឈី(Sarah Bianchi) និយាយថា៖ អាមេរិកនឹងបន្តការប្តេជ្ញាចិត្តផ្នែកពាណិជ្ជកម្ម ដែលមានស្តង់ដារខ្ពស់ និងសម្រេចលទ្ធផលប្រកបដោយអត្ថន័យ គ្របដណ្តប់លើការដោះដូរពាណិជ្ជកម្មក្នុង១១វិស័យជាមួយកោះតៃវ៉ាន់។ ទោះយ៉ាងណា តំណាងពាណិជ្ជកម្មអាមេរិករូបនេះ មិនបានលំអិតថា ពាណិជ្ជកម្មទាំង១១វិស័យនោះ នឹងផ្តល់ប្រយោជន៍អ្វីខ្លះសម្រាប់ភាគីទាំងពីរឡើយ។

លោកស្រីបៀនឈី គ្រាន់តែបានបញ្ជាក់ថា សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់បានកំណត់របៀបវារៈដ៏រឹងមាំមួយសម្រាប់ការពិភាក្សាលើបញ្ហាដូចជា ការសម្របសម្រួលពាណិជ្ជកម្ម ការអនុវត្តបទប្បញ្ញត្តិឱ្យបានល្អ និងការដករបាំងពាណិជ្ជកម្មជាដើម។

គួរកត់សម្គាល់ថា អាមេរិកមិនបាននិយាយពីលទ្ធភាពនៃការឈានទៅដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទូលំទូលាយមួយជាមួយតៃវ៉ាន់នោះទេ ពោលគឺនិយាយត្រឹមតែកិច្ចចរចាជាគំនិតផ្តួចផ្តើមពាណិជ្ជកម្មប៉ុណ្ណោះ។ មែនទែនទៅ កោះតៃវ៉ាន់បានដាក់សម្ពាធដល់អាមេរិក និងចង់ឱ្យមាន ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយនេះជាមួយគ្នាតែម្តង ប៉ុន្តែរឿងនេះមិនអាចទៅរួច ព្រោះវាផ្ទុយទៅនឹងគោលការណ៍ចិនតែមួយ។ អាមេរិកមានកិច្ចព្រមព្រៀងជាមួយចិនរួចហើយ និងមិនអាចមានទៀតឡើយ ជាមួយកោះតៃវ៉ាន់ ហើយបើសិនជាមានកិច្ចព្រមព្រៀងជាមួយតៃវ៉ាន់ទៀត វាប្រៀបបាននឹងវ៉ាស៊ីនតោន ទទួលស្គាល់ឯករាជ្យរបស់កោះតៃវ៉ាន់។

សូមជម្រាបថា ទីក្រុងវ៉ាស៊ីនតោន ថ្វីបើមិនមានទំនាក់ទំនងការទូតផ្លូវការនឹងតៃវ៉ាន់ក៏ដោយចុះ ក៏រដ្ឋបាលអាមេរិកពីមួយអាណត្តិទៅមួយអាណត្តិ ចាប់អារម្មណ៍ក្នុងការជំរុញការគាំទ្រសម្រាប់តៃវ៉ាន់ ជាពិសេសនៅពេលដែលខ្លួនប្រឈមមុខនឹងភាពតានតឹងនយោបាយជាមួយទៅក្រុងប៉េកាំង ជុំវិញសំណុំរឿងបង្រួបបង្រួមតៃវ៉ាន់៕




អត្ថបទបន្ទាប់


ធនាគារជាតិជំរុញឲ្យម្ចាស់អាជីវកម្មក្នុងវិស័យ SME នាំគ្នាចុះបញ្ជី និងបង្កើនសមត្ថភាពបច្ចេកវិទ្យា

មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា បន្តជំរុញឲ្យម្ចាស់អាជីវកម្មក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម(SME) ដែលមិនទាន់បានចុះបញ្ជី នាំគ្នាមកចុះ…

ធនាគារកណ្តាលអាមេរិកគ្រោងដំឡើងអត្រាការប្រាក់គោលជាលើកទី៥ ដើម្បីទប់ទល់អតិផរណា

ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធទី១៧សីហា នៅតែបង្ហាញការប្តេជ្ញាចិត្តដំឡើងអត្រាការប្រាក់បន្ថែមទៀត ដើម្បីទប់ទល់នឹងតម្លៃទំនិញ និងតម្រូវការរបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ