ព្រលានយន្តហោះពោធិ៍ចិនតុង

តើកម្ពុជា គួររក្សាព្រលានយន្តហោះពោធិ៍ចិនតុង ទុកទម្រង់ដើម ឬអភិវឌ្ឍន៍ធ្វើអ្វីផ្សេង ដែលអាចបម្រើឱ្យផលប្រយោជន៍សាធារណៈ និងសេដ្ឋកិច្ច?


ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ ឬព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានបិទដំណើរការជាស្ថាពរចាប់ពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តទៅ បន្ទាប់ពីបានបើកប្រតិបត្តិការអស់រយៈពេលជាង៦៦ឆ្នាំ។ បើទោះបីជាព្រលានយន្តហោះនេះ ត្រូវបានបិទក៏ពិតមែន ប៉ុន្តែទីតាំងព្រលានយន្តហោះទំហំជាង ៤០០ហិកតានេះ ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា អះអាងកាលពីកន្លងទៅថា នៅតែរក្សាទុកជាទ្រព្យសម្បត្តិរដ្ឋ និងជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។
ព្រលានយន្តហោះពោធិ៍ចិនតុង
ដោយ

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ក្រោយព្រលានយន្តហោះពោធិ៍ចិនតុង ត្រូវបានបិទដំណើរការ រាជរដ្ឋាភិបាល គួរតែយកទីតាំងនោះមួយផ្នែកធ្វើជាទីតាំងសម្រាប់បម្រើដល់ប្រតិបត្តិការហោះហើររបស់កងទ័ពអាកាស និងមួយផ្នែកធ្វើជាកន្លែងប្រវត្តិសាស្រ្តតាមរយៈការបង្កើតជាសារមន្ទីរវប្បធម៌ប្រវត្តិសាស្រ្ត ក៏ដូចជាសារមន្ទីរយន្តហោះ និងកងទ័ពជាដើម។ បន្ថែមលើនេះ រាជរដ្ឋាភិបាល គួរយកមួយផ្នែកបង្កើតជាទីតាំងមហោស្របទំនើប និងកន្លែងតាំងពិពណ៌ផលិតផលខ្មែរ និងសកម្មភាពមួយចំនួនទៀត សំដៅប្រែក្លាយទីតាំងនេះទៅជាមជ្ឈមណ្ឌលទេសចរណ៍ និងប្រវត្តិសាស្រ្តដ៏សំខាន់មួយរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអាចជាផ្នែកមួយក្នុងការទាញចំណូលចូលសេដ្ឋកិច្ចជាតិ ផងដែរ។

​ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា រាជរដ្ឋាភិបាល គួររក្សាទីតាំងហេដ្ឋារចនាសម្ព័ន្ធបែបប្រវត្តិសាស្រ្តមួយនេះទុកសម្រាប់ជើងហោះហើរក្នុងស្រុក និងជាមូលដ្ឋានសម្រាប់កងទ័ពជើងអាកាស។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាល ក៏អាចយកទីតាំងព្រលានយន្តហោះនេះ បង្កើតទៅជាសួនច្បារសាធារណៈសម្រាប់ជាទីកម្សាន្តរបស់សាធារណជន និងទុករំលឹកអនុស្សាវរីយ៍ផងដែរ។

​យ៉ាងណាមិញពលរដ្ឋដែលរស់នៅក្បែរនោះ និងធ្លាប់ទាញផលប្រយោជន៍ពីព្រលាននេះ មានអ្នកខ្លះចង់ឱ្យរក្សាទុកទម្រង់ដើម និងអ្នកខ្លះចង់ឱ្យបង្កើតជាសួនកម្សាន្ត ដើម្បីឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរអាចចូលលេងកម្សាន្ត និងអាចបម្រើផលប្រយោជន៍ដល់ពលរដ្ឋ ដែលរស់នៅក្បែរៗនោះ។

​​តែយ៉ាងណាបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រោយព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ បិទដំណើរការ រាជរដ្ឋាភិបាលបានប្រគល់ឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង និងថែរក្សាព្រលានយន្តហោះនេះ ដែលវានៅតែស្ថិតជាកម្មសិទ្ធរបស់រដ្ឋ។ តែយ៉ាងណា ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការប្រើប្រាស់ព្រលានយន្តហោះនេះសម្រាប់បម្រើដល់ផលប្រយោជន៍សាធារណៈក្នុងកម្រិតណាមួយនោះ គឺអាស្រ័យលើរាជរដ្ឋាភិបាល។

​គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ លាតសន្ធឹងលើផ្ទៃដីជាង៤០០ហិកតា និងអាកាសយានដ្ឋានដំបូងគេរបស់កម្ពុជា ដែលបានចាប់ផ្តើមសាងសង់ឡើងនៅឆ្នាំ១៩៥៧ និងសម្ពោធដាក់ឱ្យដំណើរការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ១៩៥៩ ដោយកាលនោះ មានឈ្មោះថា អាកាសយាន្តដ្ឋានអន្តរជាតិ ពោធិ៍ចិនតុង ហើយអាកាសយានដ្ឋាននេះ ត្រូវបានបិទដំណើរការទាំងស្រុងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥៕




អត្ថបទបន្ទាប់


មេ UN ថា ការបង្កើនការចំណាយលើវិស័យយោធា កំពុងកាត់បង្អាក់ការវិនិយោគលើវិស័យសំខាន់ៗ ដែលជួយកាត់បន្ថយភាពក្រីក្រ

ប្រមុខអង្គការសហប្រជាជាតិ បានអះអាងថា ការវិនិយោគលើការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រជំនួសឱ្យការវិនិយោគសម្រាប់បម្រើឱ្យសង្រ្គាម នឹងធ្វើឱ្យពិភពលោកកា…

តើអាកាសយានដ្ឋានអន្តរជាតិ តេជោ និងគម្រោងព្រែកជីកហ្វូណន តេជោ អាចជួយកែប្រែមុខមាត់តំបន់ភាគខាងត្បូងក្នុងរយៈពេល៥ឆ្នាំខាងមុខយ៉ាងណាដែរ?

តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ បានក្លាយជាទីតាំងអភិវឌ្ឍន៍ប្រកបដោយសក្ដានុពលនិងកំពុងទទួលបានការទាក់ទាញយ៉ាងខ្លាំង។ ជាក់ស្ដែងអាកាសយានដ្ឋាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ