ការព្រមានបែបនេះធ្វើឡើងក្រោយក្រុមការងារលើកកម្ពស់គុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ចុះសិក្សារកឃើញថា មានម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួនបានទារលុយជាថ្នូរនឹងការអនុញ្ញាតឲ្យតភ្ជាប់បណ្តាញអ៊ិនធឺណិតចូលក្នុងលំនៅឋានរបស់អ្នកប្រើប្រាស់ និងធ្វើប្រតិបត្តិការផ្តល់សេវាអ៊ិនធឺណិតដោយខ្លួនឯង។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអះអាងថា ក្រុមការងារលើកកម្ពស់គុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញចំនួន៨ក្រុមបានចុះសិក្សារកឃើញឧបសគ្គជាក់លាក់ ដែលធ្វើឲ្យរាំងស្ទះ និងបង្កការលំបាកដល់ការតភ្ជាប់បណ្តាញសេវាអ៊ិនធឺណិតចូលក្នុងបុរី និងអគារសហកម្មសិទ្ធិមួយចំនួន។ ឧបសគ្គទាំងនោះរួមមានម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួនបានទារលុយជាថ្នូរនឹងការអនុញ្ញាតឲ្យតភ្ជាប់បណ្តាញសេវាអ៊ិនធឺណិតចូលក្នុងលំនៅឋានរបស់អ្នកប្រើប្រាស់ និងមានម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួនទៀតធ្វើប្រតិបត្តិការផ្តល់សេវាអ៊ិនធឺណិតដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា។
ក្រសួងប្រៃសណីយ៍អំពាវនាវឲ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិទាំងនោះបញ្ឈប់សកម្មភាពរបស់ខ្លួន និងចូលរួមសហការជាមួយក្រសួងប្រៃសណីយ៍ ក៏ដូចជាប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ ដើម្បីអភិវឌ្ឍ និងលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅកម្ពុជា។ ក្នុងករណីម្ចាស់បុរី និងអគារសហកម្មសិទ្ធិទាំងនេះនៅតែបន្តប្រព្រឹត្តអំពើខុសច្បាប់នេះទៀត នោះក្រសួងប្រៃសណីយ៍ នឹងចាត់វិធានការតាមផ្លូវច្បាប់ស្តីពីទូរគមនាគមន៍ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
ជាមួយគ្នានេះក្រសួងប្រៃសណីយ៍អំពាវនាវឲ្យប្រតិបត្តិករទូរគមនាគមន៍ និងសាធារណៈជនរាយការណ៍មកកាន់លេខទូរសព្ទ ៦៧៨៩ ក្នុងករណីមានសកម្មភាពល្មើសច្បាប់ខាងលើកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន។
សូមបញ្ជាក់ថា កាលពីខែកក្កដា កន្លងទៅ ក្រសួងប្រៃសណីយ៍ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការបញ្ឈប់ប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និងពង្រីកសេវា ដែលវាមានផលប៉ះពាល់ខ្លាំងដល់សេវាទូរសព្ទចល័ត និងធ្វើឱ្យប៉ះពាល់ខ្លាំងដល់កម្រិតគុណភាពសេវាទូរសព្ទចល័ត ពិសេសនៅក្នុងបរិវេនបុរីមួយចំនួន ក្នុងរាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះ ប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាឲ្យមានការលុបចោលការផ្ដល់សេវាអ៊ីធើណែតផ្ដាច់មុខសម្រាប់បុរីលំនៅដ្ឋានផងដែរ ដើម្បីជំរុញឲ្យមានការផ្គត់ផ្គង់អ៊ីធើណែតស្របទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់៕