ការផ្អាករៀបចំពិធីបុណ្យអុំទូក

ការផ្អាករៀបចំពិធីបុណ្យអុំទូកនៅឆ្នាំនេះ តើខាត និងចំណេញអ្វីខ្លះ


មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេចផ្អាករៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅឆ្នាំនេះ ដោយសារបារម្ភពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងក្លាយជាក្តីបារម្ភសម្រាប់ប្រទេសកម្ពុជា និងប្រទេសលើពិភពលោក។ អ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចនេះ ដ្បិតការផ្អាកនេះមិនត្រឹមតែជួយទប់ស្កាត់និងបង្ការការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ តែវាបានរួមចំណែកជួយកាត់បន្ថយការចំណាយថវិកាជាតិ និងការចំណាយថវិការបស់ប្រជាពលរដ្ឋថែមទៀតផង។
សកម្មភាពកីឡាករទូកងរអ៊ុំទូក

អ្នកជំនាញ​ជឿជាក់​ទៀត​ថា កម្ពុជា​អាច​នឹង​ប្រឈម​កាន់​ខ្លាំង​ក្នុង​ការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩ ប្រសិនបើ​រាជរដ្ឋាភិបាល​នៅ​តែ​បន្ត​រៀបចំ​ពិធីបុណ្យ​អុំទូក​ប្រពៃណី​ជាតិ​នៅ​ឆ្នាំ​នេះ ព្រោះ​នឹង​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​មក​ពី​តំបន់​ផ្សេង​ៗ​គ្នា មក​ប្រមូលផ្តុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​។

លោក​បណ្ឌិត ឈ​ត ប៊ុ​ន​ថង មន្ត្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​រាជ​បណ្ឌិតសភា​កម្ពុជា បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​សម្រេច​ផ្អាក​រៀបចំ​ពិធីបុណ្យ​អុំទូក ប​ណ្តែ​ង​ប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​នៅ​ឆ្នាំ​នេះ​។ គាំទ្រ​ក៏​ដោយសារ​តែ លោក​បណ្ឌិត​យល់​ថា ការ​ផ្អាក​នេះ​មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ចម្លងជំងឺ​កូ​វី​ដ​-១៩ នោះ​ទេ តែ​វា​បាន​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ចំពោះ​សង្គម​ជាតិ និង​សេដ្ឋកិច្ចជាតិ​។

ទោះបី​មិនដឹង​ខ្ទង់ចំណាយ​ជាក់លាក់​តែ​លោក​បណ្ឌិត ឈ​ត ប៊ុ​ន​ថង ជឿជាក់​ថា ការ​ផ្អាក​រៀបចំ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ វា​បាន​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថវិកាជាតិ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ទុក​ចំណាយ​លើ​ការ​ស្តារ​សេដ្ឋកិច្ច​កម្ពុជា ដែល​បាន​និង​កំពុង​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩​។ លើស​ពី​នេះ​វា​ក៏​ជា​យន្តការ​មួយ​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​របស់​ប្រជា​ពល​ដ្ឋ បន្ទាប់​ពី​ពួក​គេ​បាន​ចំណាយ​ថវិកា​យ៉ាងច្រើន​ក្នុងអំឡុងពេល​ឈប់​សម្រាក​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​៣​ថ្ងៃ​កន្លង​មក​ផង​ដែរ​។

ចំណែក លោក​បណ្ឌិត ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជ​បណ្ឌិតសភា​កម្ពុជា ក៏​គាំទ្រ​ចំពោះ​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល​នេះ​ដែរ​។ សម្រាប់​លោក​បណ្ឌិត នេះ​ជា​ការ​សម្រេចចិត្ត​មួយ​ដ៏​ត្រឹមត្រូវ ព្រោះ​វា​ជា​ផ្នែក​មួយ​ជួយ​ទប់ស្កាត់ និង​កាត់​ផ្តាច់​ការ​ចម្លង​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​រាលដាល​នៅ​កម្ពុជា ក៏​ដូច​ជា​លើ​ពិភពលោក​។ អ្នកជំនាញ​រូប​នេះ​ជឿជាក់​ថា ប្រសិនបើ​រាជរដ្ឋាភិបាល​នៅ​តែ​រក្សា​ជំហរ​រៀបចំ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ វា​នឹង​ក្លាយជា​ប្រភព​ចម្លង​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ព្រោះ​ជា​បទ​ពិសោធន៍​រាល់​ពិធីបុណ្យ​នេះ​ម្តង​ៗ មាន​ប្រជាពលរដ្ឋ​មក​ពី​តាម​បណ្តា​រាជធានី​ខេត្ត​នានា​ជា​ច្រើន​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​ដែល​ជាទី​តាំង​ប្រារព្ធ​នៃ​ពិធីបុណ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ​។ 

ស្រប​ពេល​កម្ពុជា​កំពុង​ត្រូវការ​ថវិកា​ដើម្បី​ស្តារ​វិស័យសេដ្ឋកិច្ច និង​សង្គម​ពី​វិបត្តិ​កូ​វី​ដ​-១៩ ឡើង​វិញ លោក​បណ្ឌិត ហុង វណ្ណៈ មាន​សុទិដ្ឋិនិយម​ថា ការ​ផ្អាក​រៀបចំ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំ​នេះ វា​មាន​សារសំខាន់​ណាស់​សម្រាប់​ប្រទេស​ជាតិ​។ ព្រោះ​វា​បាន​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា​លើ​ការ​រៀបចំ​ពិធី​នេះ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ សម្រាប់​ត្រៀម​ទុក​ចំណាយ​លើ​ការ​ស្តារ​វិស័យសេដ្ឋកិច្ច និង​សង្គម​។ បន្ថែម​លើ​នេះ​វា​ក៏​បាន​ចូលរួម​ចំណែក​ជួយ​សន្សំ​ថវិកា​ជូន​ប្រជាពលរដ្ឋ​កម្ពុជា ដែល​បាន​បាត់បង់​ចំណូល​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ កន្លង​មក​ផង​ដែរ​។

សម្តេច​ក្រឡាហោម​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​មាន​ប្រសាសន៍​បញ្ចា​ក់ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​រៀបចំ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​នៅ​ឆ្នាំ​នេះ ដោយសារ​បារម្ភ​ពី​ការ​ឆ្លង​រាល​ត្បា​តនៃ​ជំងឺ​កូ​វី​ដ​-១៩​។ ការ​បញ្ជាក់​បែប​នេះ​ធ្វើ​ឡើង​នៅ​ពេល សម្តេច​ក្រឡាហោម ស ខេ​ង  ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​ដំណែង​របស់​អភិបាលខេត្ត​បាត់ដំបង​ថ្មី គឺ​ឯកឧត្តម សុខ លូ អតីត​អភិបាលខេត្ត​កំពង់ធំ កាលពី​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១​។

គួរ​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​រាជរដ្ឋាភិបាល​សម្រេច​ផ្អាក​រៀបចំ​ពិធីបុណ្យ​ប្រពៃណី​ជាតិ​មួយ​នេះ ពោល​គឺ​រាជរដ្ឋាភិបាល​ផ្អាក​រៀបចំ​ជា​ច្រើន​លើក​រួច​មក​ហើយ ក្រោម​ហេតុ​ផ្សេង​ៗ​គ្នា​៕

None



អត្ថបទបន្ទាប់


ទស្សនៈអ្នកជំនាញទាក់ទងនឹងការវិវត្តនៃវិស័យអចលនទ្រព្យខេត្តព្រះសីហនុ

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យមើលឃើញថា ទីផ្សារអចលនទ្រព្យក្នុងខេត្តព្រះសីហនុ អាចនឹងស្ទុះងើបឡើងវិញមុនគេ ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាជ្រើសរើសយក…

មជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោក ទីក្រុងហុងកុង និងសិង្ហបុរី ដើរយុទ្ធសាស្ត្រខុសគ្នាក្នុងការគ្រប់គ្រងកូវីដ-១៩

គម្លាតកំពុងមានកាន់តែធំទៅៗ រវាងមជ្ឈមណ្ឌលហិរញ្ញវត្ថុធំៗពីររបស់តំបន់អាស៊ី គឺទីក្រុងហុងកុង និងប្រទេសសិង្ហបុរី ក្នុងវិធីសាស្ត្រដោះស្រាយការរីក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ