
ការចេញនូវសេចក្ដីសម្រេចពីការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ គឺធ្វើឡើងនៅក្រោយពេលប៉ុន្មានម៉ោងនៃការបែកធ្លាយសារសំឡេងសម្តេចហ៊ុន សែន ទាក់ទងនឹងការបញ្ជាឲ្យបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលបានធ្វើឲ្យពលរដ្ឋមានការផ្អើលឈូរឆរ នាំគ្នាសម្រុកទិញទំនិញម្ហូបអាហារស្ដុកទុកដោយសារតែបារម្ភខ្លាចមិនអាចចេញពីផ្ទះបាន។
ជុំវិញនឹងវិធានការណ៍បិទខ្ទប់នេះដែរ សម្តេច ហ៊ុន សែន បានចេញសារសំឡេងថ្មីមួយថា វាមិនមែនមានជាដំណើរការធ្វើឲ្យពលរដ្ឋស្លាប់ ឬរងទុក្ខលំបាកនោះទេ។ សម្តេច មានប្រសាសន៍យ៉ាងដូច្នេះថា «ការបិទនេះទៀតសោត ក៏មិនមែនជាដំណើរការដើម្បីធ្វើឲ្យប្រជាជនស្លាប់ ឬរងទុក្ខលំបាកនោះដែរ ទោះបីថាផលប៉ះពាល់វាកើតមាន ក៏ប៉ុន្ដែយើងក៏បានគិតទុកធ្វើយ៉ាងណាឲ្យឲ្យប្រជាជានយើងអាចមានជីវភាពជាប្រក្រតី ទោះបីបញ្ហាមួយចំនួនត្រូវបានធ្វើ។»
បើតាមសម្តេចនាយករដ្ឋមន្ត្រី នៅពេលមានការបិទខ្ទប់នេះ បុគ្គលគ្រប់រូប ត្រូវបានហាមឃាត់ធ្វើដំណើរពីលំនៅដ្ឋាន ឬទីសំណាករបស់ខ្លួនបើគ្មានការចាំបាច់។ ការធ្វើដំណើរអាចធ្វើទៅបាន បើសិនជាការចាំបាច់ ដូចជាការធ្វើដំណើរទៅបំពេញការងារ ការប្រកបមុខរបរ ឬអាជីវកម្មក្នុងភូមសាស្ត្រដែលបានបិទខ្ទប់ និងមិនបានហាមឃាត់ដូចក្នុងមាត្រា៣ នៃសេចក្ដីសម្រេច ហើយអ្នកធ្វើដំណើរក៏ត្រូវមានឯកសារបញ្ជាក់ពាក់ព័ន្ធផងដែរ។ ជាមួយគ្នានេះ ការធ្វើដំណើរទៅកន្លែងលក់ម្ហូបអាហារ គ្រឿងឧបភោគបរិភោគ ឬសម្ភារប្រើប្រាស់ចាំបាច់ ដែលអាជ្ញាធរអនុញ្ញាតឲ្យបើកដំណើរការនោះ ក៏ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរដែរ ប៉ុន្ដែទៅបានយ៉ាងច្រើន២នាក់ប៉ុណ្ណោះ ក្នុងមួយលំនៅដ្ឋាន ឬទីសំណាក់ និងមិនឲ្យចេញធ្វើដំណើរលើសពី៣ដងក្នុងមួយសប្ដាហ៍ ហើយការធ្វើដំណើរនោះ ត្រូវធ្វើឡើងនៅក្នុងភូមិសាស្ត្រដែលនៅជិតបំផុត ឬក្នុងខណ្ឌរបស់ខ្លួនរស់នៅ។ បន្ថែមពីនេះ ការធ្វើដំណើរចាប់បាច់ផ្សេងៗទៀត ដូចជាទៅមន្ទីរពេទ្យ ការយកសំណាក់ពិនិត្យជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរផងដែរ រួមជាមួយនឹងការធ្វើដំណើរចាំបាច់ផ្សេងៗទៀតដូចដែលមានបញ្ជាក់នៅក្នុងសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ខាងក្រោមនេះ៖






