Advertisement
វិស័យ​អាកាសចរណ៍

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រំពឹងទទួលបានអ្នកដំណើរ ៦ លាននាក់ នៅដំណាច់ឆ្នាំ២០១៩


ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា បានរំពឹងទុកថា កំណើនអ្នកដំណើរនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ ដែលជាអាកាសយានដ្ឋានមមាញឹកខ្លាំងជាងគេរបស់កម្ពុជាធៀបនឹងអាកាសយានដ្ឋានអន្តរជាតិពីរផ្សេងទៀតនោះ អាចនឹងកើនឡើងដល់ ៦លាននាក់នៅដំណាច់​ឆ្នាំ ២០១៩ ខណៈដែលជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានកើនដល់ដល់ទៅ ១៦០ ទៅ ១៨០ ជើងក្នុងមួយថ្ងៃ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញរំពឹងទទួលបានអ្នកដំណើរ ៦ លាននាក់នៅដំណាច់ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសបុក អាកាសយានដ្ឋាន)
ដោយ
Advertisement

លោក អាឡាំង ប្រ៊ង នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា បាន​លើកឡើងថា ដោយមើលឃើញ​ពី​កំណើន​យ៉ាងឆាប់​រហ័ស​នៃ​ការកើនឡើង​ចំនួន​អ្នកដំណើរ​ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាននិងកំពុង​ពង្រីកបន្ថែម​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់ខ្លួន​ជាបន្តបន្ទាប់។ តួយ៉ាង ថ្មីៗនេះ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ដាក់ពង្រីកបន្ថែមនូវចំណត​យន្ដហោះថ្មីមួយទៀត ដែលអាច​ចត​យន្ដហោះបាន​រហូតដល់ ១២ កន្លែង​បន្ថែមទៀត។ ចំណតនេះ មានបណ្ដោយ​៥៤០ ម៉ែត្រ និងទទឹង​៨៦ ម៉ែត្រ ចំណាយ​ទឹកប្រាក់វិនិយោគសាងសង់ អស់​៨លាន​ដុល្លារអាមេរិក។

សរុបទាំងចំណតថ្មី និងចាស់ នៅបច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ​មានចំណត​សម្រាប់ចត​យន្ដហោះចំនួន ៤២ កន្លែងហើយ ក្នុងនោះ ចំណត​សម្រាប់​យន្ដហោះ​ខ្នាតធំ​មាន​១០កន្លែង។ តាមរយៈ ការពង្រីកបន្ថែម​នូវហេដ្ឋារចនាសម្ព័ន្ធ​ជាបន្តបន្ទាប់នេះ លោក អាឡាំង ប្រ៊ង រំពឹងថា អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នឹងទទួលបាន​អ្នកដំណើរ​រហូតដល់ ៦ លាន​នាក់​នៅដំណាច់ឆ្នាំ​២០១៩នេះ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានគូស​បញ្ជាក់ថា ការពង្រីក​ចំណត​បន្ថែម​សម្រាប់​យន្ដហោះ​​របស់អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញនេះ គឺ​មានគោលដៅសំខាន់ ពីរ ដែលទី១ សម្រាប់​ជាប្រយោជន៍​ផ្នែកពាណិជ្ជកម្មផង និង​ទី២ គឺ គឺសម្រាប់តម្រូវការ​របស់រាជរដ្ឋាភិបាល​ក្នុងការ​ទទួលគណៈប្រតិភូ ដែលនឹង​អញ្ចើញចូលរួម​ក្នុងព្រឹត្តិការណ៍​សំខាន់ៗ​នៅបណ្ដាឆ្នាំខាងមុខ ដោយកម្ពុជានឹង​ធ្វើជាម្ចាស់​ផ្ទះនៃកិច្ច​ប្រជុំទាំងនោះ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បាន​គូសបញ្ជាក់ទៀតថា កំណើន​អ្នកធ្វើដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​របស់កម្ពុជា​នៅតែបង្ហាញ​ពីកំណើន​វិជ្ជមាន​ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ជាក់ស្ដែង នៅឆ្នាំ២០១៩នេះ អាកាសយានដ្ឋាន​ទាំងបីរបស់កម្ពុជា រំពឹងថា នឹងទទួលបាន​ចំនួន​អ្នកដំណើរ​ប្រមាណ ១២ លាននាក់ ខណៈដែល​ឆ្នាំមុនមាន ១០លាន​៥សែននាក់។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បាន​បន្ថែមទៀតថា បច្ចុប្បន្ន កម្ពុជា​មានក្រុមហ៊ុន​អាកាសចរណ៍​ប្រតិបត្តិការ​ចំនួន ៤៤ ក្រុមហ៊ុន ដែលក្នុងនោះ សម្រាប់តែ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​តែមួយប៉ុណ្ណោះ មានជើងហោះហើរ​ចន្លោះពី ១៦០ ទៅ១៨០ ជើង​ក្នុងមួយថ្ងៃ៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាឡេស៊ី​គ្រោង​បញ្ជូន​លោកស្រី មូរ សុខហួរ ទៅ​ប្រទេស​ទីបី

ព័ត៌មាន
នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ (Mahathir Mohamad) បាន​​និយាយ​​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​វិច្ឆិកា​នេះ ថា ប្រទេស​គាត់...

ភារធារី​ទូត​អាមេរិក៖ សព្វថ្ងៃ សារព័ត៌មាន​កំពុង​រង​​ការ​គំរាម​កំហែង នៅ​ជុំវិញ​ពិភពលោក​និង​នៅ​កម្ពុជា

ព័ត៌មាន
លោកភារធារី Michael Newbill នៃ​ស្ថានទូត​អាមេរិក ប្រចាំ​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​វិច្ឆិកា ថា សព្វថ្ងៃ សារព័ត៌មាន​ក...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ