មេដឹកនាំឥណ្ឌូនេស៊ី

តើប្រធានាធិបតីថ្មីរបស់ឥណ្ឌូនេស៊ី ផ្តោតលើគោលនយោបាយសំខាន់អ្វីខ្លះ?


លោក ប្រាបូវូ ស៊ូប៊ីយ៉ាន់តូ ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីការពារជាតិ នឹងចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូនេស៊ីថ្មី នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាកាតា។ ពិធីចូលកាន់តំណែងនេះនឹងមាន ការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល និងតំណាងមេដឹកនាំអាស៊ានជាច្រើនរូប រួមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ។ នៅមុនពេលចូលកាន់តំណែង សារព័ត៌មានបរទេសមួយចំនួនបានលើកឡើងថា មេដឹកនាំថ្មីរូបនេះនឹងផ្តោតលើចក្ខុវិស័យអាទិភាពចំនួន៥។
មេដឹកនាំឥណ្ឌូនេស៊ី
ដោយ

សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី នឹងបញ្ចប់ការកាន់អំណាចពីរអាណត្តិ ហើយផ្ទេរអំណាចនៅថ្ងៃអាទិត្យនេះទៅឱ្យលោក ប្រាបូវូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បន្ទាប់ពីលោកបានបរាជ័យជាបន្តបន្ទាប់ក្នុងការកាន់ដំណែងកំពូលរបស់ប្រជាជាតិ ដែលមានប្រជាជនច្រើនជាងគេនៅអាស៊ាន និងទី៤ នៅលើពិភពលោកមួយនេះ។

នៅមុនពេលលោក ចូលកាន់តំណែង លោក ប្រាបូវូ និងលោក ជីប្រាន រ៉ាកាបូមីង រ៉ាកា (Gibran Rakabuming Raka) ដែលជាកូនប្រុសច្បងរបស់លោក ចូកូ វីដូដូ បានគូសបញ្ជាក់ពីចក្ខុវិស័យសំខាន់ ៗ ចំនួន៥ ចេញពីគោលដៅចំនួន៨ និងកម្មវិធីនយោបាយអទិភាព១៧ចំណុច ដែលនឹងអនុវត្តនៅក្នុងរយៈពេល៥ឆ្នាំនៃអាណត្តិដឹកនាំរបស់លោក។

គោលនយោបាយអាទិភាពទាំងនោះ រួមមានៈ កម្មវិធីផ្តល់អាហារឥតគិតថ្លៃ, ការបង្កើនប្រាក់ចំណូលរដ្ឋ, ការកសាងលំនៅឋាន៣លានខ្នងសម្រាប់អ្នកមានចំណូលទាប, កម្មវិធីផ្តល់ការអប់រំ និងពិនិត្យសុខភាពសម្រាប់អ្នកក្រីក្រ, និងកម្មវិធីពង្រឹងការទូត និងការពារជាតិ។

លោក ប្រាបូវូ បានសន្យាផ្តល់អាហារដោយឥតគិតថ្លៃដល់កុមារ និងស្រ្តីក្រីក្រជាង៨០លាននាក់ជាមួយនឹងថវិកាត្រៀមបម្រុងសរុបប្រមាណជាង៤ពាន់លានដុល្លារ។ ក្រៅពីនោះ លោកបានស្នើបង្កើតស្ថាប័នដាច់ដោយឡែកមួយ ដើម្បីគ្រប់គ្រងពន្ធ និងប្រាក់ចំណូលផ្សេងទៀត និងបង្កើនប្រសិទ្ធភាពនៃការប្រមូលចំណូលនៅក្នុងគោលបំណងបង្កើនសមាមាត្រពន្ធធៀបនឹងអត្រា GDP ពី១០,២១% ក្នុងឆ្នាំ២០២៣  ដើម្បីបង្កើនឲ្យឡើងដល់២៣% នៅចុងបញ្ចប់នៃអាណត្តិរបស់លោក។

ជាមួយគ្នានេះ លោក ក៏បានសន្យាផងដែរថា លោកនឹងសាងសង់ផ្ទះចំនួន៣លានខ្នងក្នុងអាណត្តិរបស់លោក ដោយកំណត់គោលដៅ២លានខ្នងសម្រាប់ពលរដ្ឋនៅជនបទ និង១លានខ្នងទៀត សម្រាប់ពលរដ្ឋនៅក្នុងទីក្រុង។ គម្រោងនេះអាចមានតម្លៃប្រមាណជា៣,៣ពាន់លានដុល្លារ។

សម្រាប់ចក្ខុវិស័យសុខភាព និងការអប់រំវិញ លោក ប្រាបូវូ បានសន្យាថា នឹងពិនិត្យលទ្ធភាពផ្តល់ការពិនិត្យសុខភាពជូនពលរដ្ឋក្រីក្រដោយឥតគិតថ្លៃសម្រាប់ប្រជាជនឥណ្ឌូនេស៊ី ជាង៥២លាននាក់ ដោយចក្ខុវិស័យនេះអាចរួមបញ្ចូលទាំងគម្រោងរៀបចំការសាងសង់មន្ទីរពេទ្យថ្មីៗនៅទូទាំងប្រទេសផងដែរ រីឯគោលនយោបាយអប់រំ គឺលោកមានបំណងផ្តល់អាហារូបករណ៍ថ្នាក់ជាតិ សម្រាប់សិស្សានុសិស្សកំពូល៤០រូបទៅបន្តការសិក្សានៅសាកលវិទ្យាល័យកំពូលៗនៅលើពិភពលោក។

សម្រាប់កិច្ចការទូត និងការពារជាតិ ប្រធានាធិបតីថ្មីដែលនឹងចូលកាន់តំណែងឆាប់ៗរូបនេះ នឹងធ្វើដំណើរទៅកាន់ប្រទេសជាងដប់ រួមទាំងអូស្ត្រាលី និងរុស្ស៊ី ផងដែរ ក្នុងគោលបំណងរក្សាគោលនយោបាយអ្នកជិតខាងល្អទាំងក្នុងតំបន់ និងសកលលោក។ លោកត្រូវបានគេរំពឹងថា នឹងដើរតួសកម្មជាងលោក វីដូដូ នៅក្នុងវេទិកាអន្តរជាតិ រួមទាំងកិច្ចប្រជុំកំពូល G20 និង APEC នាពេលខាងមុខ។

ដូចគ្នានេះដែរ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិស្រាប់ លោក ប្រាបូវូ អាចនឹងផ្តោតលើគោលនយោបាយចាំបាច់មួយចំនួនក្នុងការលើកកម្ពស់ទំនើបកម្ម នៃវិស័យការពារជាតិរបស់ឥណ្ឌូនេស៊ី រួមទាំងការទិញយន្តហោះ Rafale ពីប្រទេសបារាំង និងយន្តហោះ F-15EX ពីសហរដ្ឋអាម៉េរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ឥណ្ឌាគ្រោងជះលុយជាង១០០ពាន់លានដុល្លារអាម៉េរិក ដើម្បីសាងសង់ទីក្រុងថ្មីៗចំនួន៨

ប្រទេសឥណ្ឌា ដែលមានប្រជាជនច្រើនជាងគេបំផុតទួទាំងពិភពលោក និងដែលបានវ៉ាឈ្នះប្រទេសជប៉ុន ក្លាយជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី៣ របស់ពិភពលោក គ្រោ…

ឯកឧត្តម វង្សី វិស្សុត ផ្តួចផ្តើមធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែទៅវត្តកំរ៉ែងរតនារាម ស្ថិតក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង

ដោយមានសទ្ធាជ្រះថ្លា ចំពោះព្រះពុទ្ធសាសនា និងតាមសំណូមពររបស់ព្រះគ្រូចៅអធិការ គណៈកម្មការ ពិសេសបងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្ត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ