លោក ស៊ីម សេនាជាតិប្រធាននាយកប្រតិបត្តិ នាយកប្រតិបត្តិមីក្រូហិរញ្ញវត្ថុប្រាសាក់ បានលើកឡើងថា ការបោះផ្សាយលក់មូលបត្របំណុលរបស់ប្រាសាក់នេះ គឺទទួលបានវិនិយោគិនធំៗចំនួន ៣ គឺ ធនាគារហុងលីអុងរបស់ម៉ាឡេស៊ី , ក្រុមហ៊ុនធានារ៉ាប់រងប្រូឌិនសល និងធនាគារស៊ីនហាន ក្នុងទឹកប្រាក់ប្រមាណជា ១២៧ ពាន់លានរៀល ឬស្មើនឹងប្រមាណជាង ៣១លានដុល្លារ អាមេរិក។
ការបោះផ្សាយលក់បណ្ណបំណុលរបស់ប្រាសាក់នេះ គឺមានអត្រាកូប៉ុង ឬហៅថា ការប្រាក់ ៧,៥% ក្នុងមួយឆ្នាំ ដោយត្រូវបានធានាទាំងស្រុងដោយស្ថានប័នអន្តរជាតិ CGIF ដែលជាមូលនិធិបរធនមួយនៃធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ ADB។
លោក សេនាជាតិ បន្ថែមថា ដើមទុនដែលបានមកពីការបោះផ្សាយលក់បណ្ណបំណុលនេះ នឹងអនុញ្ញាតឲ្យប្រាសាក់ពង្រីកសក្ដានុពលរបស់ខ្លូនបន្ថែមទៀត ក្នុងការផ្ដល់ឥណទានជូនអតិថិជនជាប្រាក់រៀល។ លើសពីនេះ ការបោះផ្សាយលក់បណ្ណបំណុល មិនត្រឹមតែធ្វើឲ្យប្រាសាក់មានប្រភពទុនរយៈពេលវែង និងប្រភពទុនថ្មីប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងផ្ដល់នូវគុណវុឌ្ឍិយ៉ាងពេញលេញមកដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ផងដែរ។
ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បន្ថែមថា វត្តមានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ គឺជាក្រុមហ៊ុនចុះបញ្ជីទី ១១ហើយ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា និងជាក្រុមហ៊ុនទី៦ ដែលបានចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុល ហើយក្រុមហ៊ុនទាំង១១នេះ ប្រមូលទុនពីផ្សារក្នុងទំហំទឹកប្រាក់ប្រមាណ ២២៣លានដុល្លារអាមេរិក។
ឯកឧត្តម ហុង សុហួរ សង្ឃឹមថាប្រាសាក់ នឹងឈានទៅរកការបោះផ្សាយលក់ភាគហ៊ុនក្នុងពេលអនាគតផងដែរ ដើម្បីផ្ដល់ឱកាសឲ្យវិនិយោគិនជាសាធារណជន ពិសេសប្រជាជនកម្ពុជាបានចូលរួមទិញ។ ឯកឧត្តមបន្ថែមទៀតថា សម្រាប់ក្រុមហ៊ុនដែលបានចុះបញ្ជីលក់មូលបត្រមួយប្រភេទហើយ ចង់បន្តបោះផ្សាយលក់មូលបត្រមួយប្រភេទទៀត ខាងផ្សារមូលបត្រកម្ពុជា ក៏ដូចជាគណៈកម្មការមូលបត្រកម្ពុជាក៏នឹងមានបន្ធូរបន្ថយនីតិវិធីមួយចំនួនសម្រាប់ក្រុមហ៊ុនទាំងនោះផងដែរ។
លើសពីនេះទៅទៀត ឯកឧត្តម ហុង សុហួរ បានគូសបញ្ជាក់ថា ថ្វីដ្បិតតែ បញ្ហាកូវីដ-១៩ បាននិងកំពុងធ្វើឲ្យវិស័យមួយចំនួនជួបផលប៉ះពាល់ខ្លាំងក៏ពិតមែន ប៉ុន្ដែបើមើលទៅលើវិស័យមូលបត្រកម្ពុជា នៅតែបន្តបោះជំហានជាធម្មតា បើទោះបីជាការជួញដូរមានសកម្មភាពថមថយបន្តិចក្ដី។ តួយ៉ាង នៅរយៈពេល ៣សប្ដាហ៍នេះ មានក្រុមហ៊ុន៣ហើយ បានចុះបញ្ជីជាផ្លូវការនៅក្នុងផ្សារមូលបត្រកម្ពុជាជាបន្ដបន្ទាប់។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាបានអះអាងថា ដោយសារតែបញ្ហាកូវីដ-១៩ កន្លងមកនេះ ក៏មានក្រុមហ៊ុនមួយចំនួន ដែលបានស្នើសុំចុះបញ្ជីរួច បានទាក់ទងទៅលោកដើម្បីសុំពន្យារពេលចុះបញ្ជីបោះផ្សាយផងដែរ។ ឯកឧត្តម សង្កត់ធ្ងន់ទៀតថា សម្រាប់ការចុះបញ្ជីបោះផ្សាយលក់មូលបត្រនាពេលនេះ គឺឆ្លុះបង្ហាញឲ្យឃើញពីឆន្ទៈដ៏មោះមុតរបស់ក្រុមហ៊ុនចុះបញ្ជី។
ឯកឧត្តម ស៊ូ សុជាតិ ក៏បានលើកទឹកចិត្តឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ពិចារណាបន្ដបោះផ្សាយលើមូលបត្រកម្មសិទ្ធិ ឬហៅថាភាគហ៊ុនបន្ថែមទៀត នៅពេលខាងមុខ ព្រោះថា បទបញ្ញត្តិថ្មី គឺមានការសម្រួលនិតិវិធីច្រើនសម្រាប់ក្រុមហ៊ុនដែលបានបោះផ្សាយមូលបត្រម្ដងហើយ ចង់បោះផ្សាយម្ដងទៀត។
សូមបញ្ជាក់ថា ក្នុងរយៈពេល ៣សប្ដាហ៍មកនេះ ផ្សារមូលបត្រកម្ពុជាទទួលបានការចុះបញ្ជីក្រុមហ៊ុនបោះផ្សាយលក់មូលបត្របំណុលចំនួន៣ រួមមាន ធនាគារ ភីភីស៊ី ប៊ែង, ក្រុមហ៊ុន RMA Cambodia និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់៕