ថ្លែងក្នុងវេទិកាអន្តរសាសនាប្រឆាំងការជួញដួរមនុស្ស នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ក្រោយស្ថានភាពនៃការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា បានធូរស្បើយ ហើយកម្ពុជា បានបើកដំណើរការសង្គម-សេដ្ឋកិច្ច ពេញលេញឡើងវិញ សម្ដេចបានសង្កេតឃើញថា ស្ថានភាពនៃការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន ល្បែងស៊ីសង និងអំពើរខុសច្បាប់ផ្សេងៗ មានការកើនឡើងគួរឲ្យកត់សម្គាល់។ សម្ដេចបន្តថា ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា មិនអាចនៅស្ងៀមបានឡើយ ដោយសម្ដេចអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងដាច់ខាតនឹងទង្វើទុច្ចរិត ឲ្យបានព្រមៗគ្នា ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងលុបបំបាត់រាល់អំពើរខុសច្បាប់ឲ្យបានខ្លាំងក្លាប្រកបដោយប្រសិទ្ធភាព។ សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា ការអំពាវនាវរបស់សម្ដេចបែបនេះ គឺដើម្បីកុំឲ្យប្រទេសកម្ពុជា ក្លាយជាកន្លែងឧក្រិដ្ឋកម្ម កន្លែងលាងលុយ កន្លែងជួញដូរមនុស្ស និងប្រព្រឹត្តបទល្មើសផ្សេងៗ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ទោះបីបច្ចុប្បន្ន ប្រទេសកម្ពុជា ត្រូវបានចាត់ក្នុងចំណោមប្រទេសគួរព្រួយបារម្ភ ហើយបាន និងកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សក្ដី ប៉ុន្តែសម្តេចក៏បានលើកឡើងដែរថា ការជួញដូរមនុស្ស គឺមិនមែនមានតែប្រទេសកម្ពុជាទេ។ សម្តេចបានមានប្រសាសន៍ថា ឥឡូវនេះ រាជរដ្ឋាភិបាលក៏ត្រូវការចូលរួមពីគ្រប់សាសនា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងបញ្ជាក់ទៀតថា យោងតាមរបាយការណ៍អំពីករណីល្បែងស៊ីសងនៅតាមមូលដ្ឋាន មានកំណើនយ៉ាងខ្លាំង ពិសេសនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល តែម្ដង។ ជុំវិញបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាទៅកាន់កងកម្លាំងសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវធ្វើសកម្មភាពបង្ក្រាប ទប់ស្កាត់ លុបបំបាត់ឱ្យបានព្រមៗគ្នា ទើបអាចទទួលបានជោគជ័យ ដោយមិនចាំបាច់ទាល់តែមានការបញ្ជាពីសម្ដេច ឬបញ្ជាពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនោះទេ ពោលគឺអាជ្ញាធរដូចជាថ្នាក់ក្រោមជាតិហ្នឹងត្រូវតែចុះធ្វើហើយត្រូវធ្វើដូចភ្លៀងរលឹម។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញជំហរយ៉ាងមុតមាំថា តាមរយៈយុទ្ធនាការបង្ក្រាបល្បែងស៊ីសងនេះ នឹងរួមចំណែកក្នុងការកាត់បន្ថយនូវការជួញដូរមនុស្ស និងបង្កើនប្រសិទ្ធភាពដល់ការអនុវត្តគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម កាត់បន្ថយនូវបញ្ហាចាញ់ល្បែង ការបង្ខំឱ្យធ្វើការងារសងបំណុល ហិង្សានិងជម្លោះ ក្នុងគ្រួសារ ព្រមទាំងការជួញដូរមនុស្ស ជាដើម៕