ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានិង ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ឱ្យតែជិតដល់ពេលបោះឆ្នោតមកដល់ គឺតែងតែកើតមានការលួចកាប់ព្រៃឈើ ទន្ទ្រានយកដីរដ្ឋ ឬដីឯកជនរបស់អ្នកដទៃ គឺតែងតែកើតមានឡើង ជាក់ស្តែងបច្ចុប្បន្នមានការកាប់ទន្ទ្រានព្រៃឈើច្រើននៅខេត្តពោធិ៍សាត់ ដោយអភិបាលខេត្តពោធិ៍សាត់បានបញ្ជូនរឿងនេះមកឱ្យុសម្តេច ហើយក៏មានខេត្តមួយចំនួនទៀតក៏បានបញ្ជូនព័ត៌មានមកដែរថា មានក្រុមខ្លះកាប់ព្រៃសម្រាប់យកដីតែម្តង។ សម្តេច ហ៊ុន សែន បានសង្កតធ្ងន់ថា កាលណាអាជ្ញាធរធ្វើសកម្មភាពចុះបង្ក្រាប គឺគេថតយកទៅបំផ្លាញក្នុងពេលឃោសនាបោះឆ្នោតទៅវិញ។ យ៉ាងណាក៏ដោយសម្តេចតេជោ បញ្ជាឱ្យបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ហើយក៏មិនមានការយោគយល់ចំពោះអ្នកណានោះដែរ ទោះបីជាអ្នកមានអំណាចណាក៏ដោយ ហើយសម្ដេចណែនាំទៅដល់មន្រ្ដីរាជការ បើសិនមានការពាក់ព័ន្ធត្រូវដកខ្លួនចេញជាបន្ទាន់ ពីព្រោះបើរកឃើញថា មានជាប់ពាក់ព័ន្ធនោះ នឹងត្រូវអនុវត្តតាមច្បាប់ដោយមិនមានការលើកលែងឡើយ។
បើតាមសម្ដេចតេជោ ហ៊ុន សែន មានអ្នកមានលុយ មានអំណាចមួយចំនួន ដែលបានចូលរួមប្រព្រឹត្តអំពើខុសច្បាប់ទាំងនោះ តាមរយៈការជួលមនុស្សឱ្យទៅកាប់ព្រៃយកដី រួចហើយយកឈ្មោះប្រជាជនទៅពាំង រួចដល់ពេលរាជរដ្ឋាភិបាលធ្វើសម្បទានដីឱ្យប្រជាជន បែរជាដីទាំងនោះក្លាយជាកម្មសិទ្ធិរបស់ពួកអ្នកមានលុយទៅវិញ។ ការណ៍នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាទៅកាន់រដ្ឋមន្ត្រីក្រសួងបរិស្ថាន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពិសេសអាជ្ញាធរដែនដីគ្រប់ខេត្តត្រូវធ្វើកិច្ចការងារនេះឱ្យមានប្រសិទ្ធភាពបំផុត ហើយប្រសិនបើត្រូវរុះរើ គឺត្រូវរើនៅមុនពេលបោះឆ្នោតឱ្យហើយតែម្តង។ សម្តេចតេជោនៅតែបញ្ជាក់យ៉ាងដាច់អហង្ការថា មិនត្រូវថ្នាក់ថ្នមក្រុមជនខិលខូចដើម្បីការពារសន្លឹកឆ្នោតនោះឡើយ ប៉ុន្តែត្រូវការពារធនធានធម្មជាតិ ព្រៃឈើ ការពារសណ្ដាប់ធ្នាប់សង្គម គឺជាការចាំបាច់បំផុត។ ទោះយ៉ាងណា សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់ថាមិនត្រូវប្រើប្រាស់អាវុធដែលនាំឱ្យមានគ្រោះថ្នាក់នោះឡើយ គឺគ្រាន់តែទប់ស្កាត់ ហាមឃាត់ ដោយត្រូវអនុវត្តទៅតាមច្បាប់៕