សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចាំផ្ទះបានប្រកាសនៅរសៀលថ្ងៃទី២៦ ខែកក្កដា ថា សម្តេចនឹងមិនធ្វើជានាយករដ្ឋមន្ត្រីបន្តទៀតនោះទេ នៅអាណត្តិទី៧នេះ ដោយបើកផ្លូវឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេច ជាបន្ដតំណែងកំពូលមួយនេះ។ បើតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន, ឯកឧត្តម ហ៊ុន ម៉ាណែត នឹងត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីសម្រាប់រាជរដ្ឋាភិបាលថ្មីនៅថ្ងៃទី៧ ខែសីហា ពីរថ្ងៃបន្ទាប់នៃការប្រកាសលទ្ធផលឆ្នោតផ្លូវការ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៥ សីហា ហើយឯកឧត្តមនឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តទៅ។
សម្តេចតេជោបានចាត់ទុកការមិនបន្តធ្វើជានាយករដ្ឋមន្ត្រី គឺជាការលះបង់ដ៏ធំធេងជាថ្មីម្តងសម្រាប់សម្តេច បន្ទាប់ពីសម្តេចបានលះបង់យកជីវិតធ្វើជាដើមទុនក្នុងការបញ្ចប់សង្គ្រាមស៊ីវិល និងនាំសុខសន្តិភាពជូនប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូលពីរបបខ្មៅងងឹត ប៉ុល ពត។ សម្រាប់សម្តេចប្រកាសយ៉ាងកត់ក្រហល់នេះ គឺដោយសារលក្ខខណ្ឌតម្រូវឲ្យកម្ពុជាត្រូវរៀបចំរាជរដ្ឋាភិបាលថ្មីតាំងពីដើមអាណត្តិតទៅ ដើម្បីធានាភាពរលូននៃដំណើរការរបស់រាជរដ្ឋាភិបាលថ្មី ព្រោះសម្តេចជឿជាក់ថា ប្រសិនបើសម្តេចបន្តកាន់តំណែងពី១ទៅ២ឆ្នាំទៀត រួចហើយទើបប្រកាសលាលែង វាអាចធ្វើឲ្យសភាពការណ៍អស្ថិរភាពក្នុងរយៈពេលណាមួយ។
សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ការតែងតាំងឯកឧត្តម ហ៊ុន ម៉ាណែត ឲ្យធ្វើជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ មិនមែនជាផ្ទេរតំណែងដោយគ្មានការឆ្លងកាត់ការបោះឆ្នោតពីសមាជិកសមាជិការរបស់គណបក្សប្រជាជន និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រពីប្រជាពលរដ្ឋនោះដែរ។ លើសពីនេះការប្រកាសសមាសភាពនាយករដ្ឋមន្ត្រីបន្តវេនថ្មីនៅពេលនេះ ក៏ដើម្បីបញ្ចប់មន្ទិលសង្ស័យរបស់ប្រជាពលរដ្ឋ និងការវិភាគវាយប្រហារសំណាក់អ្នកមាននិន្នាការនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលផងដែរ។
បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីលាលែងពីតំណែងនាយករដ្ឋមន្ត្រី សម្តេចនឹងបន្តជីវិតនយោបាយរបស់សម្តេចជាមួយតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាសមាជិករដ្ឋសភា ជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភាជំនួសសម្តេច សាយ ឈុំ ដែលមានវ័យកាន់តែចាស់ចង់ឈប់សម្រាក។ តាមរយៈតួនាទីទាំងនេះ សបញ្ជាក់ឲ្យឃើញថា សម្តេចតេជោ នឹងឈរនៅពីក្រោយខ្នងរបស់រាជរដ្ឋាភិបាលថ្មី ដើម្បីកាច់ចង្កូតនាវាក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ ទោះយ៉ាងណាសម្តេចអះអាងថា សម្តេចនឹងមិនលូកលាន់កិច្ចការផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលថ្មីក្នុងអាណត្តិទី៧នោះទេ៕