ចាប់ពីខែមេសា កម្មករកម្មការិនី ព្យួរការងារនឹងបន្ដទទួលបានជំនួយពីរដ្ឋ

សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងពាក់ព័ន្ធដោះស្រាយបញ្ហាជូនកម្មកររោងចក្រ ដែលបានព្យួរការងារចាប់ពីខែក្រោយតទៅ


បញ្ហាអតិផរណានៅលើសកលលោក ជាពិសេសនៅអឺរ៉ុបនាពេលបច្ចុប្បន្ន បានធ្វើឱ្យការបញ្ជាទិញផលិតផលក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌកម្ពុជា ហាក់មិនទាន់បង្ហាញនូវសញ្ញាវិជ្ជមាននៅឡើយនោះទេ ដែលជំរុញឲ្យរោងចក្រមួយចំនួនត្រូវបានបិទទ្វារ និងព្យួរការងារដល់កម្មករកម្មការិនីក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ហើយបញ្ហានេះបានធ្វើឱ្យជីវភាពរបស់ពួកគេប្រឈមនឹងការលំបាក។
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យក្រសួងពាក់ព័ន្ធដោះស្រាយបញ្ហាជូនកម្មកររោងចក្រ ដែលបានព្យួរការងារចាប់ពីខែក្រោយតទៅ

ស្ថិតក្នុងស្ថានភាពនេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឲ្យរដ្ឋមន្រ្តីនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើកិច្ចអន្តរាគមន៍ជួយដោះស្រាយបញ្ហានេះ ដល់កម្មករកម្មការិនីរោងចក្រដែលត្រូវបានព្យួរការងារ ដែលត្រូវអនុវត្តចាប់ពីខែមេសាខាងមុខនេះតទៅ។

ថ្លែងក្នុ្ងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និងនិស្សិតនៃវិទ្យាស្ថានមួយ នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថាបច្ចុប្បន្ន សភាពការណ៍សេដ្ឋកិច្ចពិភពលោកមិនល្អ ទាំងនៅអាមេរិក និងជាពិសេសគឺនៅអឺរ៉ុបតែម្ដង។ ថ្វីត្បិតបញ្ហានៅពេលនេះ មិនបានធ្លាក់ចុះក្នុងបញ្ហាធ្ងន់ធ្ងរពិតមែន ប៉ុន្ដែវាបានប៉ះពាល់ខ្លាំងទៅដល់បញ្ហាអតិផរណានៅទូទាំងសកលលោក។ សម្តេចបានសង្កត់ធ្ងន់ថា ស្ថានភាពបែបនេះ បានធ្វើឱ្យការបញ្ជាទិញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ពីក្រៅប្រទេសមកកម្ពុជាត្រូវបានកាត់បន្ថយផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា សម្តេចបានទទួលរបាយការណ៍ពីសហជីពមួយ ពាក់ព័ន្ធនឹងបញ្ហារោងចក្រដែលបានព្យួរការងារមានការកើនឡើងច្រើន ដែលកម្មករកម្មការិនីបានសំណូមពរឱ្យមានការជួយអន្តរាគមន៍។ ជាមួយគ្នានេះ សម្តេចតេជោ បានបញ្ជូនបញ្ហាទាំងនេះ និងស្នើទៅឱ្យរដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងរដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាត់វិធានការដើម្បីការដោះស្រាយ និងអន្តរាគមន៍ ចំពោះបញ្ហាលំបាកនេះ ជូនដល់កម្មករកម្មការិនីដែលត្រូវបានព្យួរការងារនៅតាមរោងចក្រកាត់ដេរដែលត្រូវបានបិទទ្វារទាំងនោះ ដោយធ្វើការដោះស្រាយដូចទៅនឹងគោលការណ៍អំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ដែរ គឺរាជរដ្ឋាភិបាលជួយផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារ ហើយម្ចាស់រោងចក្រត្រូវផ្តល់ជូន ៣០ដុល្លារ ដោយចាប់ផ្តើមអនុវត្តចាប់ពីខែមេសាខាងមុខនេះ។

ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោយពីបានទទួលគោលការណ៍ណែនាំរបស់សម្តេចតេជោហើយនោះ ក្រសួងកំពុងប្រកាសដាក់អនុវត្តនូវគោលការណ៍នេះផងដែរ។ បើតាម ឯកឧត្តម ហេង សួរ គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានរោងចក្រដែលកំពុងព្យួរកិច្ចសន្យាការងារសរុបចំនួន ៧១ រោងចក្រ ដោយក្នុងនោះ មានកម្មករនិយោជិតសរុបចំនួនជាង ៣ម៉ឺន២ពាន់នាក់ ក្នុងនោះមានស្រីចំនួនជាង ២ម៉ឺន៦ពាន់នាក់។

ពាក់ព័ន្ធនឹងបញ្ហារោងចក្រកាត់ដេរនេះដែរ លោក កេន លូ អគ្គលេខាធិការសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានអះអាងកាលពីពេលថ្មីៗនេះថា កត្តាដែលធ្វើឲ្យការបញ្ជាទិញផលិតផក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌបន្តធ្លាក់ចុះ គឺដោយសារក្រុមហ៊ុនបញ្ជាទិញមិនទាន់បញ្ចេញស្តុកចាស់អស់ ក្រោយតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅតាមប្រទេសបញ្ជាទិញមានការធ្លាក់ចុះ បន្ទាប់ពីពួកគេប្រឈមនឹងវិបត្តិអតិផរណា ដែលបង្កឡើងដោយសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ក្នុងន័យនេះ លោក កេ លូ បញ្ជាក់ថា កម្មករអាចប្រឈមនឹងការកាត់បន្ថយម៉ោងការងារយ៉ាងហោចណាស់នៅរយៈពេល៦ខែ ទើបស្ថានភាពអាចប្រសើរឡើងវិញផងដែរ៕




អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញ៖ តម្លៃដឹកជញ្ជូនទំនិញពីកម្ពុជាទៅអន្តរជាតិធ្លាក់ចុះដល់កម្រិតទាបមកវិញហើយ ប៉ុន្ដែសកម្មភាពដឹកជញ្ជូនហាក់ស្ងប់ស្ងាត់

តម្លៃដឹកជញ្ជូនទំនិញនៅទូទាំងពិភពលោក រួមទាំងកម្ពុជា គិតមកដល់ដើមឆ្នាំ ២០២៣ បានថយចុះរហូតដល់ ៩០%ឯណោះ បើធៀបនឹងតម្លៃដែលធ្លាប់មានខ្ពស់កប់ព…

សភាពាណិជ្ជកម្មវៀតណាមស្នើរដ្ឋបន្តការពន្យារពេលបង់ពន្ធលើការប្រើប្រាស់ និងជួលដី ៦ខែទៀត

សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានស្នើឲ្យរដ្ឋាភិបាលពន្យាពេលបង់ ពន្ធអាករអាជីវកម្ម ដោយរួមទាំងពន្ធលើការប្រើប្រាស់និងជួលដីរយៈពេល ៦…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ