សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឡើងនាឱកាសសម្ដេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
ថ្លែងនាឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ឃើញថា ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគ នៅកាន់តែមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ បន្ទាប់ពីកម្ពុជា បានស្ដារទំនាក់ទំនងជាមួយប្រទេសកូរ៉េខាងត្បូងឡើងវិញ ហើយឆ្នាំនេះ ជាខួបលើក២០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ សម្ដេច ហ៊ុន សែន បានលើកឡើងថា រយៈពេល២ខែដំបូង ក្នុងការនាំចេញពាណិជ្ជកម្មសរុបរបស់កម្ពុជា បានកើនឡើង៣០ភាគរយ បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការនាំចេញទៅកូរ៉េវិញ បានកើនឡើងរហូត ៣៣ភាគរយ។ តាមរយៈកំណើននៃការនាំចេញនេះ សម្ដេច ហ៊ុន សែន មានក្ដីរំពឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ នឹងកាន់តែប្រសើរ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀង RCEP បានចូលជាធរមាន។
ឯកឧត្តម ផាក ហុងខ្យុង (Park Heung-kyeong) អគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ឆ្នាំនេះជាខួបលើកទី២០ហើយ ដែលកម្ពុជា និងកូរ៉េខាងត្បូង បានស្ដារទំនាក់ទំនងឡើងវិញ ។ ជាមួយគ្នានេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំំង២ បានកើនដល់ ១ពាន់លានដុល្លារ ក្នុងមួយឆ្នាំ និងមានក្រុមហ៊ុនកូរ៉េ ប្រមាណ៣០០ក្រុមហ៊ុន កំពុងវិនិយោគផ្ទាល់នៅកម្ពុជា ក្នុងវិស័យ កាត់ដេរ,ហិរញ្ញវត្ថុ,សំណង់ និងកសិកម្ម ជាដើម។ ដោយឡែក សមិទ្ធផលផ្លូវជាតិលេខ២១ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់នេះ ឯកឧត្តមអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ដែរថា វាបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសការដឹកទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្មរ ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើន។ ឯកឧត្តមក៏រំពឹងដែរថា ទៅថ្ងៃអនាគត ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ ចូលជាធរមាន សកម្មភាពពាណិជ្ជកម្ម និងវិនិយោគ នឹងកាន់តែមានភាពរស់រវើកបន្ថែមទៀត។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ២១ ច្រកទ្វារដ៏សំខាន់ក្នុងការតភ្ជាប់ជាមួយភាគីវៀតណាម ក្នុងការផ្លាស់ប្ដូរទំនិញរវាងកម្ពុជា និងប្រទេសវៀតណាម ពិសេសជាច្រកទ្វារក្នុងការដឹកជញ្ជូនផលិតផលកសិកម្មកម្ពុជា ទៅកាន់ប្រទេសវៀតណាម។ បន្ថែមលើនោះ សម្ដេចបន្តថា ផ្លូវជាតិលេខ២១នេះ ក៏ជាច្រកដ៏សំខាន់ ក្នុងការនាំយកអគ្គីសនី ពីប្រទេសវៀតណាម មកកាន់កម្ពុជា ផងដែរ ដោយសម្ដេចចាត់ទុកច្រកនេះ ជាច្រកដ៏សំខាន់ព្រោះតែច្រកនេះ មានចម្ងាយជិតជាងច្រកណា ទាំងអស់រវាងកម្ពុជា និងវៀតណាម។
សូមបញ្ជាក់ថា ផ្លូវជាតិលេខ២១ មានប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិ កម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ)។ ផ្លូវនេះ សាងសង់ដោយក្រុមហ៊ុនហានស្សីន វិស្វកម្ម និងសំណង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសដាសាន់ ដែលបានចំណាយថវិកាសាងសង់ សរុបជិត ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕