កម្ពុជាជំរុញឲ្យបង្កើនការវិនិយោគលើឧស្សាហកម្មកែច្នៃ

សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យបង្កើនការវិនិយោគលើឧស្សាហកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គូសបញ្ជាក់ថា កម្ពុជាកំពុងជំរុញឲ្យមានការវិនិយោគលើឧស្សាហកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើមដែលមានក្នុងស្រុកស្រាប់ឲ្យបានកាន់តែច្រើនថែមទៀត ពីព្រោះកម្ពុជាមានធនធានជាច្រើនសម្រាប់កែច្នៃ ដូចជា គ្រាប់ស្វាយចន្ទី ស្រូវអង្ក កៅស៊ូ និង ដំឡូងមីជាដើម ប៉ុន្ដែកម្ពុជានៅខ្វះមូលដ្ឋានបច្ចេកទេសសម្រាប់កែច្នៃលើផលិតផលទាំងនោះ។ តួយ៉ាង កម្ពុជា គឺជាប្រទេសដែលនាំចេញគ្រាប់ស្វាចន្ទីមិនទាន់កែច្នៃបានច្រើនរហូតដល់ប្រមាណ ១លានតោន ក្នុង១ឆ្នាំ ខណៈគ្រាប់ស្វាយចន្ទីដែលបានកែច្នៃរួចមានចំនួនតិចតួច។
សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យបង្កើនការវិនិយោគលើឧស្សាហកម្មកែច្នៃ ដោយប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក

នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបច្ចេកវិទ្យា និង គរុនិស្សិតបច្ចេកទេស ជ័យលាភីនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាកំពុងតែទាក់ទាញនូវអ្នកវិនិយោគ ដែលចូលមកកាន់ប្រទេសកម្ពុជា ដោយសម្តេចតែងតែប្រាប់ទៅដល់អ្នកវិនិយោគបរទេស អំពីគោលនយោបាយឧស្សាហកម្មរបស់កម្ពុជា ឱ្យផ្តោតការយកចិត្តទុកដាក់សម្រាប់ការមកវិនិយោគនៅកម្ពុជាទៅលើគោលដៅសំខាន់ គឺកម្ពុជាចង់ទាក់ទាញអ្នកវិនិយោគមកវិនិយោគលើឧស្សាហកម្មកែច្នៃ ដោយប្រើប្រាស់នូវវត្ថុធាតុដើមក្នុងស្រុកដែលកម្ពុជាមានស្រាប់។

យ៉ាងណាមិញ សម្តេចតេជោ បានអះអាងថា នៅពេលខាងមុខបើកម្ពុជាមានលទ្ធភាព កម្ពុជាអាចនឹងក្លាយទៅជាប្រទេសដែលចែកចាយផលិតផលគ្រាប់ស្វាយចន្ទីដ៏ខ្លាំងមួយផងដែរ នៅចំណោមប្រទេសខ្លាំងៗដទៃទៀត ពីព្រោះថាក្នុង១ឆ្នាំៗ កម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃបានប្រមាណ ១លានតោន ប៉ុន្ដែគ្រាប់ស្វាយចន្ទីដែលកែច្នៃរួចគឺមានចំនួនតិចតួចប៉ុណ្ណោះ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ឱ្យដឹងដែរថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី ដែលកម្ពុជាបានដាក់ចេញកាលពីពេលថ្មីៗនេះ គឺសម្រាប់សំដៅទាក់ទាញឱ្យមានការកែច្នៃគ្រាប់ស្វាយចន្ទី នៅក្នុងស្រុកឱ្យបានច្រើន ដោយសារកន្លងមក ភាគច្រើនកម្ពុជាធ្វើការនាំចេញគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃរួចទៅកាន់ប្រទេសវៀតណាម ខណៈកម្ពុជា គឺមានវត្ថុធាតុដើមហើយ ក៏ប៉ុន្តែការកែច្នៃនៅមិនទាន់មានច្រើននៅឡើយ។

សម្តេច ក៏បានសង្កត់ធ្ងន់ដែរថា ការវិនិយោគលើឧស្សាហកម្មកែច្នៃនេះ គឺជាចំណុចសំខាន់មួយដែលអាចកែច្នៃវត្ថុធាតុដើមក្នុងស្រុក ដែលមានស្រាប់ផង និងអាចបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ ក៏ដូចជាការបង្កើតបាននូវតម្លៃបន្ថែមសម្រាប់ខ្សែចង្វាក់ផលិតកម្មរបស់កម្ពុជាផងដែរ ពីព្រោះកម្ពុជាមានវត្ថុធាតុដើមជាច្រើន ដូចជា ស្រួវអង្ករ គ្រាប់ស្វាយចន្ទី កៅស៊ូ និង ដំឡូងមីជាដើម។

ពាក់ព័ន្ធនឹងខ្សែចង្វាក់ផលិតកម្មស្វាយចន្ទីនេះដែរ សមាគមស្វាយចន្ទីកម្ពុជា បានដឹកនាំប្រតិភូចូលរួមក្នុងពិធីបុណ្យចន្ទីប្រចាំឆ្នាំនៅប្រទេសវៀតណាមលើកទី១២ កាលពីថ្ងៃទី២៦ ខែកុម្ភៈនេះ ដោយក្នុងឱកាសនោះ ថ្នាក់ដឹកនាំសមាគមស្វាយចន្ទីកម្ពុជា ក៏បានដឹកនាំក្រុមហ៊ុនលក់ទិញគ្រាប់ឆៅ និងក្រុមហ៊ុនកែច្នៃ ដើម្បីចុះអនុស្សារណៈយោគយល់រវាង សមាគមស្វាយចន្ទីកម្ពុជា និង សមាគមស្វាយចន្ទីវៀតណាម ក្នុងការទិញលក់គ្រាប់ឆៅត្រង់ទៅក្រុមហ៊ុនកែច្នៃរបស់វៀតណាម ដើម្បីកាត់បន្ថយការទិញតាមរយៈឈ្មួញកណ្តាលផងដែរ ដោយសារតែកម្ពុជាមានរោងចក្រកែច្នៃតិច ទើបត្រូវការការបញ្ជាទិញគ្រាប់ស្វាយចន្ទីឆៅពីវៀតណាមយ៉ាងដូច្នេះ៕




អត្ថបទបន្ទាប់


ធនាគារ អុឹមប៊ី (ខេមបូឌា) រៀបចំពិធីសម្ពោធជាផ្លូវការ ក្លាយជាធនាគារពាណិជ្ជនៅកម្ពុជា

ធនាគារ MB Bank (Cambodia) Plc. ឬជាភាសាអង់គ្លេស MBCambodia បានរៀបចំពិធីសម្ពោធជាផ្លូវការ នៅថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្នុងការក្លាយ…

ក្រុមហ៊ុនផលិតរថយន្តធំៗរបស់អាល្លឺម៉ង់បង្ហាញបំណងចង់បង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជា

ប្រមុខដឹកនាំដឹករាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា មានក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ មួយចំនួនបានបង្ហាញបំណងចង់វិនិយោគក្នុងវិស័យឧស្សាហកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ