បច្ចេកវិទ្យា-នវានុវត្តន៍

ការប្រកាស​ម្ចាស់​ជ័យ​លាភី​ប្រចាំ​កម្មវិធី​តិចណូវេសិន​កម្ពុជា​ឆ្នាំ២០២១


ក្រុមយុវតីសរុបចំនួន ២៥ក្រុម ដែលមានអាយុចន្លោះពី ១០ ទៅដល់ ១៨ឆ្នាំ កំពុងតែកសាងអនាគតដោយប្រើប្រាស់បច្ចេកវិទ្យា។ កម្មវិធី «តិចណូវេសិនក្លូបល» (Technovation Global) គឺ ជាកម្មវិធីបច្ចេកវិទ្យានិងសហគ្រិនភាពខ្នាតអន្តរជាតិធំជាងគេបំផុតនៅលើសកលលោក ដែលលើកកម្ពស់ និង ផ្តល់ ឱកាសឲ្យយុវតីក្នុងការកំណត់បញ្ហាដែលកើតមានជាក់ស្តែងនៅក្នុងសហគមន៍ របស់ពួកគេ និង ដោះស្រាយ បញ្ហានោះដោយបង្កើតនូវកម្មវិធីទូរស័ព្ទដៃតាមរយៈកម្មសិក្សាបច្ចេកវិទ្យា ។
ដោយ

ដើម្បីចូលរួមកម្មវិធី «តិចណូវេសិនក្លូបល» យុវតីទាំង ២៥ក្រុមត្រូវដាក់ពាក្យចូលរួមកម្មវិធីថ្នាក់ជាតិ «តិចណូវេសិនកម្ពុជា២០២១» ដែលបានរៀបចំដោយ សហគ្រិនខ្មែរ, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង Tech for Kids ហើយបានទទួលការគាំទ្រ និង មានការយកចិត្តទុកដាក់ជាពិសេស ពី ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង រដ្ឋលេខាធិការប្រចាំការ នៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ មកទល់ពេលនេះ «តិចណូវេសិនកម្ពុជា» មានវត្តមាននៅកម្ពុជាជាង៧ឆ្នាំមកហើយ។

ក្នុងចំណោមក្រុមដែលបានបញ្ចប់កិច្ចការរបស់ខ្លួនរួចរាល់ទាំង ២៥ក្រុម គឺមានតែ១០ក្រុមតែប៉ុណ្ណោះដែល មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមការប្រកួតថ្នាក់ជាតិ «តិចណូវេសិនកម្ពុជា២០២១»។ កម្មវិធីនេះបានកៀរគរទឹកប្រាក់ចំនួន ៥,០០០,០០០រៀល ជារង្វាន់ដល់ក្រុមដែលបានឈ្នះ និង លើកទឹកចិត្តដល់ក្រុមដែលបានចូលរួមប្រកួត។ 

ក្រុមនីមួយៗបានខំប្រឹងប្រែងសិក្សាពីការបង្កើតឡើងនូវគំនិតថ្មី និង ការសរសេរកូដអស់រយៈពេល ១២សប្តាហ៍ ដើម្បីត្រៀមខ្លួនចូលធ្វើបទបង្ហាញ នៅកម្មវិធីថ្នាក់ជាតិ ។ កម្មវីធី «តិចណូវេសិនកម្ពុជា២០២១» ទទួលបានក្រុមជ័យលាភី មកពី រាជធានីភ្នំពេញ ខេត្តបាត់ដំបង  និង ខេត្តកំពង់ចាម ។

តាមរយៈសម្រង់ប្រសាសន៍របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “ការអាចឈានជើងចូលប្រកួតកម្រិតថ្នាក់អន្តរជាតិឆ្លុះបញ្ចាំងឲ្យឃើញថា បច្ចុប្បន្នក្រុមនារីវ័យក្មេងកម្ពុជាក៏មានសមត្ថភាពក្នុងបច្ចេកវិទ្យា និងធុរកិច្ចមិនចាញ់បរទេសឡើយ បូករួមជាមួយនឹងកិច្ចខំប្រឹងប្រែងក្នុងការណែនាំ និងលើកទឹកចិត្តពីសំណាក់គ្រូបង្គោលនានា ខ្ញុំសង្ឃឹមថាកុមារីនានាពិតជាអាចយកជ័យលាភីត្រឡប់មកកម្ពុជាវិញបាន” ។ 

ឯកឧត្តម បណ្ឌិត សភាចារ្យ ក៏បានបន្តថា “សិស្សានុសិស្សដែលបានខិតខំប្រឹងប្រែងចូលរួមកម្មវិធីតិចណូវេសិននេះ ព្រមទាំងព្យាយាមដុះខាត់សមត្ថភាពឲ្យក្លាយជាធនធានដ៏មានតម្លៃដែលចាំបាច់សម្រាប់សង្គមជាតិជាពិសេសសម្រាប់ខ្លួននៅយុគសម័យបច្ចេវិទ្យា (Digital) និងត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០” ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយបានឃើញអំពីការរីកដុះដាលនៃនិន្នាការនៅក្នុងចំណោមក្រុមយុវជនវ័យក្មេងជាពិសេសយុវតី ដែលបានចូលរួមយ៉ាងសកម្មក្នុងការសែ្វងរកនវានុវត្តន៍ថ្មី និងការបង្កើតនូវបច្ចេកវិទ្យាថ្មី។ សហគ្រិនខ្មែរ ដែលជាយន្តការមួយនៃការអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព សម្រាប់សេដ្ឋកិច្ចឌីជីថលក្នុងពេលខាងមុខនេះ នឹងបន្ត គាំទ្រលើកិច្ចអភិវឌ្ឍទេពកោសល្យរបស់យុវជនវ័យក្មេង ក្នុងនោះជាពិសេសគឺយុវតីសហគ្រិន ដែលប្រាថ្នាចង់ក្លាយជា អ្នកជំនាញលើវិស័យបច្ចេកវិទ្យា និងការបង្កើតគំរូអាជីវកម្មថ្មីៗ។ សហគ្រិនខ្មែរមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជ្រោមជ្រែង ចំពោះកិច្ចខំប្រឹងប្រែងរបស់ក្រុមយុវតី ដែលមានគំនិតភ្លឺស្វាង ដើម្បីនាំឱ្យពួកគេអាចបង្ហាញពីទេពកោសល្យ និង សមត្ថភាពរបស់ខ្លួននៅលើឆាកពិភពលោកក្នុងវិស័យព័ត៌មានវិទ្យា ទូរគមនាគមន៍ និងបច្ចេកវិទ្យានេះ។”

«តិចណូវេសិនកម្ពុជា២០២១» ត្រូវបានរៀបចំ ឡើងដោយ សហគ្រិនខ្មែរ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និង Tech for Kids Academy ដោយមានការគាំទ្រពី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងអប់រំ យុវជន និងកីឡា។ «តិចណូវេសិនកម្ពុជា២០២១» ក៏បានទទួលការឧបត្ថម្ភធំពី សហគ្រិនខ្មែរ និង សហការឧបត្ថម្ភដោយក្រុមហ៊ុន FactSet។ ទោះបីជាមាន ១០ក្រុមដែលត្រូវបានជ្រើសរើសពីថ្នាក់ជាតិសម្រាប់ការប្រកួត Technovation Global Submitក៏ដោយ ក្នុងការប្រកួតជម្រុះជុំចុងក្រោយខ្នាតអន្តរជាតិ ដែលនឹងរៀបចំឡើងតាមអនឡាញពីសហរដ្ឋអាមេរិក ក៏ក្រុមដែលមិនបានទទួលការជ្រើសរើសនៅតែមានសិទ្ធប្រកួតបន្តនៅក្នុងកម្មវិធីនេះដែរ ៕ 




អត្ថបទបន្ទាប់


ធ្វើ​ម៉េច​បាន​«កាតនិម្មិត»អេស៊ីលីដា យក​ទៅ​ប្រើប្រាស់​សម្រាប់ Boost Page ?

ព័ត៌មាន
ឥឡូវនេះ អតិថិជន​ធនាគារ អេស៊ីលីដា អាចបង្កើត​«ប័ណ្ណនិម្មិត» ឬ Virtual Card បាន​ដោយ​ខ្លួន​ឯង​ភ្លាមៗ ដោយ​ឥត​គិត​ថ្លៃ នៅតាម​ម៉ាស៊ីន​ អេ…

ពិតជាអស្ចារ្យ ! ទូរស័ព្ទ​គ្មាន​សេវា​អ៊ីនធើណែត​ក៏​អាច​ទទួលការ​​ទូទាត់​តាម​ ឃ្យូអរកូដ​ បានដែរ ជាមួយ អេស៊ីលីដា​ម៉ូបាល

ព័ត៌មាន
ជាដំណឹងល្អ! ចាប់​ពីពេល​នេះ​តទៅ អតិថិជន​របស់​ធនាគារ អេស៊ីលីដា ដែល​ប្រើប្រាស់​អេស៊ីលីដាម៉ូបាល គឺ​លែងខ្វាយខ្វល់​រឿង​ថា តើ​មាន​សេវា​អ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ