ដីកានេះ ក៏បានបង្កើតជាភាពស្មុគស្មាញក្នុងដំណើរការស្វែងរកសន្តិភាពនៅអ៊ុយក្រែនផងដែរ។ រុស្ស៊ី ដែលមិនមែនជាសមាជិករបស់ ICC បានច្រានចោលការចំពោះចោទប្រកាន់នេះ និងចាត់ទុកការចោទប្រកាន់នេះថា មិនអាចទទួលបានយកបានជាដាច់ខាត។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បានចេញផ្សាយអត្ថបទមួយតាមប្រព័ន្ធតេឡេក្រាម ដោយបានគូសបញ្ជាក់ពីការយល់ឃើញរបស់សម្តេចជុំវិញការចេញដីការបស់តុលាព្រហ្មទណ្ឌអន្តរជាតិឲ្យចាប់ខ្លួនលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន។ តាមរយៈដីកានេះសម្តេចតេជោឲ្យពិភពលោកមានការប្រុងប្រយ័ត្នចំពោះសង្គ្រាមនុយក្លេអ៊ែរ ដែលអាចកើតមាន ដ្បិតដីកានេះវាបានដុតកំហឹងកាន់តែខ្លាំងសម្រាប់ទីក្រុងម៉ូស្គូ ដែលចាត់ទុកការចោទប្រកាន់របស់ ICC ជាការចោទប្រកាន់មិនអាចទទួលយកបានជាដាច់ខាត។
សម្រាប់សម្តេចតេជោ ហ៊ុន សែន ការចោទប្រកាន់របស់ ICC លើលោកប្រធានាធិបតីពូទីននេះគឺជាការវិវត្តន៍ផ្នែកនយោបាយមួយគួរឱ្យភ្ញាក់ផ្អើល ដោយមានផលប៉ះពាល់ទៅលើភូមិសាស្ត្រនយោបាយយ៉ាងទូលំទូលាយនៅក្នុងទ្វីបអឺរ៉ុប និងពិភពលោក ហើយរឿងនេះមិនមែនជារឿងឧក្រិដ្ឋកម្មសង្គ្រាមនោះទេ។ ហើយដីកានេះ ក៏នឹងធ្វើឱ្យមានភាពស្មុគស្មាញដល់ដំណើរការស្វែងរកសន្តិភាពក្នុងសង្គ្រាមអ៊ុយក្រែន ពិសេសមុនពេលលោកប្រធានាធិបតីចិន Xi Jinping នឹងបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ ដែលត្រូវបានគេរំពឹងថា លោកនឹងជួយសម្រុះសម្រួលដើម្បីសន្តិភាព។ សម្តេចបានគូសបញ្ជាក់បន្ថែមថា ប្រទេសចិនខ្លួឯងក៏ត្រូវបានគេចោទប្រកាន់ពីបទប្រល័យពូជសាសន៍នៅស៊ីនជាំង។ តើលោក ពូទីន អាចចរចាសន្តិភាពបានដោយរបៀបណានៅពេលដែលភាគីម្ខាងទៀតគំរាមចាប់ខ្លួនគាត់?
បច្ចុប្បន្ននេះមានប្រទេសចំនួន១២៣ ជាសមាជិកនៃ ICC ខណៈដែលប្រទេសធំៗដូចជា អាមេរិក រុស្ស៊ី ឥណ្ឌា និងចិនមិនបានចូលជាសមាជិកនោះទេ។ រីឯលោកប្រធានាធិបតី Duterte បានដកសមាជិកភាពរបស់ហ្វីលីពីនចេញពី ICC ក្នុងឆ្នាំ២០១៩។ ដូច្នេះ ICC មិនមានអំណាចក្នុងការចាប់ខ្លួនជនសង្ស័យណាមួយដោយគ្មានកិច្ចសហការពីរដ្ឋាភិបាលរបស់សាមីប្រទេសបាននោះទេ។ ផ្ទុយទៅវិញការចេញដីកាចាប់ខ្លួនរបស់ ICC នេះនឹងធ្វើឲ្យពិភពលោកកាន់តែបែកបាក់នៅពេលដែលពិភពលោកត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាសកលរួម ដូចជាការប្រែប្រួលអាកាសធាតុ និងជំងឺឆ្លង។ លើសពីនេះ ដីកាចាប់ខ្លួនរបស់ ICC នេះ វាអាចនឹងធ្វើឲ្យផ្ទុះសង្គ្រាមនុយក្លេអ៊ែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កន្លងមកសម្តេចមិនដែលជឿថា សង្គ្រាមនុយក្លេអ៊ែរនឹងកើតឡើងនោះទេ បើទោះបីជាមានការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរក៏ដោយ ហើយសម្តេចតែងតែលើកទឹកចិត្តភាគីទាំងអស់ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងកាត់បន្ថយការនិយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ប៉ុន្តែឥឡូវនេះមានប្រតិកម្មហួសជ្រុលពីសំណាក់ភាគីម្ខាងទៀត ក្នុងទម្រង់ជាដីកាចាប់ខ្លួនប្រធានាធិបតី ពូទីន ដែលជាមនុស្សតែម្នាក់គត់មានសិទ្ធិបញ្ជាក្នុងការបាញ់អាវុធនុយក្លេអ៊ែរ និងជាមេដឹកនាំប្រទេសមហាអំណាចនុយក្លេអ៊ែរ ដែលមានអាវុធនុយក្លេអ៊ែររាប់ពាន់គ្រាប់។
សម្តេចតេជោបានលើកជាសំណួរថា តើលោក ពូទីនសុខចិត្តឲ្យគេចាប់ខ្លួនដោយមិនបានតទល់ឬយ៉ាងណា? ប្រសិនបើលោក ពូទីន ត្រូវបានគេចាប់ខ្លួននៅក្រៅប្រទេស តើអ្នកទទួលខុសត្រូវនៅក្នុងប្រទេសសុខចិត្តឲ្យគេចាប់ប្រធានាធិបតីរបស់ខ្លួនឬទេ? សម្រាប់សម្តេច ចំណុចនេះហើយ គឺជាចំណុចដែលឥឡូវនេះសង្គ្រាមនុយក្លេអ៊ែរស្ទើរតែក្លាយទៅជាការពិតទៅហើយ។ ការគំរាមកំហែងណាមួយទៅលើ ពូទីន ច្បាស់ណាស់ថាសង្គ្រាមនុយក្លេអ៊ែរនឹងផ្ទុះ ហើយនឹងចាប់ផ្តើមនៅក្នុងតំបន់អឺរ៉ុបតែម្តង ហើយអ្នកដែលគ្រោះថ្នាក់ប្រហែលជារាប់ទាំងទីស្នាក់ការរបស់ ICC ក៏មិនដឹង ព្រោះប្រតិបត្តិការនុយក្លេអ៊ែរមិនមែនត្រឹម២០-៣០គីឡូម៉ែត្រនោះទេ គឺច្រើនរហូតដល់រាប់ពាន់គីឡូម៉ែត្រ៕