ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានអំពាវនាវឲ្យសហភាពអឺរ៉ុបលើកកម្ពស់សមត្ថភាពការពារអឺរ៉ុបនេះឱ្យបានរឹងមាំ និងត្រូវចេះរួមរួមគ្នាជាធ្លុងមួយ។ ជាពិសេសត្រូវការពារយ៉ាងណាកុំឱ្យទ្វីបនេះក្លាយជាទ្វីបរណបរបស់សហរដ្ឋអាម៉េរិក ពោលគឺអឺរ៉ុបគួរតែមានចក្ខុវិស័យសម្រាប់អឺរ៉ុបដ៏រឹងមាំនៅលើឆាកអន្តរជាតិ។
លោក ម៉ាក្រុង បាននិយាយនៅក្នុងសុន្ទរកថា នៅឯសាកលវិទ្យាល័យ ស័បោន (Sorbonne) ក្នុងទីក្រុងប៉ារីសថា សហភាពអឺរ៉ុបអាចស្លាប់ ហើយសហភាពអឺរ៉ុបក៏កំពុងមានហានិភ័យផងដែររាប់ចាប់តាំងពីយោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសម្ពាធផ្សេងៗ ដែលអាចធ្វើឲ្យប្រជាជាតិទាំង២៧នៅអឺរ៉ុបរងការរង្គោះរង្គើ។
ពាក់ព័ន្ធបញ្ហាសង្គ្រាមនៅអ៊ុយក្រែន លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា រុស្ស៊ីមិនត្រូវឱ្យឈ្នះសង្គ្រាមនៅអ៊ុយក្រែននោះទេ ដោយលោកអំពាវនាវឱ្យមានការបង្កើនសមត្ថភាពសន្តិសុខអ៊ីនធឺណិតរបស់អឺរ៉ុប ទំនាក់ទំនងការពារជាតិ កាន់តែជិតស្និទ្ធជាមួយចក្រភពអង់គ្លេស និងការបង្កើតបណ្ឌិតសភាយោធាអឺរ៉ុប ដើម្បីបណ្តុះបណ្តាលបុគ្គលិកយោធាជាន់ខ្ពស់។
លោកប្រធានាធិបតីបារាំងវ័យក្មេងរូបនេះ បានជំរុញឲ្យសហភាពអឺរ៉ុបលើកកម្ពស់លើការវិនិយោគសមត្ថភាពយោធា និងផលិតកម្មអាវុធ ជំរុញការធ្វើពាណិជ្ជកម្ម និងពង្រីកសក្តានុពលសេដ្ឋកិច្ច ជាពិសេស គឺពង្រឹងភាពប្រកួតប្រជែង ខណៈដែលពិភពលោកកំពុងតែស្ថិតនៅក្នុងស្ថានភាពនៃការប្រឈមមុខខាងភូមិសាស្ត្រនយោបាយសំខាន់ៗ រួមទាំងសង្គ្រាមនៅហ្គាហ្សា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន និងភាពតានតឹងរវាងចិន និងអាម៉េរិកនៅតែក្តៅគគុក៕
ដោយៈ សរ សុជាតិ